កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ៧ ​ធ្នូ ​អតីត​នាយក​ទីភ្នាក់ងារ​សន្តិសុខ​អ៊ីនធឺណិត​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ (CISA) នៃ​ក្រសួង​សន្តិសុខ​មាតុភូមិ ​(DHS) ​របស់​អាមេរិក​លោក​ Christopher Krebs បាន​និយាយ​ថា ​ប្រទេស​ជា​គូ​ប្រជែង​បាន​ប៉ុនប៉ង​លួច​កម្ម​សិទ្ធិបញ្ញា​ទាក់ទង​នឹង​វ៉ាក់សាំង ​Covid-19។

«ប្រទេស​ធំ​ទាំង ៤​ គឺ​រុស្ស៊ី​ ចិន ​អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង ​ដែល​យើង​បាន​មើល​ឃើញ​ដល់​កម្រិត​មួយ​ថា ​ប្រទេស​ទាំង​អស់​នេះ ​បាន​ធ្វើ​សកម្មភាព​ឃ្លាំមើល ​ឬ​ចារកម្ម​មួយ​ចំនួន ដើម្បី​ទាញ​យក​កម្មសិទ្ធិបញ្ញា​ទាក់ទង​នឹង​វ៉ាក់សាំង​នោះ​ [Covid-19]។»

លោក ​Krebs​ បាន​និយាយ​បែប​នេះ​ក្នុង​កម្មវិធី​ Face the Nation នៃ​ប៉ុស្តិ៍​ទូរទស្សន៍ ​CBS ហើយ​បាន​បន្ត​ទៀត​ថា៖ «អ្វី​ដែល​យើង​បាន​គិត​ក្នុង​ CISA គឺ​មិន​ត្រឹមតែ​ក្រុមហ៊ុន​បង្កើត​វ៉ាក់សាំង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​រួម​ទាំង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ទាំង​មូល​របស់​ពួក​គេ និង​ព្យាយាម​រក​ចំណុច​ខ្សោយ​សំខាន់ៗ​ទាំង​អស់​នៅ​ក្នុង​នោះ​»។

កាល​ពី​សប្ដាហ៍​មុន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​ IBM បាន​ធ្វើ​ការ​ប្រកាស​មុន​ថា​ ពួក​គេ​បាន​រក​ឃើញ​ថា​ មាន​ការ​ក្លែង​បន្លំ​អត្តសញ្ញាណ ​ដើម្បី​ធ្វើ​ចារកម្ម​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​របស់​កម្មវិធី​ដឹក​ជញ្ជូន​វ៉ាក់សាំង​អន្តជាតិ​ «Cold Chain» ដែល​មាន​គោលដៅ​វាយ​ប្រហារ​ជា​ស្ថាប័ន​សាធារណៈ ​និង​ឯកជន​ជា​ច្រើន​នៅ​អាល្លឺម៉ង់ ​អ៊ីតាលី កូរ៉េខាងត្បូង ​សាធារណ​រដ្ឋឆែក​ និង​តៃវ៉ាន់។ CISA បាន​ណែនាំ​ឱ្យស្ថាប័ន​ណា​ដែល​ទាក់ទង​នឹង​កម្មវិធី​វ៉ាក់សាំង​អាមេរិក​ឱ្យ​មើល​របាយការណ៍​របស់​ IBM ​ដើម្បី​ប្រុង​ប្រយ័ត្ន​។

លោក Krebs ​បាន​បន្ថែ​មទៀត​ថា៖ «ដូច្នេះ​យើង​គិត​មិន​ត្រឹមតែ​​​ក្រុមហ៊ុន​ Moderna និង​ក្រុមហ៊ុន​បង្កើត​វ៉ាក់សាំង​ផ្សេង​ទៀត​ទេ ​គឺ​ខ្សែ​ចង្វាក់​ទាំងមូល​របស់​ពួក​​​គេ។​ គិត​អំពី​បណ្ដាញ​ចែកចាយ និង​ស្ថាប័ន​សុខភាព​សាធារណៈ​។ ទាំង​នោះ​ហើយ ​គឺ​ជា​បុគ្គល​​ដែល​យើង​ត្រូវ​បន្ត​ចែកចាយ​ជំនួយ​សន្តិសុខ​អ៊ីនធឺណិត​ពី​សហគមន៍​​សន្តិសុខ​ជាតិ​ និង​ពី​វិស័យ​ឯកជន​»។

ការ​អត្ថាធិប្បាយ​របស់​លោក ​Krebs គឺ​ស្រដៀង​នឹង​ការ​ប្រកាស​របស់​មជ្ឈមណ្ឌល​ជាតិ​សន្តិសុខ​អ៊ីនធឺណិត​ចក្រភព​អង់គ្លេស​ ដែល​កាល​ពី​ខែ​វិច្ឆិកា ​ក៏​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ ចិន​ អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង ​ថា​បាន​ប៉ុនប៉ង​លួច​កម្ម​សិទ្ធិ​បញ្ញា​ទាក់ទង​នឹង​វ៉ាក់សាំង ​Covid-19 ​ដែល​រួម​មាន​លទ្ធផល​សាកល្បង​ដំបូង និង​ព័ត៌មាន​សម្ងាត់​អំពី​ផលិតកម្ម​នៃ​វ៉ាក់សាំង​ក្នុង​ទ្រង់ទ្រាយ​ធំ។ ​កាល​ពី​ខែ​កក្កដា​ សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ចិន និង​រុស្ស៊ី​ថា ​បាន​លួច​ទិន្នន័យ​សម្ងាត់​ពី​ក្រុមហ៊ុន​ផលិត​ឱសថ។

យ៉ាងណា​មិញ​លោក Christopher Krebs​ គឺ​បាន​ធ្វើ​ជា​នាយក​ CISA ​ពី​ឆ្នាំ ​២០១៨ ដល់ ​២០២០​ ដែល​ក្នុង​រយៈពេល ​នោះ​លោក​ទទួល​បន្ទុក​ការពារ​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ឌីជីថល​របស់​អាមេរិក ដែល​រួម​មាន​ការពារ​ការ​បោះ​ឆ្នោត ​២០២០។

លោក​ Krebs ត្រូវ​បាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Donald Trump​ បណ្ដេញ​ចេញ​ពី​តំណែង​បន្ទាប់​ពី​លោក​ Krebs ​បាន​ធានា​ថា​ ការ​បោះឆ្នោត​ឆ្នាំ​ ២០២០ នេះ​ មិន​មាន​ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ណា​មួយ​ទេ​ ដែល​ផ្ទុយ​ពី​ការ​អះអាង​ដោយ​មិន​មាន​ភ័ស្តុ​តាង​របស់​លោក Trump ​ថា​មាន​ការ​ក្លែង​បន្លំ​ទ្រង់ទ្រាយ​ធំ៕