ក្រុង​បាងកកៈ ​អតីត​មេ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​លោក​ អាភីស៊ីត​ វេចាជីវ៉ា ​បាន​បដិសេធ​​របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា​ លោក​នឹង​លាលែង​ពី​សមាជិក​សភា ​ប្រសិន​បើ​គណបក្ស​របស់​លោក​ ចូលរួម​ជាមួយ​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់ ​(PPRP) គាំទ្រ​របប​សឹក​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​មែន​នោះ​។

នេះ ​គឺ​គ្រាន់​តែ​ជា ​«​ពាក្យ​ចចាម​អារ៉ាម​គ្មាន​ហេតុផល​ប៉ុណ្ណោះ​»​ លោក ​អាភីស៊ីត​ បាន​ប្រាប់​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​មុន​ជំនួប​នៃ​ក្រុម​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ ​នៅ​ទីស្នាក់ការ​របស់​គណបក្ស​កាល​ពី​ថ្ងៃ​អង្គារ​​។​

ខ្ញុំ​មិន​ដឹង​ថា​ តើ​អ្នក​ណា​ជា​អ្នក​ផ្សព្វផ្សាយ​រឿង​នេះ​មក​នោះ​ទេ​»​។​

អតីត​នាយក​រដ្ឋមន្ត្រី ​លោក​ អាភីស៊ីត​ វេចាជីវ៉ា​ បាន​ប្រកាស​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ​២៤ ​ខែ ​មីនា ​ថា ​លោក​នឹង​មិន​គាំទ្រ​ការ​វិល​ត្រឡប់​មក​កាន់​តំណែង​កំពូល​របស់​លោក ​នាយក​រដ្ឋមន្ត្រី​ ប្រាយុធ​ ចាន់​-អូចា​នោះ​ទេ​ ដោយ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ខ្លួន​អាច​នឹង​បង្ក​ឲ្យ​មាន​ជម្លោះ​នយោបាយ ​រវាង​ក្រុម​អ្នក​គាំទ្រ​របស់​លោក​​និង​ក្រុម​ប្រឆាំង​រដ្ឋ​ប្រហារ​ ដែល​បាន​ប្រឆាំង​រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​បន្ត​កាន់​អំណាច​របស់​លោក ​ប្រាយុធ តទៅ​ទៀត​នោះ​។​

អ្នក​នយោបាយ​ដែល​​ក្លាយ​ទៅ​​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ បាន​បង្កើត​ឲ្យ​មាន​រដ្ឋ​ប្រហារ​មួយ​អស់​រយៈពេល ​៥ ​ឆ្នាំ​មក​នោះ​ បាន​ធ្វើ​ឲ្យ​ប្រទេស ​ថៃ ​ចាកចេញ​ពី​ភាព​ទាល់​ច្រក​ខាង​នយោបាយ​ ដោយសារ​តែ​ការ​ប្រមូល​ផ្តុំ​ទ្រង់ទ្រាយ​ធំ​អស់​រយៈពេល​ជា​ច្រើន​ខែ​ ប្រឆាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​ ដែល​នៅ​គ្រា​នោះ ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំណាច​ខុស​ច្បាប់​។​

ពាក្យ​ចចាម​អារ៉ាម​អំពី​លោក ​អាភីស៊ីត ​បាន​កើត​ឡើង​ ខណៈ​បក្ស​នេះ ​ពិចារណា​អំពី​ការ​​បង្កើត​សម្ព័ន្ធ​មិត្ត​ជា​មួយ​ PPRP នោះ៕ BKP/SK