កាលពីថ្ងៃចន្ទ ទី ១ ខែមីនា តុលាការបារាំងបានផ្ដន្ទាទោសអតីតប្រធានាធិបតីលោក Nicolas Sarkozy ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ដែលទោស ២ ឆ្នាំ ត្រូវបានព្យួរពីបទប្រព្រឹត្តអំពើពុករលួយក្រោមការចោទប្រកាន់ថា លោកព្យាយាមផ្ដល់សំណូកចៅក្រម ១ រូប។
ជាប្រធានាធិបតីបារាំងពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១២ លោក Sarkozy មានអាយុ ៦៦ ឆ្នាំ ជាមួយនឹងមេធាវីរបស់លោក ត្រូវបានតុលាការរកឃើញថាជាប់ពិរុទ្ធពីការព្យាយាមបញ្ចុះបញ្ចូលចៅក្រម ១ រូប ឱ្យផ្ដល់ព័ត៌មានផ្ទៃក្នុងអំពីការស៊ើបអង្កេតទាក់ទងនឹងហិរញ្ញវត្ថុយុទ្ធនាការបោះឆ្នោតរបស់លោក ជាថ្នូរនឹងការផ្ដល់មុខតំណែងថ្មីនៅ Monaco។
នៅក្នុងសេចក្ដីសម្រេចចៅក្រម Christine Mee បាននិយាយថា អ្នកនយោបាយអភិរក្សនិយមរូបនេះ «ដឹងថាអ្វីដែលគាត់កំពុងធ្វើ គឺខុស» ហើយបន្ថែមទៀតថា សកម្មភាពរបស់លោក និងមេធាវីរបស់លោកបានផ្ដល់ឱ្យសាធារណជននូវ «រូបភាពអាក្រក់បំផុតនៃយុត្តិធម៌»។
សេចក្ដីសម្រេចនេះបានធ្វើឱ្យលោក Sarkozy ក្លាយជាប្រធានាធិបតីបារាំងដំបូងក្នុងប្រវត្តិសាស្ត្របច្ចុប្បន្ន ដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារពីបទប្រព្រឹត្តអំពើពុករលួយ។
ដើមឡើយអយ្យការទីក្រុងប៉ារីសបានស្នើសុំឱ្យតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងទោសព្យួរ ២ ឆ្នាំ សម្រាប់លោក Sarkozy និងសហចុងចោទលោកមេធាវី Thierry Herzog និងអតីតចៅក្រម Gilbert Azibert។ សហចុងចោទទាំង ២ ក៏ត្រូវបានតុលាការរកឃើញថា ជាប់ពិរុទ្ធ ហើយត្រូវបានផ្ដន្ទាទោសដូចលោក Sarkozy។
ការស៊ើបអង្កេតករណីពុករលួយនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ២០១៣ ដែលកាលនោះអាជ្ញាធរបានឃ្លាំមើលទំនាក់ទំនងតាមទូរស័ព្ទរវាងលោក Sakozy និងលោកមេធាវី Herzog ក្នុងបរិបទការស៊ើបអង្កេតទាក់ទងនឹងហិរញ្ញវត្ថុយុទ្ធនាការបោះឆ្នោតរបស់លោក Sakozy ដែលកាលនោះត្រូវបានចោទប្រកាន់ថា បានទទួលប្រាក់ខុសច្បាប់ចំនួន ៥០ លានអឺរ៉ូ ពីមេដឹកនាំប្រទេសលីប៊ី លោក Muammar Gaddafi។
ពួកគេបានរកឃើញថា បុរសទាំង ២ នាក់ បានសន្យាជាមួយចៅក្រម Azibert ថា នឹងផ្ដល់តំណែងថ្មីនៅ Monaco ជាថ្នូរនឹងការផ្ដល់ព័ត៌មានអំពីការស៊ើបអង្កេតការចោទប្រកាន់ថា កាលពីឆ្នាំ ២០០៧ យុទ្ធនាការបោះឆ្នោតរបស់លោក Sarkozy មួយផ្សេងទៀត ដែលមានការចោទប្រកាន់ថាបានទទួលប្រាក់ខុសច្បាប់ពីម្ចាស់ក្រុមហ៊ុន L''Oreal លោកស្រី Liliane Bettencourt។
បន្ទាប់ពីការស៊ើបអង្កេតដ៏វែងមួយ និងការជាប់ប្រទាក់ក្រឡាផ្នែកច្បាប់ការជំនុំជម្រះក្ដីបានចាប់ផ្តើមនៅចុងឆ្នាំមុន។
មេធាវីតំណាងលោកបាននិយាយថា ពួកគេមានបំណងបន្តប្ដឹងទៅតុលាការឧទ្ធរណ៍ ដែលជាដំណើរការមួយវែងឆ្ងាយនឹងត្រូវការជំនុំជម្រះក្ដីម្ដងទៀត។
ទោះជាយ៉ាងនេះក៏ដោយ អ្នកវិភាគមួយចំនួនបានយល់ឃើញថា លោក Sarkozy អាចមិនចាំបាច់ចូលពន្ធនាគារ ១ ថ្ងៃឡើយ ដោយសាលាដំបូងបានអនុញ្ញាតឱ្យការឃុំឃាំងរយៈពេល ១ ឆ្នាំអាចធ្វើឡើងនៅខាងក្រៅពន្ធនាគារនៅក្រោមលក្ខខណ្ឌមួយចំនួនរួមមានការបំពាក់ឧបករណ៍តាមដានទីតាំង ឬការឃុំឃាំងនៅគេហដ្ឋានជាដើម។
សាលក្រមនេះ មិនបានហាមឃាត់លោក Sarkozy ពីការឈរឈ្មោះបោះឆ្នោត ឬកាន់តំណែងសាធារណៈទេ ប៉ុន្តែបានលុបបំបាត់ក្ដីសង្ឃឹមរបស់លោកក្នុងការវិលត្រឡប់ទៅរកជីវិតសាធារណៈទាន់ពេលវេលាសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។ មុនការសម្រេចរបស់តុលាការលោក Sarkozy បានបង្ហាញគោលបំណងឈរឈ្មោះបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២២ ដោយសមាជិកភាគច្រើននៃគណបក្សអភិរក្សនិយម Les Republicains បង្ហាញការគាំទ្រនូវការត្រឡប់មកវិញរបស់លោក។
គណបក្ស Les Republicains មានការលំបាកក្នុងការរកបេក្ខជនប្រធានាធិបតីតាំងពីអតីតនាយករដ្ឋមន្ត្រីរបស់លោក Sarkozy គឺលោក Francois Fillon បានបរាជ័យក្នុងការបោះឆ្នោតឆ្នាំ ២០១៧ ដោយសាររឿងអាស្រូវធំមួយដែលធ្វើឱ្យបេក្ខជនមកពីគណបក្សកណ្ដាលនិយម En Marche! លោក Emmanuel Macron ទទួលបានជ័យជម្នះ។ ក្រោយមកលោក Fillon ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ និងត្រូវបានហាមឃាត់មិនឱ្យឈរឈ្មោះបោះឆ្នោតរយៈពេល ១០ ឆ្នាំ។
ក្រៅពីសំណុំរឿងខាងលើ លោក Sarkozy ក៏ប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀតផងដែរ។ នៅពីរសប្ដាហ៍ខាងមុខនេះ លោក Sarkozy នឹងត្រូវបង្ហាញខ្លួនចំពោះមុខតុលាការម្ដងទៀត ក្នុងការជំនុំជម្រះក្ដីទាក់ទងនឹងការចោទប្រកាន់ថា កាលពីឆ្នាំ ២០១២ យុទ្ធនាការបោះឆ្នោតរបស់លោកធ្វើការជាមួយក្រុមហ៊ុនទំនាក់ទំនងសាធារណៈ ដើម្បីលាក់បាំងលើការចំណាយដ៏ត្រឹមត្រូវមួយក្នុងការធ្វើយុទ្ធនាការ។
សំណុំរឿងទាក់ទងនឹងការចោទប្រកាន់ពីការទទួលប្រាក់ខុសច្បាប់ពីលោកស្រី Bettencourt ត្រូវបានរដ្ឋអាជ្ញាបោះបង់ចោល។
ប៉ុន្តែការចោទប្រកាន់ថា យុទ្ធនាការបោះឆ្នោតរបស់លោក Sarkozy បានទទួលប្រាក់ខុសច្បាប់ពីលោក Gaddafi គឺស្ថិតនៅក្រោមការស៊ើបអង្កេតរបស់រដ្ឋអាជ្ញានៅឡើយ។ អតីតមេដឹកនាំប្រទេសលីប៊ី ដែលបានទទួលមរណភាពលោក Muammar Gaddafi ត្រូវបានចោទប្រកាន់ថា បានផ្ដល់ប្រាក់ ៥០ លានអឺរ៉ូដល់យុទ្ធនាការឆ្នាំ ២០០៧ របស់លោក Sarkozy ដែលបានដឹកទៅកាន់ទីក្រុងប៉ារីសដោយវេចខ្ចប់ក្នុងវ៉ាលិសខោអាវ៕