ក្រុងបេរូតៈ​ អង្គការ​សហ​ប្រជាជាតិ​ បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ និង​កង្វះ​ថ្នាំ​ពេទ្យ​បាន​បង្ក​ឲ្យ​​ក្មេង​ស៊ីរី​ខ្ចាត់​ព្រាត់​យ៉ាង​តិច​ ១៥ ​នាក់​ ស្លាប់​ កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ​។

មូលនិធិ​សម្រាប់​ទ្រទ្រង់​កុមារ​របស់​អង្គការ​សហ​ប្រជាជាតិ​ (​UNICEF​)​ បាន​ថ្លែង​ថា ​ក្មេង​ ៨ ​នាក់ ​ក្នុង​ចំណោម​ពួក​គេ​ បាន​ស្លាប់​ ដោយ​សារ​​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​នៅ​ក្នុង​ជំរំ Rukba ​នៅ​ស៊ីរី​ភាគ​ខាង​ត្បូង ​និង ៧ នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​អំឡុង​ពេល​បំផ្លាស់​ទី​ ចេញ​ពី​តំបន់​ក្រុង​​ហាជីន​ ដែល​គ្រប់គ្រង​ដោយ​​​​ក្រុម​ជីហាដ​ជ្រុល​និយម​នៅ​ភាគ​ខាង​ជើង​​។

ប្រធាន​UNICEF​ប្រចាំ​តំបន់​លោក​ Geert Cappelaere ​បាន​ថ្លែង​ថា​៖ «​សីតុណ្ហភាព​​ត្រជាក់​ខ្លាំង​ពេក​ធ្វើ​ឲ្យ​ស្ថានភាព​រស់​នៅ​របស់​ប្រជាជន​ ​នៅ​ក្នុង​តំបន់​នោះ មាន​ការ​​លំបាក​​ណាស់។

លោក ​បាន​ថ្លែង​ថា​៖ «​នៅ​ក្នុង​រយៈ​ពេល​ ១ ខែ​មក​នេះ ​ក្មេង​យ៉ាង​តិច ​៨ ​នាក់​ ភាគ​ច្រើន​នៅ​ក្នុង​ចំណោម​ពួក​គេ​ មាន​អាយុ​ក្រោម​ ៤ ​ឆ្នាំ ​និង​ក្មេង​ដែល​ទើប​កើត​ពី​ផ្ទៃ​ម្តាយ​បាន​ស្លាប់​បាត់បង់​ជីវិត​»។

លោក​ Cappelaere​ បាន​ពន្យល់​ថា ​អាកាស​ធាតុ​ដ៏​ត្រជាក់​​នោះ​ បាន​កើត​ឡើង​នៅ​​​​ជំរំ​វាល​ខ្សាច់​ដាច់​ឆ្ងាយ​ពី​គេ​នៅ​ព្រំដែន​ហ៊្សកដានី ​ជា​ទី​ដែល​ ​៨០ ​ភាគរយ​នៃ​ពលរដ្ឋ​ ៤៥ ពាន់​​នាក់​ជា​ស្ត្រី​និង​ក្មេង​ៗ​ ធ្វើ​ឲ្យ​អត្រា​មរណៈ​ទារក​កើន​ឡើង​​។

អាកា​សធាតុ​​ត្រជាក់​ភ្លាម​ៗ​នោះ ​បាន​វាយ​ប្រហារ​ទៅ​លើ​តំបន់​ហាជីន​នៅ​ស៊ីរី​ភាគ​ខាង កើត​ដោយ​បង្ខំ​ឲ្យ​​ប្រជាជន​ជា​ច្រើន​ដែល​កំពុង​រស់​នៅ​ទី​នោះ​ភៀស​ខ្លួន​ទៅ​រក​ទី​ដែល​មាន សុវត្ថិភាព​៕ AFP/SK