ក្រុងវ៉ាស៊ីនតោន៖ កាសែតវ៉លស្ទ្រីតជឺណលបានរាយការណ៍កាលពីថ្ងៃពុធថា អាមេរិកកំពុងពិចារណាពីការបញ្ជូនទាហាន ១៤ ពាន់នាក់បន្ថែមទៀត ទៅមជ្ឈិមបូព៌ានៅក្នុងការប្រឈមមុខទៅនឹងការគំរាមកំហែងដោយផ្ទាល់ពីអ៊ីរ៉ង់។
កាសែតវ៉លស្ទ្រីតជឺណលបានឲ្យដឹងថា ការពិចារណាដាក់ពង្រាយរួមមាននាវាចម្បាំង «រាប់សិបគ្រឿង» និងកងកម្លាំងមួយចំនួនធំច្រើនជាងទ្វេដង បន្ថែមទៅនឹងកងកម្លាំងអាមេរិក ដែលមានស្រាប់នៅក្នុងតំបន់ចាប់តាំងពីដើមឆ្នាំ ២០១៩ នេះ ដោយបានលើកឡើងមិនបញ្ចេញឈ្មោះរបស់ក្រុមមន្ត្រីអាមេរិកផងដែរ។
កាសែតនោះបានបន្ថែមថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចធ្វើការសម្រេចចិត្តមួយអំពីការបង្កើនកងកម្លាំងបន្ថែមទៀតនៅពេលឆាប់ៗនៅក្នុងខែធ្នូនេះ។
អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរបាយការណ៍នោះទៅកាន់កាសែត AFP ទេ។
វិធាននោះ បានកើតឡើង ក្រោយពីមានការវាយប្រហារជាបន្តបន្ទាប់ទៅលើនាវាដឹកប្រេងជាច្រើនគ្រឿង យន្តហោះដ្រូន និងការវាយប្រហារមីស៊ីល ទៅលើរោងចក្រផលិតប្រេងរបស់អារ៉ាប៊ី សាអ៊ូឌីត កាលពីខែកញ្ញា ដែលបានស្តីបន្ទោសទៅលើអ៊ីរ៉ង់នោះ។
ក្រុងវ៉ាស៊ីនតោន បានបង្កើនការដាក់សម្ពាធយោធារបស់ខ្លួននៅក្នុងតំបន់ឈូងសមុទ្រ ហើយបានបង្កើនការដាក់សម្ពាធសេដ្ឋកិច្ចទៅលើប្រទេស អ៊ីរ៉ង់ ដោយបានធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅទូទាំងតំបន់មានជម្លោះ។
កាលពីពាក់កណ្តាលខែវិច្ឆិកា នាវាផ្ទុកយន្តហោះ US អាប្រាហាំ លីនខន បានឆ្លងកាត់ច្រកសមុទ្រហ៊ូរម៉ាស់ ជាការបង្ហាញសាច់ដុំរបស់ខ្លួន៕AFP/SK