ក្រុង​សេ​អ៊ូ​លៈ ក្រសួង​បង្រួបបង្រួម​ជាតិ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា អនុ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ របស់​កូរ៉េខាងជើង បាន​វិល​ត្រឡប់​មក​ធ្វើការ​វិញ ក្រោយ​អវត្តមាន​អស់​ជាច្រើន​សប្តាហ៍ ខណៈ​ដែល​ការ​ព្រួយបារម្ភ កំពុង​កើន​ឡើង​ជុំវិញ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ឆ្លងកាត់​ព្រំដែន​មាន​ការ​ធ្លាក់​ចុះ នៅ​ចំពេល​កិច្ច​ពិភាក្សា​ពី​បញ្ហា​នុយក្លេអ៊ែរ បាន​ជាប់​គាំង​រវាង​កូរ៉េខាងជើង​និង​អាមេរិក​នោះ។

អ្នកនាំពាក្យ​ឲ្យ​ក្រសួង​បង្រួប-បង្រួម​ជាតិ លោក លី ស៊ា​ង មីន បាន​ថ្លែងប្រាប់​សន្និសីទ កាសែត​ថា៖ «យើង បាន​អះអាង​ថា អនុ​ប្រធាន​ការិយាល័យ​កូរ៉េខាងជើង បច្ចុប្បន្ន​វិល​ត្រឡប់​ធ្វើការ​ជា​ធម្មតា»។

លោក លី ស៊ា​ង​មីន បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​មន្ត្រី​កូរ៉េខាងជើង​នោះទេ ប៉ុន្តែ ប្រភព​ខ្លះ បាន​និយាយ​ថា លោក គីម ក្វាងស៊ុង គឺជា​អនុប្រធាន​ម្នាក់​ក្នុង​ចំណោម​អនុ​ប្រធាន ២ រូប ប្រចាំ​នៅ​ការិយាល័យ​ទំនាក់​ទំនង​របស់​កូរ៉េខាងជើង គឺ លោក​ប្រធាន ជុន ជុងស៊ូ កំពុង​ធ្វើការ​នៅ​ការិយាល័យ​នោះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ព្រំដែន​ក្រុង​កៃស៊ុង​របស់​កូរ៉េខាងជើង។

លោក គីម ក្វាង​ស៊ុ​ង បាន​វិល​ត្រឡប់មក​ការិយាល័យ​វិញ​ហើយ ក្រោយពី​កូរ៉េខាងជើង​បាន​ដក​បុគ្គលិក​ទាំង​អស់ របស់​ខ្លួន​ចេញ​ពី​ការិយាល័យ​នោះ កាល​ពី​ថ្ងៃ​ទី ២២ ខែ​មីនា​កន្លង​ទៅ។

កាលពីពេលថ្មីៗនេះ កូរ៉េខាងជើង បាន​បង្កើត​កា​រិ​យាល័យ​ធ្វើការ​ជា​បណ្តោះ អាសន្ន​មួយ ជាមួយ​ប្រតិបត្តិការ​ការិយាល័យ​បច្ចុប្បន្ន។

ការវិល​ត្រឡប់មក​ធ្វើការ​វិញ​របស់ លោក គីម ក្វាង​ស៊ុ​ង បានកើត​ឡើង​នៅ​ចំពេល​មាន​សកម្មភាព​ពន្យារ​ពេល​នៅ​ក្នុង​ជំនួប​រៀងរាល់​សប្តាហ៍ រវាង​អនុ​រដ្ឋមន្ត្រី​បង្រួប​បង្រួម​ជាតិ កូរ៉េខាងត្បូង គឺ លោក ឈុន ហៃស៊ុង និង​សម​ភាគី​កូរ៉េខាងជើង​របស់​លោក គឺ លោក ជុន ជុងស៊ូ ប៉ុន្តែ​ជំនួប​នោះ មិន​ត្រូវ​បាន​ធ្វើ​ឡើង​ទេ បន្ទាប់​ពី​ជំនួប រវាង​ដូណាល់ ត្រាំ និង​គីម ជុងអ៊ុន នៅ​ក្រុង​ហាណូយ​នៃ​វៀតណាម៕Yonhap