The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​ទីប្រឹក្សា​ឃោសនា​យុទ្ធនាការ Trump ប្តឹង​ក្រសួង​យុត្តិធម៌ និង​អ្នក​ដទៃ​ទៀត​ឃ្លាំមើល​ខុស​ច្បាប់

អតីត​ទីប្រឹក្សា​ឃោសនា​យុទ្ធនាការ Trump ប្តឹង​ក្រសួង​យុត្តិធម៌ និង​អ្នក​ដទៃ​ទៀត​ឃ្លាំមើល​ខុស​ច្បាប់

Content image - Phnom Penh Post
អតី​តអនុ​ប្រធាន FBI​ លោក James​ Comey​ ចេញពី​ជំនួបគណៈ​កម្មា​ធិការ​យុត្តិធម៌សភា។ AFP

អតីត​ទីប្រឹក្សា​ឃោសនា​យុទ្ធនាការ Trump ប្តឹង​ក្រសួង​យុត្តិធម៌ និង​អ្នក​ដទៃ​ទៀត​ឃ្លាំមើល​ខុស​ច្បាប់

កាល​ពី​ថ្ងៃទី ​២៧​ វិច្ឆិកា​ ​លោក Carter ​Page ​អតីត​ទីប្រឹក្សា​ឃោសនា​យុទ្ធនាការ​ Trump​ បាន​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​សំណង​ ៧៥ ​លាន​ដុល្លារ​​ ​ពី​ក្រសួង​យុត្ដិធម៌ ​និង​ការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត​អាមេរិក ​(FBI)​ ទាក់ទិន​នឹង​ការ​ដាក់​ឧបករណ៍​ឃ្លាំមើល​ខុស​ច្បាប់​។​

ពាក្យ​បណ្តឹង​សំដៅ​ស្វែងរក​ការ​បន្ធូរបន្ថយ​​​ចំពោះ​ «​ការ​រំលោភ​បំពាន​ជា​ច្រើន​ប្រភេទ»​ ​នៃ​ «សិទ្ធិ​រដ្ឋធម្មនុញ្ញ​ និង​សិទ្ធិ​ស្រប​ច្បាប់​ដទៃ​​​ទៀត​ របស់​លោក​ Page ទាក់ទិន​នឹង​ការ​ឃ្លាំ​មើល​ និង​ស៊ើបអង្កេត​ខុស​ច្បាប់​របស់​រដ្ឋាភិបាល​អាមេរិក​ទៅ​លើ​រូប​លោក​»​។​

លោក Page​ បាន​អះអាង​ថា ​FBI​ កំណត់​គោលដៅ​លោក​ ដោយសារ​តែ​លោក​​ធ្វើ​​ការងារ​ជាមួយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump ​កាល​ពី​ឆ្នាំ ២០១៦​។​ បណ្តឹង​នេះ ​បាន​លើក​ឡើង​ទៀត​ថា​ ដីកា​ចំនួន ៤ ​ដែល​អនុញ្ញាត​ឱ្យ​ស៊ើប​អង្កេត​តាម​អេឡិចត្រូនិក​ពី​លោក​ ​គឺ​ជា ​«ឯកសារ​មិន​ពិត​ និង​បំភាន់​»​។​

កាលពី​ដើម​ឆ្នាំ​នេះ ​ក្រសួង​យុត្តិធម៌​បាន​ទទួល​ស្គាល់​ថា​ ក្រសួង​មិន​មាន​មូលហេតុ​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​តាមដាន​ខ្សែ​ទូរស័ព្ទ​របស់​ Page​ ទៀត​ទេ ​ដែល​ការ​ស៊ើប​អង្កេត​នេះ ​ដើម​ឡើយ​ គឺ​ជា​ការ​ស៊ើប​អង្កេត​មួយ​ដែល​ជឿជាក់​ថា​ ការ​បោះឆ្នោត​ឆ្នាំ ២០១៦​ មាន​ការ​លូក​ដៃ​ពី​សំណាក់​រុស្ស៊ី​។ ក្រសួង​ក៏​បាន​រក​ឃើញ​ថា​ យ៉ាង​ហោចណាស់​មាន​ដីកា​ ២​ ក្នុង​ចំណោម​ដីកា​ទាំង​ ៤​ ដែល​ធ្វើ​ឡើង​ចំពោះ​លោក ​Page ​គឺ​ជា​ដីកា​ដែល​ខ្វះ «មូលហេតុ​ច្បាស់​លាស់​»​ ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​ថា​ លោក​ Page ​ជា​ភ្នាក់ងារ​ធ្វើ​ការ​ឱ្យ​រុស្ស៊ី​។

របាយការណ៍ចេញ​ឆ្នាំ​មុន ដោយ លោក​Michae Horowitz​ នៃ​អគ្គនាយកដ្ឋាន​យុត្តិធម៌​បាន​រក​ឃើញ​ភាព​មិន​ត្រឹមត្រូវ​ជា​ច្រើន​ករណី​នៅ​ក្នុង​ដីកា​សុំ​ឃ្លាំមើល​ ដោយ​និយាយ​បំផ្លើស​អំពី​ការ​ចោទ​ប្រកាន់​ ដើម្បី​បាន​ឃ្លាំ​មើល​លោក Page​។​ ទោះបី​ជា​មាន​ភាព​មិន​ត្រឹមត្រូវ​ដែល​ត្រូវ​បាន​រក​ឃើញ​ក៏​ដោយ ​លោក ​Horowitz ​បាន​ប្តេជ្ញា​ថា​ FBI​ នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​លើ​កិច្ចការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី។​

លោក​ Page បាន​ចោទ​ប្រកាន់​ FBI ថា ​ការ​ចោទ​ប្រកាន់​ គឺ​ពឹង​ផ្អែក​ព័ត៌មាន​ និង​ឯកសារ​ទាំង​ស្រុង​ពី​លោក​ Christopher ​Steele អតីត​ចារកម្ម​របស់​អង់គ្លេស​។​

ពាក្យ​បណ្តឹង​នោះ​បាន​បញ្ជាក់​ថា ​FBI​ បាន​ពឹង​ផ្អែក​លើ​ការ​អះអាង​របស់​លោក​ Steele ​ទាំង​ដែល​លោក «​ជា​បុគ្គល​ដែល​​ត្រូវ​បាន​គណបក្ស​ប្រជាធិបតេយ្យ ​និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​អ្នកស្រី Hillary ​Clinton ​ជា​អ្នក​ជួល» ​​ដើម្បី​ស្រាវជ្រាវ​ និង​ជីក​កកាយ​រឿង​អាក្រក់ៗ​ ពី​ខាង​គណបក្ស​ប្រឆាំង ​គឺ​ទំនាក់ទំនង​នៃ​យុទ្ធនាការ​ Trump ​និង​​រុស្ស៊ី​ ដើម្បី​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​​ការ​​ស៊ើបអង្កេត​អ៊ីមែល​របស់​អ្នកស្រី Clinton ​ខណៈ​ពេល​ដែល​អ្នកស្រី​នៅ​ជា​រដ្ឋលេខាធិការ​នៅ​ឡើយ​។​

បណ្តឹង​របស់​ Page ​បាន​ចោទ​ប្រកាន់ FBIទៀត​ថា​ FBI បាន​បដិសេធ​ទំនាក់ទំនង​របស់​លោក ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​ (CIA) ​មុន​នឹង​ទទួល​បាន​ដីកា​។ ​លោក Page គឺ​ជា​អ្នក ​«​ទំនាក់ទំនង​ប្រតិបត្ដិការ​»​ ចន្លោះ​ឆ្នាំ​ ២០០៨ ​និង​ ២០១៣ ​ដោយ​ជួយ ​CIA ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ផ្សេងៗ​ធ្វើ​ឡើង​ដោយ​ប្រទេស​រុស្ស៊ី ​និង​ប្រទេស​ដទៃ​ទៀត​ ​ដើម្បី​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​»​។

កាល​ពី​ខែ​សីហា ​ អតីត​មេធាវី​របស់ FBI ​លោក​ Kevin Clinesmith​ ត្រូវ​បាន​តុលាការ​រក​ឃើញ​ និង​កាត់​ទោស​ពី​បទ​ក្លែង​បន្លំ​អ៊ីមែល​របស់​រដ្ឋាភិបាល ​ដោយ​និយាយ​ថា​ លោក ​Page​ មិនមែន​ជា​ភ្នាក់ងារ​សហការ​គ្នា​ជាមួយ​ CIA​ ទេ​។​
ក្រៅ​ពី​ក្រសួង​យុត្តិធម៌ ​និង​ FBI​ លោក Page ​ក៏​បាន​ប្ដឹង​អតីត​នាយក​ FBI​ លោក James​ Comey​ អតីត​អនុប្រធាន​ FBI​ លោក​ Andrew ​McCabe​ លោក ​Clinesmith ​និង​មន្ត្រី​ផ្សេង​ទៀត​ផង​ដែរ​។​

ទោះបី​ជា​មាន​ករណី​ចេញ​ដីកា​ខុស​ច្បាប់​ក៏​ដោយ​ ការ​តាមដាន​លោក​ Page (ដែល​ជា​បុគ្គល​មិន​ដែល​ជាប់​ចោទ​ពី​បទ​អ្វី​សោះ​) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រភព​តូច​បំផុត​នៃ​ការ​ស៊ើបអង្កេត​ទូទៅ​លើ​ទំនាក់ទំនង​រវាង​យុទ្ធនាការ​ Trump​ និង​ប្រទេស​រុស្ស៊ី​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ពី​បញ្ហា​លម្អិត​នៅ​ក្នុង​ការ​ដាក់​ដីកា ​ក៏​បាន​សន្និដ្ឋាន​ថា ​FBI ​គឺ​មាន​មូលដ្ឋាន​ស្របច្បាប់​សម្រាប់​បើក​ការ​ស៊ើប​អង្កេត​រុស្ស៊ី ​ហើយ​ក៏​មិន​មាន​ភ័ស្តុតាង​ណា​ដែល​បាន​បង្ហាញ​ថា​ សកម្មភាព​របស់​អង្គភាព​ FBI​ ជា​ការ​លម្អៀង​នយោបាយ​ខាង​ណា​នោះ​ឡើយ​៕

អត្ថបទគួរចាប់អារម្មណ៍