កាល​ពី​ថ្ងៃ​ពុធ ទី ១០ មីនា អតីត​ប្រធានាធិបតី​ប្រេស៊ីល ​លោក Luiz Inacio Lula da Silva បាន​បើក​ការ​វាយប្រហារ​លើ​លោក Jair Bolsonaro ជុំវិញ​ការ​គ្រប់គ្រង​របស់​មេ​ដឹកនាំ​បច្ចុប្បន្ន​រូប​នេះ​លើ​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ និង​វិបត្តិ​សេដ្ឋកិច្ច​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ចៅក្រម​តុលាការ​កំពូល​បាន​លុបចោល​ការ​ផ្ដន្ទាទោស​ពី​បទ​ពុករលួយ​មួយ ដែល​ការ​សម្រេច​នេះ បើក​ផ្លូវ​សម្រាប់​លោក Lula da Silva វិល​ត្រឡប់​ទៅ​ប្រឡូក​ក្នុង​នយោបាយ​ឡើង​វិញ។

ក្នុង​ការ​សម្រេច​កាលពី​ថ្ងៃ​ចន្ទ ទី ៨ មីនា ​ចៅក្រម​តុលាការ​កំពូល Edson Fachin បាន​រក​ឃើញ​ថា នីតិវិធី​ក្នុង​សំណុំ​រឿង​លោក Lula da Silva គឺ​ខុស​តាំងពី​ដំបូង​ដោយ​តុលាការ​សហព័ន្ធ​នៅ​ក្រុង Curitiba មិនមាន​យុត្តាធិការ​ក្នុង​ការ​ផ្ដន្ទាទោស​លោក​ទេ ដូច្នេះ​ការ​សម្រេច​របស់​តុលាការ​នេះ​ក្នុង​សំណុំ​រឿង​លោក Lula da Silva គឺ​ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ។

ក្នុង​ការ​ថ្លែង​សុន្ទរកថា​ជា​លើកដំបូង​បន្ទាប់​ពី​ការ​សម្រេច​របស់​តុលាការ​លោក Lula da Silva បាន​វាយប្រហារ​លោក Bolsonaro ដោយ​ផ្ទាល់​ពី​កំណត់ត្រា​របស់​លោក​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ ១៩ ជាពិសេស​ការ​ពន្យារពេល​ក្នុង​ការ​ទិញ​យក​វ៉ាក់សាំង ​និង​ការ​វាយ​ប្រហារ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ទាំងនោះ ជា​សាធារណៈ។ ប្រទេស​ប្រេស៊ីល បាន​បាត់បង់​មនុស្ស​ជិត ២៧០ ០០០ នាក់ ​ដោយសារ​កូវីដ ១៩ ដែល​ជា​តួលេខ​ខ្ពស់​ជាង​គេ បន្ទាប់​ពី​អាមេរិក។

លោក Lula da Silva បាន​ថ្លែង​ចំពោះ​មុខ​សមាជិក​សហជីពកម្មករ​ដែក​នៅ​ទីក្រុង Sao Bernardo do Campo ថា៖ «ប្រទេស​នេះ​មាន​ភាព​រញ៉េរញ៉ៃ និង​កំពុង​បែក​បាក់ ដោយសារ​គ្មាន​រដ្ឋាភិបាល»។ លោក​បាន​បន្តថា៖ «ភាគ​ច្រើន​នៃ​ការ​ស្លាប់​ទាំង​នេះ គឺ​អាច​ចៀសវាង​បាន»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «កុំ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ដ៏​ឆោតល្ងង់​របស់​ប្រធានាធិបតី ឬ​រដ្ឋមន្ត្រី​សុខាភិបាល។ ទៅ​ចាក់​វ៉ាក់សាំង​ទៅ»។

ការ​ថ្លែង​របស់​លោក Lula da Silva បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្មភ្លាមៗ​ពី​ប្រធានាធិបតី Bolsonaro។

លោក Bolsonaro បាន​និយាយ​នៅ​លើ​ទូរទស្សន៍ CNN Brasil ថា៖ «ការរិះគន់​របស់ Lula គឺ​មិន​សម​ហេតុផល។ ឥឡូវនេះ​លោក​កំពុង​ចាប់​ផ្តើម​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ប៉ុន្តែ​គ្មាន​អ្វី​ដែល​ល្អ​សម្រាប់​បង្ហាញ​ទេ។ យុទ្ធនាការ​របស់​ពួក​គេ ​គឺ​គ្រាន់​តែ​ដើម្បី​រិះគន់ កុហក និង​បន្ត​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ»។

លោក Bolsonaro បាន​និយាយ​ថា លោក​នឹង​ស្នើ​ច្បាប់​ដើម្បី​ស្ដារ​ការ​ប្រើប្រាស់​សន្លឹក​ឆ្នោត​ជា​ក្រដាស​ឡើង​វិញ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២២ ដោយសារ​លោក​គិត​ថា ក្រដាស​សន្លឹកឆ្នោត​អាច​ធ្វើ​សវនកម្ម​បាន ហើយ​លោក​មិន​ទុកចិត្ត​ការ​បោះឆ្នោត​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​នោះ​ទេ។

លោក Bolsonaro បាន​បន្ថែម​ទៀត​ថា ការ​ផ្ដន្ទាទោស​ពី​បទ​ពុក​រលួយ​របស់​លោក Lula da Silva គឺ​មិន​ទាន់​បាន​លុប​ចោល​ទាំង​ស្រុង​ទេ ខណៈ​រង់ចាំ​ការ​សម្រេច​របស់​ចៅក្រម​ទាំង​អស់​នៃ​តុលាការ​កំពូល​មាន​ន័យ​ថា សិទ្ធិ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២២ របស់​លោក Lula da Silva គឺ​មិន​ទាន់​បាន​ធានា​នៅ​ឡើយ។

លោក Lula da Silva ដែល​បាន​ដឹកនាំ​ប្រទេស​ប្រេស៊ីល ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១០ បាន​ក្លាយ​ជា​អ្នក​ឈាន​មុខ​គេ​ក្នុង​ការ​ប្រឈម​មុខ​នឹង​អ្នកនយោបាយ​ស្ដាំ​និយម Bolsonaro ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២២។ ក្នុង​ការ​ថ្លែង​សុន្ទរកថា​ដដែល លោក Lula da Silva បាន​និយាយ​ថា លោក​នឹង​ចូល​ប្រឡូក​នយោបាយ​វិញ តែ​មិន​បាន​បញ្ជាក់ និង​មិន​បាន​បដិសេធ​ថា ​លោក​នឹង​ឈរ​ឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ដែរ​ឬ​ទេ។

ការ​ស្ទង់មតិ​ចុះផ្សាយ​កាល​ពី​​ថ្ងៃ​ចន្ទ​បង្ហាញ​ថា ប្រមាណ ៥០% នៃ​ប្រជាជន​ប្រេស៊ីល​និយាយ​ថា ពួក​គេ​អាច ឬ​ប្រាកដ​នឹង​បោះឆ្នោត​ឱ្យ Lula da Silva ប្រៀបធៀប​ជាមួយ​នឹង Bolsonaro ដែល​ទទួល​បាន​ចម្លើយ​បែប​នេះ​ពី​ប្រជាជន​តែ ៣៨% ប៉ុណ្ណោះ។

បើទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក ​Lula da Silva នៅ​តែ​ជា​បុគ្គល​ដ៏​ចម្រូងចម្រាស ១ រូប​បន្ទាប់​ពី​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​សរុប ២៦ ឆ្នាំ​ពី​បទ​ពុករលួយ និង​លាង​លុយ​កខ្វក់​កាល​ពី​ឆ្នាំ ២០១៧ ដែល​ផ្ដើម​ចេញ​ពី​ការ​ស៊ើបអង្កេត​ទៅ​លើ​អ្នក​នយោបាយ​ជាន់​ខ្ពស់​បាន​លួច​ប្រមូល​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ប្រេង Petrobras របស់​រដ្ឋ។

លោក​បាន​ចំណាយ​ពេល​ជាង ១៨ ខែ​នៅ​ក្នុង​ពន្ធនាគារ​មុន​ពេល​ត្រូវ​បាន​ដោះលែង​នៅ​ឆ្នាំ ២០១៩ ដោយ​រង់ចាំ​ការ​ប្ដឹង​ឧទ្ធរណ៍។

អ្នក​អភិរក្សនិយម​ជាច្រើន​ចាត់​ទុក​លោក Lula da Silva ថា​ជា​តំណាង​នៃ​អំពើ​ពុករលួយ និង​អសមត្ថភាព​សេដ្ឋកិច្ច ដោយសារ​អំពើ​ពុក​រលួយ និង​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ក្នុងប្រទេស​ប្រេស៊ីល ​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ស្នង​តំណែង​ដែល​ជ្រើសរើស​ដោយ​ផ្ទាល់​ គឺ​លោកស្រី​ DilmaRousseff។

លោក Lula da Silva បាន​និយាយ​ថា ខ្លួន​លោក​ជា​ជន​រងគ្រោះ​នៃ «ការ​កុហក​របស់​តុលាការ​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល ៥០០ ឆ្នាំ» ដោយ​និយាយ​ម្តង​ទៀត​នូវ​ការ​អះអាង​ថា ការ​ចោទប្រកាន់​លោក​ពី​បទ​ពុក​រលួយ គឺ​ត្រូវ​បាន​ប្រឌិត​ឡើង ​ដើម្បី​ដក​លោក​ចេញ​ពី​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១៨ ដែល​នៅ​ទីបំផុត Bolsonaro បាន​ឈ្នះ។

តែ​ទោះជា​យ៉ាងណា​លោក Lula da Silva ត្រូវ​បាន​ក្រុម​ឆ្វេង​និយម​ចាត់​ទុក​រូប​លោក​ថា ​ជា​វីរបុរស​របស់​ពួក​គេ។ ពួក​គេ​នៅ​មាន​ជំនឿ​ថា ចៅក្រម​ប្រធាន​អង្គ​ជំនុំជម្រះ​សំណុំ​រឿង​លោក ​Lula da Silva គឺ​លោក Sergio Moro បាន​ឃុបឃិត​ជាមួយ​រដ្ឋអាជ្ញា ​ដើម្បី​ដកសិទ្ធិ​លោក Lula ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត។ ការ​អះអាង​របស់​ពួក​គេ​ គឺ​ផ្អែក​ទៅ​លើ​​សារ​ទូរស័ព្ទ​ដែល​ត្រូវ​បែក​ធ្លាយ និង​តែងតាំង​លោក​ចៅក្រម Moro ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដោយ​លោក Bolsonaro។

យ៉ាងណាមិញ លោក​Lula da Silva នៅ​តែ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​មួយ​ចំនួន​ដោយ​រាប់​បញ្ចូល​ទាំង​បទ​ចោទ​ប្រកាន់​ខាង​លើ ដែល​ពេល​នេះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង​ Brasilia៕