ក្រុង​យ៉េរ៉េវ៉ាន់៖ ​នាយក​រដ្ឋមន្ត្រី​អាមេនី ​លោក ​នីកូល​ ប៉ាស្ស៊ីនយ៉ាន់​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ទាត់​ចោល​ការ​ដោះ​ស្រាយ​ជម្លោះ​តាម​ការ​ទូត​មួយ​ ជាមួយ​ប្រទេស​អាស៊ែបៃហ្សង់​ ជុំវិញ​តំបន់​ណាហ្គូរណូ​ និង​ការ៉ាបាក់ហ៍​ ដែល​បាន​ជំរុញ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា​របស់​ប្រទេស​មហា​អំណាច​ពិភព​លោក​មួយ​ចំនួន​​ ដើម្បី​ធានា​ឱ្យ​មាន​បទ​ឈប់​បាញ់​យូរ​អង្វែង​មួយ​របស់​ប្រទេស​ទាំង ​២ ​នេះ​។​

មនុស្ស​រាប់​រយ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​ផ្ទុះ​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​បំផុត​នៅ​តំបន់​ការ៉ាបាក់ហ៍ ​ដែល​ជា​តំបន់​មួយ​របស់​ប្រទេស​អាស៊ែបៃហ្សង់​ តាំង​ពី​យូរ​បាន​គ្រប់គ្រង​ដោយ​ក្រុម​បំបែក​ខ្លួន​អាមេនី​។​

លោក ​ប៉ាស្ស៊ីនយ៉ាន់ ​បាន​ថ្លែង​នៅ​ក្នុង​សារ​វីដេអូ​មួយ​ នៅ​លើ​គេហ​ទំព័រ​ហ្វេសប៊ុក​ថា ​ជម្លោះ​តំបន់​ការ៉ាបាក់ហ៍ ​«​នឹង​មិន​មែន​ជា​ដំណោះ​ស្រាយ​ការ​ទូត​មួយ​ សម្រាប់​ពេល​យូរ​អង្វែង​នោះ​ទេ​» ​ដោយ​បាន​ស្នើ​ឱ្យ​ប្រជាជន​អាមេនី​ត្រូវ​ស្ម័គ្រ​ចិត្ត​ ដើម្បី​ប្រយុទ្ធ​នៅ​សមរភូមិ​ជួរ​មុខ​តទៅ​ទៀត​។​

លោក​បាន​ថ្លែង​ថា​៖ «​ការ​ធ្វើ​សង្គ្រាម​ គឺ​មាន​ឈ្នះ​មាន​ចាញ់​ និង​មាន​ការ​បាត់បង់​ជីវិត​»​។​

លោក​បាន​ថ្លែង​ថា ​ការ​ចរចា​ស្តីពី​ស្ថានការណ៍​នៅ​តំបន់​ការ៉ាបាក់ហ៍​ បច្ចុប្បន្ន​គឺ​គ្មាន​ន័យ​ ដោយ​បាន​ចោទ​ប្រកាន់​ប្រទេស​អាស៊ែបៃហ្សង់​ ពី​បទ​មិន​ចង់​ដោះ​ស្រាយ​បញ្ហា​តាម​ការ​សម្រប​សម្រួល​នោះ​​។​

លោក ​ហ៊ិកម៉េត ​ហាជីយ៉េវ​ ជា​ទី​ប្រឹក្សា​របស់​ប្រធានាធិបតី​អាស៊ែបៃហ្សង់ ​លោក​ អ៊ីល-ហាមអាលីយ៉េវ ​បាន​ថ្លែង​​ថា ​ការ​អត្ថាធិប្បាយ​របស់​លោក ​ប៉ាស្ស៊ីនយ៉ាន់ ​«​មិន​ចង់​ដោះស្រាយ​ជម្លោះ​ទេ​»​៕ AFP/SK