The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ចាប់​ផ្តើម​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ​ជុំវិញ​ពលរដ្ឋ​អាមេរិក​ជាប់​ឃុំឃាំង ​ខណៈ​មិន​មាន​ផល​ផ្លែផ្កា​ក្នុង​ការ​ចរចា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ




អាមេរិក​ចាប់​ផ្តើម​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ​ជុំវិញ​ពលរដ្ឋ​អាមេរិក​ជាប់​ឃុំឃាំង ​ខណៈ​មិន​មាន​ផល​ផ្លែផ្កា​ក្នុង​ការ​ចរចា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ

Content image - Phnom Penh Post
ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេតវិមាន​លោក Jake Sullivan ធ្វើ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​កន្លង​មក។ AFP

អាមេរិក​ចាប់​ផ្តើម​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ​ជុំវិញ​ពលរដ្ឋ​អាមេរិក​ជាប់​ឃុំឃាំង ​ខណៈ​មិន​មាន​ផល​ផ្លែផ្កា​ក្នុង​ការ​ចរចា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ

កាល​ពី​ថ្ងៃ​អាទិត្យ ទី ២១ កុម្ភៈ ទីប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​លោក Jake Sullivan បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្ដើម​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ​ជុំវិញ​ពលរដ្ឋ​អាមេរិក​ជាប់​ឃុំឃាំង​នៅ​ប្រទេស​នោះ។

ក្នុង​កិច្ចសម្ភាសន៍​នៃ​កម្មវិធី «Face The Nation» របស់​ទូរទស្សន៍ CBS លោក Sullivan បាន​និយាយ​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ​អាមេរិក​គឺ «អយុត្តិធម៌ និង​ខុស​ច្បាប់» និង​ជា «មហន្តរាយ​មនុស្សធម៌» ហើយ​ការ​ដោះលែង​ពួក​គេ​គឺ​ជា «អាទិភាព​ដ៏​សំខាន់​មួយ» របស់​រដ្ឋបាល​ប្រធានាធិបតី Joe Biden។

«យើង​បាន​ចាប់​ផ្ដើម​ទាក់ទង​ជាមួយ​អ៊ីរ៉ង់​លើ​បញ្ហា​នេះ ហើយ​យើង​នឹង​បន្ត​ធ្វើ​ដូច្នេះ​នៅពេល​យើង​ឆ្ពោះ​ទៅ​មុខ» លោក Sullivan បាន​និយាយ​បែប​នេះ ហើយ​បន្ត​ទៀតថា៖ «សារ​ដ៏​មុតមាំ​របស់​យើង​ចំពោះ​អ៊ីរ៉ង់ ​គឺ​ថា​យើង​នឹង​មិន​ទទួល​យក​គំនិត​ដែល​ពួក​គេ​បន្ត​ឃុំឃាំង​ពលរដ្ឋ​អាមេរិក​ក្នុង​លក្ខណៈ​អយុត្តិធម៌ និង​ខុស​ច្បាប់​ឡើយ»។

មក​ដល់​ពេល​នេះ គេ​ដឹង​ថា​យ៉ាង​ហោច​ណាស់​ពលរដ្ឋ​អាមេរិក​ចំនួន ៥ រូប ដែល​មាន​សញ្ជាតិ ២ ត្រូវ​បាន​អ៊ីរ៉ង់​ឃុំ​ខ្លួន​ពី​បទ​ចារកម្ម។

បន្ទាប់​ពី​ការ​លើក​ឡើង​របស់​លោក Sullivan គេហទំព័រ​សារព័ត៌មាន​អ៊ីរ៉ង់​មួយ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ីរ៉ង់ បាន​ដក​ស្រង់​ប្រភព​មួយ​ដែល​និយាយ​ថា រាល់​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ក្រុង​តេអេរ៉ង់ និង​វ៉ាស៊ីនតោន អំពី​ពលរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​តាមរយៈ​ស្ថានទូត​ស្វ៊ីស មិនមែន​តាម​ការ​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទេ។

បើ​ទោះបី​ជា​ការ​ពិភាក្សា​ពី​ការ​ដោះលែង​ពលរដ្ឋ​អាមេរិក​ទាំង​នេះ​បាន​ចាប់​ផ្ដើម​ក៏​ដោយ លោក Sullivan បាន​និយាយ​ថា កិច្ច​ពិភាក្សា​ជាមួយ​ក្រុង​តេអេរ៉ង់ ​ដើម្បី​អាមេរិក​ចូលរួម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ២០-១៥ វិញ គឺ​មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ។

លោក Biden បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ ​ទី ១៩ កុម្ភៈ ថា​សហរដ្ឋ​អាមេរិក​ត្រូវ​មាន​គោលបំណង «ធ្វើ​ការ​ចរចា​ឡើង​វិញ» ដើម្បី​ស្ដារ​កិច្ច​ព្រមព្រៀង​ដែល​អតីត​ប្រធានាធិបតី Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​កាល​ពី​ឆ្នាំ ២០១៨។ លោក Biden បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សន្តិសុខ​ទីក្រុង ​Munich ថា៖ «យើង​ត្រូវ​ការ​តម្លាភាព និង​ការ​ប្រាស្រ័យ​ទាក់ទង ដើម្បី​កាត់​បន្ថយ​ការ​កើន​ឡើង​នៃ​ការ​យល់ច្រឡំ ឬ​កំហុស​ឆ្គង​យុទ្ធសាស្ត្រ»។

តែ​លោក Sullivan បាន​និយាយ​ថា៖ «ការ​ផ្ដល់​ជូន​នោះ​នៅ​តែ​មាន​ដដែល​ពី​ព្រោះ​យើង​ជឿជាក់​ថា មធ្យោបាយ​ការ​ទូត​គឺ​ជា​មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​វា [ការ​ចរចា]។ អ៊ីរ៉ង់​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ»។ លោក​បាន​បន្ត​ទៀត​ថា៖ «ឥឡូវ​នេះ​អ៊ីរ៉ង់ ​គឺ​ដាច់​ដោយ​ឡែក​តែ​ឯង​ក្នុង​ការ​ទូត​មិនមែន​អាមេរិក​ទេ»។

នៅ​ដើម​ថ្ងៃអាទិត្យ​ដដែល អ៊ីរ៉ង់​បាន​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​មិន​អាច​ចូលរួម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឡើង​វិញ​ទេ លុះត្រា​តែ​ប្រទេស​អាមេរិក​អាច​ដក​ទណ្ឌកម្ម​ទាំង​អស់​ដែល​បាន​ដាក់​លើ​ក្រុង​តេអេរ៉ង់ ខណៈ​ពេល​ដែល​ទីក្រុង​វ៉ាស៊ីនតោន​និយាយ​ថា ​ទីក្រុង​តេអេរ៉ង់​ត្រូវ​អនុលោម​តាម​កិច្ច​ព្រមព្រៀង ២០១៥ ហើយ​បន្ថយ​កម្រិត​ការ​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ានីញ៉ូម។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ ​លោក Mohammad Javad Zarif បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក Press TV ថា៖ «សហរដ្ឋ​អាមេរិក​នឹង​មិន​អាច​ចូលរួម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឡើង​វិញ​ទេ នៅ​ពេល​ប្រទេស​នេះ​ដក​ទណ្ឌកម្ម។ នៅ​ពេល​គ្រប់​គ្នា​បាន​បំពេញ​កាតព្វកិច្ច​របស់​ពួក​គេ​រួច​រាល់​ការ​ពិភាក្សា​អាច​នឹង​ចាប់​ផ្ដើម»។

លោក Zarif បាន​បន្ត​ទៀត​ថា៖ «លោក​ Biden បាន​អះអាង​ថា គោល​នយោបាយ​សម្ពាធ​អតិបរមា​របស់​លោក Trump គឺ​ជា​ការ​បរាជ័យ​អតិបរមា ប៉ុន្តែ​ពួក​គេ​មិន​បាន​ផ្លាស់ប្ដូរ​គោលនយោបាយ​នោះ​ទេ។ សហរដ្ឋអាមេរិក​ញៀន​នឹង​ការ​ដាក់ទណ្ឌកម្ម​ ការ​ដាក់​សម្ពាធ និង​ការ​សម្លុត ដែល​មិន​មាន​ប្រសិទ្ធភាព​ជាមួយ​នឹង​អ៊ីរ៉ង់»។

ការ​ដោះដូរ​ពាក្យ​សម្ដី​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​តេអេរ៉ង់​បាន​កើត​ឡើង​នៅ​ពេល​លោក ​Rafael Grossi ប្រធាន​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ​បាន​ជួប​ជាមួយ​មន្ត្រី​អ៊ីរ៉ង់ ដើម្បី​ព្យាយាម​រក្សា​សមត្ថភាព​អធិការ​របស់​លោក​ក្នុង​ការ​តាម​ដាន​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

បន្ទាប់​ពី​កិច្ច​ពិភាក្សា​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ និង​អ៊ីរ៉ង់​បាន​យល់ព្រម​បន្ត​សកម្មភាព​ផ្ទៀងផ្ទាត់ និង​ត្រួត​ពិនិត្យ​ដែល​ចាំបាច់ ប៉ុន្តែ​កាត់​បន្ថយ​សិទ្ធិ​ចូល​ពិនិត្យ និង​លុប​បំបាត់​ការ​ធ្វើ​អធិការកិច្ច​ដែល​មិន​បាន​ឱ្យ​ដឹង​ជាមុន។

ផែនការ​សកម្មភាព​រួម​ឆ្នាំ ២០១៥ (JCPOA) ដែល​ត្រូវ​បាន​ចរចា​ដោយ​រដ្ឋបាល​ប្រធានាធិបតី Barrack Obama បាន​ដក​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ ​ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​ធ្លាក់​ចុះ​ និង​កាត់​បន្ថយ​ការ​នាំចេញ​ប្រេង​រហូត​ដល់​ពាក់​កណ្ដាល។ ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​អ៊ីរ៉ង់​បាន​ទទួល​យក​ដែន​កំណត់​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន រហូត​ដល់​ផុត​កំណត់​នៅ​ឆ្នាំ ២០២៥។

ការ​ដាក់​ទណ្ឌកម្ម​លើ​តេអេរ៉ង់​បាន​ធ្វើ​ឡើង​ដោយសារ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ជឿជាក់​ថា អ៊ីរ៉ង់​មាន​មហិច្ឆតា​បង្កើត​អាវុធ​នុយក្លេអ៊ែរ។ ក្រុង​តេអេរ៉ង់​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

កាល​ពី​ឆ្នាំ ២០១៨ លោក Trump បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី JCPOA និង​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើង​វិញ ដោយ​លោក​បាន​និយាយ​ថា JCPOA គឺ​ជា «កិច្ច​ព្រមព្រៀង​អន់​បំផុត»។ ជា​ការ​ឆ្លើយតប​នឹង​សកម្មភាព​អាមេរិក-អ៊ីរ៉ង់​បាន​ចាប់​ផ្ដើម​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​លើស​កម្រិត​ដែល​បាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង ហើយ​ចាប់​ផ្ដើម​ការ​សាកល្បង​មីស៊ីល​ឡើង​វិញ។

បន្ទាប់​ពី​ការ​ចាកចេញ​របស់​ក្រុង​វ៉ាស៊ីនតោន ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ដូចជា បារាំង អាល្លឺម៉ង់ ចក្រភព​អង់គ្លេស រុស្ស៊ី និង​ចិន បាន​ព្យាយាម​រក្សា​បន្ត​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នេះ៕

អត្ថបទគួរចាប់អារម្មណ៍