ក្រុង​តូក្យូ៖ ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ីនហ្សូ​ អាបេ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រទេស ​ជប៉ុន​ កំពុង​ពិចារណា​​ពី​ការ​អញ្ជើញ​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ ហាស្សាន​ រូ​ហា​នី​ ​​​ឲ្យ​មក​បំពេញ​​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រចាំ​តំបន់​បាន​រាយការណ៍​ថា​ ដំណើរ​ទស្សនកិច្ច​នោះ​ ទំនង​ជា​កើត​ឡើង​នៅ​ក្នុង​ខែ​នេះ​។​

ប្រទេស ​ជប៉ុន ​កំពុង​ព្យាយាម​​បង្កើត​លទ្ធភាព​ជា​​​តួនាទី​​សម្រប​សម្រួល​​ ខណៈ​ភាព​តានតឹង​បាន​កើន​ឡើង​រវាង​សម្ព័ន្ធ​មិត្ត​ក្រុង​វ៉ាស៊ីនតោន​របស់​ខ្លួន​ និង​ក្រុង​តេអេរ៉ង់​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រចាំ​តំបន់​បាន​រាយការណ៍​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថា លោក ​រូហានី ​ទំនង​ជា​នឹង​ធ្វើ​​ទស្សន​កិច្ច​ទៅ​កាន់​ទីក្រុង​តូក្យូ​​នៅ​ថ្ងៃទី ​២០​ ខែ​ធ្នូ​ ដោយ​​ការ​​រាយការណ៍​ខ្លះ​និយាយ​ថា​ ក្រុង​វ៉ាស៊ីនតោន​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ដំណើរ​ទស្សនកិច្ច​នោះ​។​

លោក ​ស៊ីនហ្សូ​ អាបេ​ បាន​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ពេល​បញ្ចប់​កិច្ច​ប្រជុំ​សភា​​នៅ​ឆ្នាំ​នេះ​ថា​៖ «​ទស្សន​កិច្ច​មួយ​របស់​លោក​ប្រធានាធិបតី ​រូហានី ​មក​កាន់​ប្រទេស ​ជប៉ុន​ បច្ចុប្បន្ន​គឺ​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​នៅ​ឡើយ​»​។​

លោក​ អាបេ ​បាន​ថ្លែង​ថា​៖ «ប្រទេស ​ជប៉ុន ដែល​​​​មាន​សម្ព័ន្ធ​មិត្ត​មួយ​ជាមួយ​អាមេរិក​ ហើយ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ​បាន​រក្សា​ការ​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​ប្រទេស ​អ៊ីរ៉ង់ ​អស់​ពេល​ជា​យូរ​ ហើយ​ត្រូវ​តែ​ស្វែងរក​​មធ្យោបាយ​ដោយ​ខ្លួន​ឯង​»​។​

លោក​ អាបេ ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ចង់​បង្កើត​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ការ​ទូត​ទៅ​តាម​លទ្ធភាព​ ដើម្បី​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ និង​ធ្វើ​ឲ្យ​ស្ថានការណ៍​មាន​ស្ថិរភាព​នៅ​ក្នុង​តំបន់​ តាមរយៈ​ការ​បន្ត​ឲ្យ​មាន​កិច្ច​ពិភាក្សា​ប្រកប​ដោយ​សក្តានុពល​»​។​

ទស្សន​កិច្ច​នោះ ​ត្រូវ​​គេ​អះអាង​ថា ​លោក រូហា​នី ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​ដំបូង​គេ ​ដែល​មក​ទស្សនកិច្ច​​ជប៉ុន​ចាប់​តាំង​ពី​ឆ្នាំ ​២០០០​៕ AFP/SK