ក្រុងវ៉ាស៊ីនតោន៖ អាមេរិកកាលពីថ្ងៃពុធបានប្រកាសថា មេដឹកនាំយោធាប៉ារ៉ាស៊ីអ៊ីតអ៊ីរ៉ាក់ដ៏មានឥទ្ធិពលម្នាក់ថា ជាភេរវករក្រោយពីមានការវាយប្រហាររ៉ុក្កែតជាបន្តបន្ទាប់មកនោះ ដោយបានប្តេជ្ញាបង្កើនការដាក់សម្ពាធទៅលើ ប្រទេស អ៊ីរ៉ង់ ជាសម្ព័ន្ធមិត្តរបស់លោកថែមទៀតផង។
រដ្ឋមន្ត្រីការបរទេសអាមេរិកបានដាក់លោក អាហ៍ម៉េដ-អាល់-ហាមីដាវី ដែលជាអគ្គលេខាធិការនៃកងកម្លាំងប្រដាប់អាវុធហេសបូឡាហ៍ Kataib ចូលក្នុងបញ្ជីខ្មៅថា «ជាភេរវករសកលដែលមានការតែងតាំងយ៉ាងពិសេស» ដោយបានបង្កកទ្រព្យសម្បត្តិ ដែលលោកបានប្រកបអាជីវកម្ម និងការធ្វើជំនួញរបស់លោកជាមួយអាមេរិក។
ក្រុមកងកម្លាំងនោះ ជាក្រុមតែមួយគត់ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអ៊ីរ៉ង់ ត្រូវបានគេចាត់ទុកថាជាក្រុមភេរវករមួយដោយអាមេរិក ចាប់តាំងពីឆ្នាំ ២០០៩។
លោក ណាថាន់ សែលស៍ ជាប្រធានប្រឆាំងភេរវកម្មនៃក្រសួងការបរទេសបានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «បច្ចុប្បន្ន យើងកំពុងដាក់សម្ពាធរបស់យើងទៅលើក្រុមភេរវករមួយនេះ»។
លោក ណាថាន់ សែលស៍ បានចោទប្រកាន់ថា គោលបំណងរបស់ក្រុមភេរវករមួយនេះ គឺដើម្បីជួយ «ពង្រីកគោលដៅរបស់របបរបស់ប្រទេស អ៊ីរ៉ង់ នៅក្នុងទឹកដីប្រទេស អ៊ីរ៉ាក់ ឲ្យក្លាយទៅជាប្រទេសចំណុះមួយរបស់ប្រទេស អ៊ីរ៉ង់ ទៅថ្ងៃអនាគត»៕ AFP/SK