ក្រុងខារទុំៈ មេដឹកនាំធ្លាក់ពីអំណាចរបស់ប្រទេស ស៊ូដង់ លោក អូមារ អាល់-បាសៀរ កាលពីថ្ងៃអាទិត្យត្រូវបានគេមើលឃើញជាសាធារណៈជាលើកដំបូង ចាប់តាំងពីត្រូវបានគេទម្លាក់ចេញពីអំណាច ខណៈដែលលោកត្រូវបានអមដំណើរដោយក្បួនរថយន្តយោធាទៅកាន់ការិយាល័យរដ្ឋអាជ្ញា។
អតីតបុរសខ្លាំង ដែលបានគ្រប់គ្រងអំណាចនៅប្រទេសអាហ្រ្វិកភាគឦសានរបស់លោកដោយកណ្តាប់ដៃដែកអស់រយៈពេល ៣ ទសវត្សរ៍ លោកត្រូវបានគេទម្លាក់ពីអំណាចកាលពីថ្ងៃទី ១១ ខែ មេសា ក្រោយពីមានការតវ៉ាអស់ជាច្រើនខែ ប្រឆាំងការគ្រប់គ្រងរបស់លោក។
ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីអាវផាយដៃវែងពណ៌ស និងជូតឈ្នួត (កន្សែងរុំក្បាល) លោក បាសៀរ ត្រូវបានអមដំណើរការពារដោយក្បួនរថយន្តបំពាក់អាវុធធុនធ្ងន់ចេញពីពន្ធនាគារ Kober នៅទីក្រុងខារទុំប្រទេស ស៊ូដង់ ទៅកាន់ការិយាល័យរដ្ឋអាជ្ញា ដែលត្រូវប្រឈមការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ។
លោករដ្ឋអាជ្ញា Alaeddin Dafallahបានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីលោក បាសៀរ ចាកចេញពីការិយាល័យនោះថា លោកប្រធានាធិបតី បាសៀរ ដែលបានទម្លាក់ពីអំណាចនោះ ត្រូវបានគេបញ្ជាក់អះអាងថា លោកកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទ «កាន់កាប់រូបិយវត្ថុបរទេស ប្រព្រឹត្តអំពើពុករលួយ និងការទទួលយកអំណោយផ្សេងដោយខុសច្បាប់»។
ចំណែកឯលោកឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់ មកពីក្រុមប្រឹក្សាយោធាកំពុងគ្រប់គ្រងអំណាចថ្មីនៅក្នុងប្រទេសនេះ បានប្តេជ្ញាចិត្តថា ក្រុមអ្នកដែលបានធ្វើការបង្ក្រាបនៅកន្លែងតវ៉ាដែលបង្កឲ្យមនុស្សរាប់សិបនាក់ស្លាប់នោះ នឹងត្រូវប្រឈមមុខកាត់ទោសប្រហារជីវិត ៕ AFP/SK