កាលពីថ្ងៃចន្ទ ទី ១៤ ខែធ្នូ អង្គបោះឆ្នោត (Electoral College) បានជួបប្រជុំគ្នាហើយបានបោះឆ្នោត ៣០៦-២៣២ បញ្ជាក់ជាផ្លូវការថា លោក Joe Biden បានឈ្នះការបោះឆ្នោត ៣ វិច្ឆិកា ហើយ នឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦។
ការជួបប្រជុំអង្គបោះឆ្នោត គឺធ្វើទៅតាមរដ្ឋនីមួយៗ និងរដ្ឋធានីវ៉ាស៊ីនតោន ដោយបានចាប់ផ្ដើមនៅម៉ោង ១០ ព្រឹក នៅរដ្ឋ Vermont និងរដ្ឋ New Hampshire ដែលអង្គបោះឆ្នោតបានជួបជុំគ្នានៅក្នុងអគារសភារបស់រដ្ឋ និងបានផ្ដល់សំឡេងឆ្នោតទាំងអស់របស់ពួកគេដល់លោក Joe Biden។
ក្រោយមករដ្ឋសំខាន់ៗ ដែលលោក Donald Trump បានដាក់ពាក្យបណ្ដឹងតវ៉ាលទ្ធផលឆ្នោតដូចជា Arizona, Georgia, Michigan, Nevada, Pennsylvania, និង Wisconsin បានផ្ដល់សំឡេងឆ្នោតពួកគេទាំងអស់ឱ្យលោក Biden។
ដល់ពេលរសៀលរដ្ឋ California បានផ្ដល់សំឡេងទាំង ៥៥ របស់ពួកគេទៅកាន់លោក Biden ដែលធ្វើឱ្យលោកឆ្លងផុតចំណុចសំឡេង ២៧០ ដែលត្រូវការសម្រាប់ទទួលជ័យជម្នះ។ រដ្ឋ Hawaii គឺជារដ្ឋក្រោយគេដែលបានធ្វើការប្រជុំដោយរដ្ឋនេះបានផ្ដល់សំឡេងទាំង ៤ របស់ពួកគេឱ្យលោក Biden បង្គ្រប់សំឡេង ៣០៦ ដូចការព្យាករតាំងពីដើមខែវិច្ឆិកា។
ក្រោយពីចេញលទ្ធផលនេះ លោក Biden បានធ្វើការថ្លែងសុន្ទរកថា នៅឯរដ្ឋ Delaware ថា៖ «ជាថ្មីម្ដងទៀតនៅអាមេរិក ច្បាប់នីតិរដ្ឋ រដ្ឋធម្មនុញ្ញរបស់យើង និងឆន្ទៈរបស់ប្រជាជនបានយកឈ្នះ។ លទ្ធិប្រជាធិបតេយ្យរបស់យើង ដែលត្រូវគេបានរុញច្រាន សាកល្បង និងគំរាមកំហែងបានបង្ហាញថា នៅមានភាពធន់ ត្រង់និងរឹងមាំ»។
លោក Biden ក៏បាននិយាយថា៖ «ដូចដែលខ្ញុំបាននិយាយក្នុងយុទ្ធនាការបោះឆ្នោតនេះ ខ្ញុំនឹងក្លាយជាប្រធានាធិបតីសម្រាប់ប្រជាជនអាមេរិកទាំងអស់។ ខ្ញុំនឹងខិតខំធ្វើការជូនអ្នកដែលមិនបានបោះឆ្នោតឱ្យខ្ញុំ ដូចខ្ញុំនឹងធ្វើសម្រាប់អ្នកបានបោះឆ្នោតឱ្យខ្ញុំ»។
លោក Biden ក៏បានកត់សម្គាល់ការបរាជ័យរបស់លោក Trump នៅតុលាការកំពូលដោយបាននិយាយថា៖ «សកម្មភាពផ្លូវច្បាប់នេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីជាប់ឆ្នោត និងរដ្ឋមួយក្រុម ដើម្បីព្យាយាមធ្វើឱ្យតុលាការកំពូលលុបចោលសំឡេងឆ្នោតរបស់ប្រជាជនអាមេរិកជាង ២០ លាននាក់ នៅរដ្ឋផ្សេងទៀត និងប្រគល់តំណែងប្រធានាធិបតីទៅបេក្ខជនដែលបានចាញ់ Electoral College បានចាញ់ការបោះឆ្នោតប្រជាប្រិយ និងរដ្ឋនីមួយៗ ដែលពួកគេព្យាយាមត្រឡប់លទ្ធផលបោះឆ្នោត។ នេះគឺជាជំហរជ្រុលនិយម ហើយមិនដែលមានពីមុនមក។ គួរឱ្យអរគុណ តុលាការកំពូលជាឯកច្ឆន្ទបានច្រានចោលកិច្ចខិតខំប្រឹងប្រែងនេះ ភ្លាមៗ និងទាំងស្រុង»។
លោកបានបន្តទៀតថា៖ «យើង ប្រជាជនយើងបានបោះឆ្នោត ដោយមានជំនឿលើស្ថាប័នរបស់យើង។ ភាពត្រឹមត្រូវនៃការបោះឆ្នោតរបស់យើង គឺរក្សានៅដដែល។ ដូច្នេះហើយឥឡូវនេះដល់ពេលដែលត្រូវបើកទំព័រថ្មីហើយ ដើម្បីបង្រួបបង្រួម ដើម្បីព្យាបាល»។
លោក Trump តាំងពីថ្ងៃចេញលទ្ធផលបឋមបានប្រកាន់យកជំហរថា លោកបានឈ្នះការបោះឆ្នោតនេះ ហើយបានធ្វើការចោទប្រកាន់ដោយមិនមានភ័ស្តុតាងថា បក្សប្រជាធិបតេយ្យបានលួចជ័យជម្នះរបស់លោកតាមរយៈការក្លែងសន្លឹកឆ្នោតផ្ញើតាមប្រអប់សំបុត្រ។
ក្រុមមេធាវីលោក Trump និងសមាជិកបក្សសាធារណរដ្ឋបានដាក់ពាក្យបណ្ដឹងតវ៉ាលទ្ធផលការបោះឆ្នោតជាង ៤០ នៅរដ្ឋសំខាន់ៗ ចំនួន ៦ តែបានទទួលបរាជ័យសឹងទាំងអស់។ កាលពីសុក្រ ទី ១១ តុលាការកំពូលអាមេរិកបានច្រានចោលពាក្យបណ្ដឹងតវ៉ាឱ្យពន្យារការជួបប្រជុំនៅរដ្ឋទាំង ៦ នេះដែលពាក្យបណ្ដឹង គឺផ្ដួចផ្ដើមដោយអគ្គរដ្ឋអាជ្ញារដ្ឋ Texas និងបានចូលរួមដោយអគ្គរដ្ឋអាជ្ញារដ្ឋ ១៧ ផ្សេងទៀត លោក Trump និងសមាជិកសភាតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋចំនួន ១២៦ រូប។
កាលពីថ្ងៃអាទិត្យ លោក Trump បានវាយប្រហាររដ្ឋ Swing State សំខាន់ៗតាមរយៈបណ្ដាញសង្គម Twitter ថា៖ «រដ្ឋ Swing State ដែលបានរកឃើញថា មានការក្លែងអ្នកបោះឆ្នោតទាំងអស់នេះ គឺមិនអាចបញ្ជាក់ដោយស្របច្បាប់ថា សន្លឹកឆ្នោតទាំងនេះ ពេញលេញ និងត្រឹមត្រូវបានទេ។ អ្នករាល់គ្នាដឹងថា មនុស្សស្លាប់ជននៅក្រោមអាយុ ជនអន្តោប្រវេសន៍ខុសច្បាប់ហត្ថលេខាក្លែងក្លាយអ្នកទោស និងអ្នកផ្សេងទៀតជាច្រើនបានបោះឆ្នោតដោយខុសច្បាប់។ ជាមួយនឹងម៉ាស៊ីន «ដំណើរការខុសប្រក្រតី» (ពាក្យ ១ ផ្សេងទៀតសម្រាប់ការក្លែងបន្លំ) ការប្រមូលសន្លឹកឆ្នោតអ្នកបោះឆ្នោតដែលមិនមានសិទ្ធិរស់នៅ សន្លឹកឆ្នោតក្លែងក្លាយ «ការបំពេញហឹបឆ្នោត» ការសូកប៉ាន់អ្នកបោះឆ្នោតការប៉ះទង្គិចជាមួយអ្នកឃ្លាំមើលមណ្ឌលបោះឆ្នោត និង ពេលចំនួនសន្លឹកឆ្នោតច្រើនជាងចំនួនអ្នកបោះឆ្នោត បានកើតឡើងនៅទីក្រុង Detroit, Philadelphia, Milwaukee, Atlanta, Pittsburgh, និងកន្លែងផ្សេងទៀត។ក្នុងករណីទាំងអស់នៃរដ្ឋ Swing State មានសំឡេងឆ្នោតច្រើនជាងអ្វីដែលចាំបាច់ ដើម្បីឈ្នះឆ្នោតរដ្ឋ និងការបោះឆ្នោតទាំងមូល។ ដូច្នេះសន្លឹកឆ្នោត គឺមិនអាចបញ្ជាក់បានទេ។ ការបោះឆ្នោតនេះ គឺស្ថិតនៅក្រោមការតវ៉ា!»។
លោក Trump គឺមិនទាន់បានប្រតិកម្មទៅនឹងលទ្ធផលនៃការជួបប្រជុំអង្គបោះឆ្នោតនៅឡើយ តែលោកបានប្រកាសការចេញរបស់អគ្គរដ្ឋអាជ្ញាសហរដ្ឋអាមេរិក លោក William «Bill» Barr ទៅវិញ។ ការចាកចេញរបស់លោក Barr កើតឡើងចំពេលមានភាពតានតឹងរវាងបុរសទាំង ២ ជាប់ទាក់ទងនឹងពាក្យបណ្ដឹងតវ៉ាលទ្ធផលបោះឆ្នោតរបស់លោក Trump ជាពិសេសបន្ទាប់ពីការថ្លែងរបស់លោក Barr ក្នុងខែនេះថា ក្រសួងយុត្តិធម៌រកមិនឃើញភ័ស្តុតាងដែលបង្ហាញថា មានការក្លែងបន្លំការបោះឆ្នោត។
យ៉ាងណាមិញ ការជួបប្រជុំរបស់អង្គបោះឆ្នោតដែលតម្រូវឱ្យធ្វើដោយរដ្ឋធម្មនុញ្ញ ជាធម្មតាត្រូវបានគេគិតថា គ្រាន់តែជាបែបបទផ្លូវការប៉ុណ្ណោះ តែដោយសារការប្ដឹងតវ៉ាជាច្រើនដោយលោក Trump ធ្វើឱ្យការជួបប្រជុំឆ្នាំនេះត្រូវបានគេយល់ថា បានផ្ដល់ភាពស្របច្បាប់ដល់ជ័យជម្នះរបស់លោក Biden។ លទ្ធផលការបោះឆ្នោតនៃអង្គបោះឆ្នោត គឺត្រូវបានបញ្ជូនទៅសភាអាមេរិក ហើយនៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២១ សម័យប្រជុំរួមនៃសភាអាមេរិកនឹងធ្វើការបញ្ជាក់លទ្ធផលនេះ៕