The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ចង់ឃើញ អាស៊ាន​ជំរុញ​ឱ្យ​យោធា​មីយ៉ាន់ម៉ា​អនុវត្ត «ចំណុច​ឯកភាព​ទាំង ៥»




អាមេរិក​ចង់ឃើញ អាស៊ាន​ជំរុញ​ឱ្យ​យោធា​មីយ៉ាន់ម៉ា​អនុវត្ត «ចំណុច​ឯកភាព​ទាំង ៥»

Content image - Phnom Penh Post
អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin ថ្លែង​នាពេល​កន្លងទៅ។ AFP

អាមេរិក​ចង់ឃើញ អាស៊ាន​ជំរុញ​ឱ្យ​យោធា​មីយ៉ាន់ម៉ា​អនុវត្ត «ចំណុច​ឯកភាព​ទាំង ៥»

សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​អាស៊ាន​ធ្វើយ៉ាងណា ដើម្បីឱ្យ​ក្រុម​យោធា​មីយ៉ាន់ម៉ា​អនុវត្តតាម​ស្មារតី «ចំណុច​ឯកភាព​ទាំង ៥» ដែល​ព្រមព្រៀងគ្នា​រវាង​ក្រុម​ប្រទេស​អាស៊ាន និង​ប្រមុខ​យោធា​មីយ៉ាន់ម៉ា កាលពី​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ក្រៅផ្លូវការ​កាលពី​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១។

ជំហរ​របស់​អាមេរិក​បែបនេះ ត្រូវ​បាន​លើកឡើង​ដោយ​លោក Anthony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រីការបរទេស​របស់​ប្រ៊ុយណេ​លោក Erywan Yusof នា​រាជធានី​ឡុងដុង អំឡុងពេល​មាន​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ក្រុម​ប្រទេស​អ្នកមាន​ទាំង ៧ ឬ G7 កាលពី​ថ្ងៃទី ៣ ខែឧសភា។

ប្រ៊ុយណេ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២១ ត្រូវបាន​អង់គ្លេស​អញ្ជើញ​ក្នុងនាម​ជា​ភ្ញៀវ​នៃ​កិច្ចប្រជុំ G7 ជាមួយ​នឹង​ប្រទេស ៤ ផ្សេងទៀត ដែល​មាន​ដូចជា​អូស្ត្រាលី ឥណ្ឌា អាហ្វ្រិក​ខាងត្បូង និង​កូរ៉េខាងត្បូង។

អាមេរិក​ចង់ឃើញ​អាស៊ាន​ជ្រើសតាំង​ប្រេសិត​ពិសេស​ណាមួយ ដើម្បីឱ្យ​ចូលក្នុង​ទឹកដី​មីយ៉ាន់ម៉ា ហើយ​ជួបពិភាក្សា​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់។ ក្រៅពី​ជំរុញ​ឲ្យ​ចំណុច​ឯកភាព​ទាំង ៥ អាស៊ាន​អនុវត្ត​ទៅមុខ លោក Blinken ក៏បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួមជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​លោក Dominic Raab ថា៖ «ការបញ្ចប់​អំពើហិង្សា និង​ដោះលែង​អ្នកទោស​ទាំងអស់​ក៏ដូចជា​ការត្រឡប់​មក​វិញ​នូវ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា​នៅតែ​ជា​រឿង​សំខាន់»។

អំឡុងពេល​កិច្ចប្រជុំ​រវាង​ប្រមុខ​ការទូត​អាមេរិក និង​ប្រ៊ុយណេ លោក Blinken ក៏បាន​កត់សម្គាល់​ថា អាមេរិក​នៅតែ​បង្ហាញ​ការគាំទ្រ​ចំពោះ​តួនាទី​មជ្ឈភាព​អាស៊ាន (ASEAN Centrality) និង​តួនាទី​អាស៊ាន​ក្នុង​យន្តការ​នានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ព្រមទាំង​ចង់ឃើញ​នូវ​ការពង្រីក​ទំនាក់ទំនង​រវាង​ភាគី​អាមេរិក និង​អាស៊ាន​ផងដែរ។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក។

កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ទាំង ២ រូបនេះ ធ្វើឡើង​ក្រោយពី​មានការ​ចុះផ្សាយ​របស់​សារព័ត៌មាន Nikkei Asian Review ដែល​រំលេច​ថា អាស៊ាន​មានបំណង​ក្នុងការ​ទាក់ទង​ឱ្យ​ចិន និង​សហរដ្ឋអាមេរិក​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ដែល​អូសបន្លាយ​តាំងពី​ខែកុម្ភៈ​កន្លងទៅនេះ។

Nikkei បាន​ស្រង់​សម្ដី​ប្រភព​អនាមិក​មួយ​មកពី​អាស៊ាន​ថា ការរៀបចំ​ប្រជុំ​ជាមួយ​ចិន និង​អាមេរិក​លើ​បញ្ហា​មីយ៉ាន់ម៉ា​កំពុងតែ​ទៅមុខ ខណៈ​ភាគី​អាមេរិក​វិញ កំពុង​គិតគូរ​ពី​ទម្រង់​នៃ​កិច្ចប្រជុំ ដោយ​ត្រៀម​ចំពោះ​ករណី​យោធា​មីយ៉ាន់ម៉ា បញ្ជូន​ត្រឹមតែ​អ្នកតំណាង​មក​ចូលប្រជុំ។

យ៉ាងណាមិញ បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BernaNews ដែលជា​ផ្នែក​មួយ​នៃ​វិទ្យុ​អាស៊ីសេរី អ្នកនាំពាក្យ​ការបរទេស​ឥណ្ឌូណេស៊ី​លោក Teuku Faizasyah មិនទាន់​មាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​រឿងនេះ​នៅឡើយ​ទេ។

នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​អាស៊ាន​កាលពី​ថ្ងៃទី ២៤ ខែមេសា​កន្លងមក ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​បាន​ព្រមព្រៀង «បញ្ជា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជួបប្រជុំ​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សហរដ្ឋអាមេរិក​ឲ្យ​បាន​ឆាប់​បំផុត​ឱ្យ​បាន​មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៤»។ ក៏ប៉ុន្តែ​បទបញ្ជា​នេះ​ធ្វើឡើង​ក្នុងន័យ​ទូទៅ ដែល​ចង់​ពង្រឹង​តួនាទី​មជ្ឈភាព​អាស៊ាន (ASEAN Centrality) ដោយ​មិន​សង្កត់ធ្ងន់​លើ​បញ្ហា​ណាមួយ​ឡើយ។

ជា​រៀងរាល់​ឆ្នាំ ក្រុម​ប្រទេស​អាស៊ាន​មានឱកាស​ជួបជុំគ្នា​ជាមួយ​សហរដ្ឋអាមេរិក​ និង​ប្រទេស​ចិន តាមរយៈ​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន (ARF) ដែល​ច្រើន​ធ្វើឡើង​អំឡុង​ខែ​កក្កដា-សីហា ឬ កិច្ចប្រជុំ​អាស៊ី​បូព៌ា (EAS) ដែល​ច្រើន​ធ្វើឡើង​នៅ​អំឡុង​ខែវិច្ឆិកា​រៀងរាល់​ឆ្នាំ។ ក្រៅពី​វេទិកា​ទាំង ២ នេះ អាស៊ាន​មាន​ឱកាស​និយាយ​ជាមួយ​ចិន និង​អាមេរិក​ដាច់ដោយឡែក​ពីគ្នា តាមរយៈ​កិច្ចប្រជុំ​ដៃគូ​សន្ទនា​អាស៊ាន-ចិន ឬ អាស៊ាន-អាមេរិក។

ក្រោយពី​ប្រជុំ​ថ្នាក់ដឹកនាំ​អាស៊ាន​ក្រៅផ្លូវការ​ចិន​តាមរយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក Wang Wenbin សន្យាថា​នឹង​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាស៊ាន ក៏ដូចជា​គាំទ្រ​តួនាទី​សម្របសម្រួល​របស់​ស្ថាប័ន​តំបន់​មួយ​នេះ ក្នុង​ការទាក់ទង​គ្រប់ភាគី​ទាំងអស់​នៅ​មីយ៉ាន់ម៉ា ដើម្បី​ឱ្យ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​ត្រឡប់មក​ធម្មតា​វិញ​ឱ្យបាន​ឆាប់។

អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​ឥណ្ឌូនេស៊ី លោក Evan Laksmana បាន​ប្រាប់​សារព័ត៌មាន BernaNews ថា អាមេរិក និង​ចិន​អាចមាន​តួនាទី​ក្នុង​ការជំរុញ​ឱ្យ​មីយ៉ាន់ម៉ា​អនុវត្ត​តាម​សេចក្ដី​សម្រេច​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន។

លោក Laksmana បាន​យល់ថា អាស៊ាន​អាចមាន​ទំនោរ​ចង់ឱ្យ​ចិន​ជួយ​ដោះស្រាយ​លើ​បញ្ហា​មីយ៉ាន់ម៉ា​ជាជាង​អាមេរិក ដោយសារ​តែ​ចិន​មាន​ប្រយោជន៍​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ មិន​ត្រឹមតែ​នៅ​មីយ៉ាន់ម៉ា​ទេ តែ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល។ ប៉ុន្តែ​ចិន​បែប​មិន​ចង់​ដឹកនាំ​កិច្ចសម្របសម្រួល​លើ​រឿង​មីយ៉ាន់ម៉ា ដោយសារ​តែ​ចិន​មើលឃើញ​ថា គ្មាន​ដំណោះស្រាយ​និរន្តរភាព​ណា ដែល​មិនមាន​ការចូលរួម​ពី​ភាគី​យោធា​នោះទេ ខណៈ​យោធា​មីយ៉ាន់ម៉ា​ក៏មាន​ចិត្ត​ប្រឆាំង​នឹង​ចិន​ខ្លាំង​ដែរ។

ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ អ្នកវិភាគ​ចិន​បាន​យល់ថា មានតែ​អាស៊ាន​ទេ ដែលមាន​ឥទ្ធិពល​ជាង​ភាគី​ខាងក្រៅ​ណា​ទាំងអស់​ក្នុង​ការដោះស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា។

និយាយ​ប្រាប់​សារព័ត៌មាន Global Times លោក Xu Liping នាយក​មជ្ឈមណ្ឌល​សិក្សា​អាស៊ីអាគ្នេយ៍​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​សង្គម​ប៉េកាំង​បាន​លើកឡើងថា អាស៊ាន​ជា «ស្ថាប័ន​ត្រឹមត្រូវ និង​សម​ហេតុផល​បំផុត» ក្នុងការ​បន្ធូរបន្ថយ​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា។ លោក​បាន​បន្តថា៖ «ប្រទេស​លោកខាងលិច​មាន​ផលប្រយោជន៍​តិច​ណាស់​នៅ​មីយ៉ាន់ម៉ា ហើយ​ការជ្រៀតជ្រែក​របស់​ប្រទេស​ទាំងនោះ គួបផ្សំ​ជាមួយ​គោលដៅ​ភូមិសាស្ត្រ​នយោបាយ ធ្វើឱ្យ​ស្ថានភាព​មីយ៉ាន់ម៉ា​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត»។

គួរបញ្ជាក់​ផងដែរ​ថា ប្រមុខ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing បានលើកឡើង​ក្រោយពេល​ត្រឡប់​មកពី​ប្រជុំ​អាស៊ាន​ថា រាល់​សេចក្ដី​សម្រេច​របស់​អាស៊ាន​ទាំង​ប៉ុន្មាន​អាចអនុវត្ត​ទៅរួច​បាន លុះត្រាតែ​ស្ថិរភាព​នៅ​មីយ៉ាន់ម៉ា​អាច​ស្ដារ​ឡើងវិញ​បាន​ជាមុនសិន៕

ហ៊ីម រដ្ឋា

អត្ថបទគួរចាប់អារម្មណ៍