កាលពី​ថ្ងៃ​អង្គារ​ ទី ៦ មេសា ​សហរដ្ឋ​អាមេរិក​ប្រកាស​នឹង​ចូលរួម​កិច្ចពិ​ភាក្សា​នៅទី​ក្រុងវីយែន ​ប្រទេសអូទ្រីស​ ក្នុង​គោលបំណង​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​អន្តរជាតិ​ ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​ក្រុងវ៉ាស៊ីនតោន​ដកខ្លួន​ចេញពី​ឆ្នាំ​ ២០១៨ ។

ប្រធានា​ធិបតី​អាមេរិក Joe Biden​ បាន​និយាយថា ​លោកបាន​ត្រៀមខ្លួន​រួចជា​ស្រេចក្នុង​ការធ្វើ​សេចក្តី​សម្រេច​ដែលផ្ទុយ​ពី​អតីត​ប្រធានាធិបតី​អាមេរិក​ និង​វិលត្រឡប់​ទៅរក​កិច្ច​ព្រមព្រៀង​ឆ្នាំ ២០១៥​ ដែលត្រូវ​បានគេ​សន្មត់ថា ​អ៊ីរ៉ង់មិន​បង្កើត​កម្មវិធី​នុយក្លេអ៊ែរ​យោធា​ឡើយ​។

ប៉ុន្តែ​អ៊ីរ៉ង់​​កំពុង​ទាមទារ​ឱ្យ​បញ្ឈប់​ការ​ដាក់ទណ្ឌកម្ម​ដែលដាក់​ដោយ​អតីត​ប្រធានា​ធិបតី​លោក Donald Trump។ បន្ថែមពីនេះ​អ៊ីរ៉ង់​ក៏​បាន​បដិសេធ​មិនជួប​ជា​មួយអ្នក​ចរចា​របស់​សហរដ្ឋ​អាមេរិក​នៅកិច្ច​ពិភាក្សា​ចុងក្រោយ​នេះ ដែល​មានន័យថា​ភាគី​អឺរ៉ុប​នឹង​ដើរតួជា​អន្តរការី​។