
លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសអង្គការ WHO ធ្វើកាយវិការនៅក្នុងអំឡុងបទសម្ភាស ១ ជាមួយសារព័ត៌មាន AFP នាពេលកន្លងទៅ។
កាលពីថ្ងៃចន្ទកន្លងទៅ អង្គការសុខភាពពិភពលោក WHO បានធ្វើចំណាត់ថ្នាក់វ៉ារ៉្យង់ ដែលត្រូវបានគេប្រទះឃើញដំបូងបង្អស់នៅក្នុងប្រទេសឥណ្ឌាថា ជាប្រភេទគួរឱ្យបារម្ភ ហើយបើយោងតាមការសិក្សាជាបឋម វ៉ារ៉្យង់នេះ មានសមត្ថភាពចម្លងខ្លាំងជាងវ៉ារ្យង់ដទៃទៀត។
ទោះយ៉ាងណាក្ដី អង្គការ WHO នៅមិនទាន់បានរាយការណ៍អំពីភ័ស្តុតាងណាមួយ ដែលបង្ហាញថា វ៉ាក់សាំងដែលបានអនុញ្ញាតបច្ចុប្បន្ននឹងមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ៉្យង់នេះ ឬយ៉ាងណានៅឡើយ។
កាលពីសប្តាហ៍មុនអង្គការ WHO បានចាត់ថ្នាក់វ៉ារ៉្យង់ថ្មីនេះថា «មានលក្ខណៈខុសប្លែក និងគួរឱ្យចាប់អារម្មណ៍» ហើយត្រូវការសិក្សាបន្ថែមទៀត ដើម្បីយល់ច្បាស់ពីតួនាទីរបស់វា។ ប៉ុន្តែ ការដាក់ចំណាត់ថ្នាក់វ៉ារ៉្យង់នេះថា «គួរឱ្យព្រួយបារម្ភ» នេះ មានន័យថា វ៉ារ៉្យង់នេះមានលក្ខណៈធ្ងន់ធ្ងរ ឬមានភាពធន់នឹងវ៉ាក់សាំង និងការព្យាបាល ដែលអនុវត្តនាពេលបច្ចុប្បន្ន។ នេះបើយោងតាមអង្គការ WHO។
ជាមួយគ្នានេះដែរ កាលពីថ្ងៃសុក្រសប្ដាហ៍មុន អ្នកវិទ្យាសាស្ត្រអង់គ្លេសក៏បានប្រកាសថា វ៉ារ៉្យង់នេះជាប្រភេទ «គួរឱ្យព្រួយបារម្ភ» ដូចគ្នា ដែលមិនត្រឹមតែអាចបង្កអន្តរាយដល់ប្រទេសឥណ្ឌា និងបណ្ដាប្រទេស ដែលធ្លាប់មានករណីនេះនោះទេ តែក៏អាចធ្វើឱ្យអន្តរាយដល់ពិភពលោកទាំងមូលថែមទៀតផង។
បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោកកំពុងសិក្សាអំពីវ៉ារ្យ៉ង់ B.1.617 ដើម្បីព្យាយាមស្វែងរកចំណុចខ្លាំងរបស់វ៉ារ៉្យង់ ដែលបានរីករាលដាលយ៉ាងខ្លាំងនៅប្រទេសឥណ្ឌា។ វ៉ារ្យ៉ង់នេះផងដែរ ក៏បានរីករាលដាលដល់ប្រទេសជាង ៣០ រួចទៅហើយ ដែលក្នុងនោះរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងជប៉ុនជាដើម។
វ៉ារ្យ៉ង់នេះ គឺជាប្រភេទទី៤ ហើយដែលអង្គការ WHO ចាត់ទុកជាវ៉ារ៉្យង់ ដែលមានហានិភ័យខ្ពស់ ក្រៅពីវ៉ារ្យ៉ង់ B.1.1.7 ដែលត្រូវបានគេរកឃើញដំបូងនៅភាគនិរតីអង់គ្លេសវ៉ារ៉្យង់ B.1.35 ត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង និងវ៉ារ្យ៉ង់ P.1 ត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវនៅប្រេស៊ីល។
យ៉ាងណាមិញ អង្គការ WHO មិនបានណែនាំចាំបាច់ឱ្យមានការបិទព្រំដែនទេ ប៉ុន្តែប្រទេសនីមួយត្រូវតែធ្វើការវាយតម្លៃ និងសិក្សាឱ្យបានល្អិតល្អន់មុននឹងសម្រេចបិទចៀសវាងការរំខានដល់ការធ្វើដំណើរជាសកល។
ប៉ុន្តែការប្រកាសមិនច្បាស់ការណ៍របស់អង្គការ WHO អាចនឹងកាត់ផ្ដាច់ប្រទេសឥណ្ឌា ពីពិភពលោក។ តួយ៉ាងមានប្រទេសជាច្រើនបានធ្វើចំណាត់ការដោយខ្លួនឯង រួមមានទាំងការដាក់កម្រិតការធ្វើដំណើរទៅប្រទេសណា ដែលមានវ៉ារ៉្យង់ថ្មីនេះនៅទីនោះ។
វ៉ារ្យ៉ង់ B.1.617 មានការផ្លាស់ប្តូរ ១៣ លើកមកហើយ ដោយការវិវត្ត ២ ដងមកនោះមានលក្ខណៈស្រដៀងទៅនឹងវ៉ារ្យ៉ង់ផ្សេងទៀតផងដែរ។ លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសអង្គការ WHO បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «ប្រសិនបើយើងនិយាយអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវ៉ារ៉្យង់ B.1.617 នេះ យើងនៅកំពុងរង់ចាំការសិក្សាមួយ ដែលថាវ៉ារ៉្យង់នេះអាចកាត់បន្ថយប្រសិទ្ធភាពរបស់វ៉ាក់សាំងមួយកម្រិត»។
យ៉ាងណាមិញ លោកស្រីមិនបានរាយការណ៍ពីការរកឃើញណាមួយ ដែលអាចបញ្ជាក់ថា វ៉ាក់សាំងដែលត្រូវបានអនុញ្ញាតឱ្យប្រើបច្ចុប្បន្ន មានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យង់បានប៉ុនណានោះទេ។
លោកវេជ្ជបណ្ឌិត Swaminathan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ «អ្វីដែលយើងដឹងឥឡូវនេះ គឺថាថ្នាំវ៉ាក់សាំងមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវ៉ារ៉្យង់ផ្សេងៗ។ ដូច្នេះហើយ មិនចាំបាច់ត្រូវផ្លាស់ប្តូរវ៉ាក់សាំងអ្វីនោះទេ»។
លោក Ravindra Gupta អ្នកឯកទេសខាងអតិសុខុមជីវសាស្ត្រ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University of Cambridge បាននិយាយថា៖ «វ៉ារ៉្យង់ថ្មីនេះអាចរីករាលដាលដល់មនុស្សមួយចំនួន ដែលធ្លាប់មានកូវីដពីមុនមក ឬធ្លាប់បានចាក់វ៉ាក់សាំងហើយ។ ប្រសិនបើ វាក្លាយជាករណីបែបនេះ វ៉ាក់សាំងក៏នៅតែអាចការពារមនុស្សពីករណីធ្ងន់ធ្ងរនៃជំងឺនេះបានដែរ។ ប៉ុន្តែ បុគ្គលដែលចាក់វ៉ាក់សាំងរួចនៅតែមានប្រព័ន្ធភាពស៊ាំខ្លាំងប្រឆាំងនឹងវ៉ារ៉្យង់នេះជាងបុគ្គលធម្មតា»៕