កាលពី​ថ្ងៃ​សៅរ៍​ទី ៨ ឧសភា​អតីត​ប្រធានាធិបតី​កោះ​ម៉ាល់ឌីវ​លោក Mohamed Nasheed រងរបួស​ធ្ងន់ធ្ងរ​ បន្ទាប់ពី​មាន​ការវាយប្រហារ​ដោយ​គ្រាប់បែក។ ប្រធានាធិបតី​លោក​ Ibrahim Solih បាន​ពិពណ៌នា​ការផ្ទុះ​នៅ​ខាងក្រៅ​គេហដ្ឋាន​របស់​លោក​ Nasheed ថា​ជា​ការវាយប្រហារ​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាល់ឌីវ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា នៅ​ជិត​រថយន្ត​របស់លោក​ Nasheed មាន​ម៉ូតូ​មួយ​ដែល​ចត​ចោល​ហើយ​មាន​ផ្ទុក​នូវ​គ្រាប់បែក​ច្នៃ​មួយ​ប្រភេទ។ ប៉ូលិស​បាន​និយាយថា​ភ័ស្តុតាង​ទាំងអស់​ដែល​បានបង្ហាញ​រកឃើញថា​ករណី​នេះ​ជា​អំពើ​ភេរវកម្ម​ដោយ​ចេតនា។

លោក​ Ahmed Shaheed រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៅក្នុង​គណៈរដ្ឋមន្ត្រី​របស់​អតីត​ប្រធានាធិបតី​បាន​និយាយថា៖ «ករណី​នេះ​ជា​ការប៉ុនប៉ង​គ្រោងទុក​ដើម្បី​ធ្វើឃាត​លោក​ Nasheed»។ នេះ​បើ​យោងតាម​ការស្រង់​សម្តី​របស់​សារព័ត៌មាន Aljazeera ។

លោក Shaheed បាន​និយាយថា​ការវាយប្រហារ​គឺ​មិន​មាន​អ្វី​គួរឱ្យ​ភ្ញាក់ផ្អើល​នោះទេ​ ដោយសារ​តែ​ចំនួន​នៃ​ការញុះញង់​ទោរទន់​ទៅនឹង​អំពើហិង្សា​ និង​ភាពអមនុស្សធម៌​ប្រឆាំង​នឹង​លោក​ Nasheed។

កាលពី​ថ្ងៃទី ៨ ឧសភា​កន្លងទៅ ប៉ូលិស​បានប្រកាស​ចាប់​ខ្លួន​ជនសង្ស័យ ២ នាក់​ ប៉ុន្តែ​មិនមាន​ព័ត៌មាន​អំពី​ជនសង្ស័យ​ច្បាស់លាស់​នៅឡើយ​ទេ។

ប៉ុន្តែ​ការប៉ាន់ស្មាន​បាន​ផ្តោតទៅលើ​ក្រុម​ជ្រុលនិយម​សាសនា​ និង​អ្នកនយោបាយ​ប្រឆាំង​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ក្នុង​រឿងអាស្រូវ​កេង​បន្លំ​ប្រាក់។

យោងតាម​ការដកស្រង់​សម្តី​របស់ Reuters អគ្គរដ្ឋអាជ្ញា​លោក​ Hussain Shameem បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនោះ​គឺ​ទាក់ទង​នឹង​ភាពជ្រុលនិយម»។ លោក​បាន​និយាយ​បន្ថែមថា ប៉ូលិស​ជឿជាក់​ថា​មាន​មនុស្ស​ជាច្រើន​បាន​ចូលរួម​នៅក្នុង​ការធ្វើ​ផែនការ​ និង​អនុវត្ត​ការបំផ្ទុះ​គ្រាប់បែក​នេះ។

កាលពី​ថ្ងៃទី ៩ ឧសភា​គណនី​ Twitter ផ្លូវការ​របស់​ប៉ូលិស​ម៉ាល់ឌីវ​បាន​ប្រកាស​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ជឿថា​ជា​ជនសង្ស័យ​សំខាន់​បំផុត​ក្នុង​ការវាយប្រហារ​នេះ។

ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​រួមមាន លោក Adhuham Ahmed Rasheed អាយុ ២៥ ឆ្នាំ, Mujaz Ahmed អាយុ ២១ ឆ្នាំ និង​ Thahmeen Ahmed អាយុ ៣២ ឆ្នាំ។

ប៉ូលិស​បាន​ចោទប្រកាន់​ថា លោក Adhuham Ahmed Rasheed គឺជា​បុរស​ដែល​បានឃើញ​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព​កំពុង​រង់ចាំ​តាម​បណ្តោយ​ផ្លូវ​ដែល​ម៉ូតូ​បំពាក់​គ្រាប់បែក​នោះ​ចត​ក្បែរ​រថយន្ត​របស់លោក​ Nasheed។

មន្ទីរពេទ្យ​ដែល​អតីត​ប្រធានាធិបតី​រូបនេះ​កំពុង​សម្រាក​ព្យាបាល​បាន​និយាយថា លោក​ Nasheed ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ បន្ទាប់ពី​វះកាត់​ក្បាល​ទ្រូង​ពោះ​ និង​អវយវៈ​របស់លោក។ ក្រៅពី​រូបលោក​មាន​មនុស្ស ៤ នាក់​ផ្សេងទៀត​រងរបួស​រួមមាន​អង្គរក្ស​របស់លោក​ Nasheed ចំនួន ២ នាក់​អ្នក​នៅក្បែរ​នោះ ២ នាក់។

ប្រធានាធិបតី​ម៉ាល់ឌីវ​លោក​ Ibrahim Mohamed Solih បាន​ថ្លែង​នៅក្នុង​ទូរទស្សន៍​ជាតិ​ថា ក្រុមប៉ូលិស​សហព័ន្ធ​អូស្ត្រាលី (Australian Federal Police) នឹង​ជួយ​ស៊ើបអង្កេត​លើ​ករណីនេះ។ ប៉ូលិស​បាន​និយាយថា​មន្ត្រី​មកពី​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ក៏ត្រូវ​បានស្នើ​សុំឱ្យ​ជួយ​ក្នុងការ​ស៊ើបអង្កេត​នេះដែរ។

យោងតាម​សារព័ត៌មាន Arab News ប៉ូលិស​ម៉ាល់ឌីវ​ជំរុញ​ឱ្យ​សាធារណជន​ផ្តល់ព័ត៌មាន​ណាមួយ​ដែល​អាច​កំណត់​អត្តសញ្ញាណ​ជនល្មើស​ដោយហេតុ​ការណ៍​នេះ​ជា​អំពើ​ភេរវកម្ម​ដោយ​ចេតនា។

គួរបញ្ជាក់​ផងដែរ​ថា លោក​ Nasheed បាន​ដឹងខ្លួន​ហើយ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ ADK នៅ​ Malé ប្រទេស​ម៉ាល់ឌីវ។ លោក​ Nasheed មាន​វ័យ ៥៣ ឆ្នាំ គឺជា​អ្នកនយោបាយ​ដែលមាន​ប្រជាប្រិយភាព ហើយ​លោក​បាន​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​ម៉ាល់ឌីវ​ដែល​បានឈ្នះ​ឆ្នោត​ប្រហែល​ជា ២៥ ភាគរយ​នៅ​ឆ្នាំ ២០១៨៕