
ប្រព័ន្ធការពារដែនអាកាស S-400 របស់រុស្ស៊ី ដែលត្រូវបានដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាស Hmeimim។ AFP
កាលពីថ្ងៃចន្ទ រដ្ឋបាល Trump បានចេញលិខិតស្ដីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងទីភ្នាក់ងារទិញអាវុធរបស់ប្រទេសតួកគី ដែលជាប្រទេសសម្ព័ន្ធមិត្តរបស់ណាតូជាង ៣ ឆ្នាំ បន្ទាប់ពីប្រទេសនេះ បានទិញប្រព័ន្ធមីស៊ីលពីប្រទេសរុស្ស៊ី។
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការធ្វើដំណើរប្រឆាំងនឹងក្រសួងឧស្សាហកម្មការពារជាតិតួកគី និងមន្ត្រីកំពូលៗចំនួន ៤ នាក់ គឺជាការព្រមានដល់ប្រជាជាតិដទៃទៀតរួមមាន ឥណ្ឌា អេហ្ស៊ីប និងអារ៉ាប់ ប៊ីសាអ៊ូឌីត ដែលកំពុងពិចារណាទិញអាវុធ និងឧបករណ៍យោធាផ្សេងទៀតពីទីក្រុងម៉ូស្គូដូចគ្នា។
ការប្រកាសពីការដាក់ទណ្ឌកម្មនេះធ្វើឡើងក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃការកាន់តំណែងរបស់ប្រធានាធិបតីលោក Donald Trump ដែលបានបង្ហាញពីឆន្ទៈរបស់អាមេរិកក្នុងការជំរុញឱ្យប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan មានភាពស្មោះត្រង់ និងទទួលខុសត្រូវក្នុងការរារាំងកុំឱ្យរុស្ស៊ីជ្រៀតចូលបច្ចេកវិទ្យាយោធារបស់ប្រទេសលោកខាងលិច។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថា៖ «សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ប្រទេសតួកគី ជាច្រើនលើកច្រើនសាថា ការទិញប្រព័ន្ធមីស៊ីល S-400 នឹងបង្កគ្រោះថ្នាក់ដល់សន្តិសុខបច្ចេកវិទ្យា និងបុគ្គលិកយោធាអាមេរិក ហើយជាការផ្គត់ផ្គង់ថវិកាយ៉ាងច្រើនដល់វិស័យការពារជាតិរបស់រុស្ស៊ី វាដូចជាការអនុញ្ញាតឱ្យរុស្ស៊ីដាក់កងកម្លាំងប្រដាប់អាវុធ និងឧស្សាហកម្មការពារនៅប្រទេសតួកគី អ៊ីចឹង»។
លោកបានបន្ថែមថា៖ «យ៉ាងណាក៏ដោយក៏តួកគីបានសម្រេចចិត្តទិញ និងឈានទៅដល់ការសាកល្បងប្រព័ន្ធមីស៊ីល S-400 បាត់ទៅហើយ ទោះបីជានៅក្នុងសម្ព័ន្ធមិត្តណាតូ អាចមានលទ្ធភាពផ្គត់ផ្គង់ក្នុងវិស័យយោធា និងការពារប្រទេសនេះហើយក្ដី»។
លោកបានបន្តថា៖ «ខ្ញុំសូមជំរុញឱ្យតួកគីដោះស្រាយបញ្ហា S-400 នេះជាបន្ទាន់ ដើម្បីសម្របសម្រួលស្ថានភាពជាមួយសហរដ្ឋអាមេរិក។ តួកគី គឺជាសម្ព័ន្ធមិត្តដ៏មានតម្លៃ និងជាដៃគូសន្តិសុខក្នុងតំបន់ដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក ហើយយើងស្វែងរកការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិដែលមានអាយុកាលរាប់ទសវត្សរ៍ ប្រសិនបើតួកគីមិនកាន់កាប់ប្រព័ន្ធមីស៊ីល S-400 ឱ្យបានឆាប់បំផុត»។
ជាការឆ្លើយតប ក្រសួងការបរទេសតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន «មិនយល់ស្រប និងបដិសេធ» ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដោយនិយាយថា ការដាក់ទណ្ឌកម្មតែម្ខាងរបស់ទីក្រុងវ៉ាស៊ីនតោន គឺមិនអាចទទួលយកបានទេ។
សេចក្តីថ្លែងការណ៍បានសរសេរថា៖ «ប្រទេសតួកគី នឹងចាត់វិធានការចាំបាច់ប្រឆាំងនឹងការសម្រេចចិត្តនេះ ដែលនឹងជះឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងរបស់យើង (តួកគី និងអាមេរិក)»។ នៅក្នុងសេចក្តីថ្លែងការណ៍នេះ តួកគីអះអាងថា ប្រព័ន្ធមីស៊ីល S-400 នឹងមិនប៉ះពាល់ដល់សម្ព័ន្ធមិត្តណាតូទេ។
ក្រសួងបានអំពាវនាវដល់សហរដ្ឋអាមេរិក «ឱ្យត្រឡប់មកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងពិភាក្សាពីកំហុសដ៏ធំមួយនេះ»។ លោកបន្ថែមថា ទីក្រុងអង់ការ៉ា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាការទូតជាមួយអាមេរិក។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ការដាក់ទណ្ឌកម្មនេះ គឺជាភ័ស្តុតាងនៃ «ភាពក្រអឺតក្រទម» របស់អាមេរិក ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ជំហររបស់សហរដ្ឋអាមេរិកនៅលើឆាកអន្ដរជាតិ។
លោកបាននិយាយថា៖ «វាជាភ័ស្តុតាងមួយទៀត ដែលបង្ហាញពីអាកប្បកិរិយាក្រអឺតក្រទមរបស់សហរដ្ឋអាមេរិក ចំពោះច្បាប់អន្ដរជាតិ និងការបង្ហាញនូវវិធានការមិនស្របច្បាប់ជាឯកតោភាគី និងការបង្ខិតបង្ខំលើប្រទេសដទៃ ដែលសហរដ្ឋអាមេរិកតែងធ្វើអស់ជាច្រើនទសវត្សរ៍មកហើយ ចំពោះប្រទេសនៅទូទាំងពិភពលោក។ ជាការពិត ខ្ញុំគិតថា ទង្វើនេះនឹងមិនបានជួយដល់កេរ្តិ៍ឈ្មោះសហរដ្ឋអាមេរិក លើឆាកអន្តរជាតិឱ្យល្អទេ ខណៈដែលអាមេរិកមានការទទួលខុសត្រូវក្នុងការចរចាលើឆាកអន្តរជាតិដែលរួមមានទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាផងនោះ»។
ការទិញប្រព័ន្ធមីស៊ីល S-400 របស់ប្រទេសតួកគី នៅឆ្នាំ ២០១៧ បានបង្កឱ្យមានការផ្ដើមឱ្យមានការដាក់ទណ្ឌកម្មពីអាមេរិក ព្រោះវាបានរំលោភលើច្បាប់តទល់នឹងសត្រូវសហរដ្ឋអាមេរិក ដោយការដាក់ទណ្ឌកម្មហៅកាត់ថា CAATSA។ យ៉ាងណាមិញ ប្រព័ន្ធមីស៊ីល S-400 មានសមត្ថភាពបាញ់ទម្លាក់យន្ដហោះ ដូចជា F-35 ដែលជាយន្តហោះចម្បាំងចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក។
តួកគីបានចំណាយប្រាក់យ៉ាងច្រើនរួចទៅហើយ សម្រាប់ការទិញមីស៊ីលរុស្ស៊ីនេះ។ ឥឡូវនេះប្រទេសនេះត្រូវបានគេហាមឃាត់មិនឱ្យទិញ និងសាងសង់យន្តហោះ F-35 ទៀតឡើយ ទើបតួកគីបានចាប់ផ្តើមទិញប្រព័ន្ធមីស៊ីល S-400 ក្នុងឆ្នាំ ២០១៩។
ការដាក់ទណ្ឌកម្មចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក គឺផ្តោតសំខាន់ទៅលើទីភ្នាក់ងារលទ្ធកម្មយោធារបស់ប្រទេសតួកគី ដោយហាមឃាត់អាជ្ញាប័ណ្ណនាំចេញរបស់សហរដ្ឋអាមេរិក និងឥណទានប្រទេសនេះផងដែរ។ មន្ត្រីជាន់ខ្ពស់មួយចំនួន ដែលធ្វើការនៅទីភ្នាក់ងារនេះ ក៏ត្រូវបានគេកំណត់គោលដៅហើយដែរ។
ទោះយ៉ាងណាក៏ដោយនៅក្រោមច្បាប់ CAATSA របស់អាមេរិកការដាក់ទណ្ឌកម្មត្រូវបានគេមើលឃើញថា ជាការដាក់ទណ្ឌកម្មកម្រិតស្រាលនៅឡើយ។
អ្នកវិភាគ Atilla Yesilada នៃក្រុមពិគ្រោះយោបល់ Global Source Partners បានមានប្រសាសន៍ថា៖ «នេះគ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ។ ពួកគេមិនទាន់ធ្វើឱ្យប៉ះពាល់អ្វីខ្លាំងនៅឡើយទេ។ ចំពោះបុគ្គលដែលពាក់ព័ន្ធផ្ទាល់ ក៏មិនទាន់មានផលប៉ះពាល់ខ្លាំងនៅឡើយដែរ។ សម្រាប់ខ្ញុំ នេះគឺគ្រាន់ជាជុំទី១ ដែលគេសាកល្បងមុនប៉ុណ្ណោះ និងមានរឿងជាច្រើនទៀតនៅថ្ងៃមុខដែលយើងមិនទាន់ដឹង»៕