អតីត​ប្រធានា​ធិបតី​អាមេរិក​លោក Donald Trump ​បាន​រិះគន់​មេដឹកនាំ​ក្រុម​សមាជិក​ព្រឹទ្ធសភា គណបក្ស​សាធារណរដ្ឋ​បន្ទាប់​ពីលោក​បាន​លើក​ឡើងថា​ លោក Trump ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយលុក​ចូល​អគារ​កាពីតូល។

កាល​ពីទី ​១៣ ​កុម្ភៈ លោក ​Mitch McConnell​ បាន​និយាយ​ថា អតីត​ប្រធានា​ធិបតី​អាមេរិក​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​លុក​អគារ​កាពីតូល។ ​ទោះបីជា​លោក ​McConnell ​បាន​បោះឆ្នោត​ដើម្បី​លើក​លែង​ទោស​លោក ​Trump​ ក្នុង​អំឡុង​ពេល​ជំនុំ​ជម្រះ​ព្រឹទ្ធសភា​ក៏​ដោយ ក៏លោក​បាន​និយាយ​ថា​លោក ​Trump អាច​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ចំពោះ​សកម្មភាព​របស់​លោក​។

លោក​ Trump ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ដោយ​អង្គការ​ Save America PAC ថា ​លោក ​McConnell​ ធ្វើ​នយោបាយ​បែប​វាយ​ប្រហារ ហើយ​ប្រសិន​បើ​សមាជិក​ព្រឹទ្ធស​ភា​គណបក្ស​សាធារណរដ្ឋ​នឹង​នៅ​បន្តជា​មួយ​លោក​ McConnell គណបក្ស​សាធារណរដ្ឋ​នឹងមិន​ឈ្នះឆ្នោត​ម្តងទៀត​ឡើយ៕