ក្រុងវ៉ាស៊ីនតោនៈ អាមេរិកកាលពីថ្ងៃចន្ទ បានបង្កើនសម្ពាធកាន់តែខ្លាំងឡើងទៅលើអ៊ីរ៉ង់ ដោយប្រកាសដាក់ពង្រាយទាហាន ១ ០០០ នាក់ បន្ថែមទៀតនៅមជ្ឈិមបូព៌ា ហើយបានបង្ហាញរូបភាពថ្មីៗដែលអាមេរិក បានថ្លែងថា ក្រុងតេអេរ៉ង់នៅពីក្រោយការវាយប្រហារទៅលើនាវាដឹកប្រេង ១ គ្រឿងនោះ។
វិធានការទាំង ២ នោះ បានកើតឡើង ខណៈដែលអ៊ីរ៉ង់បានទុកពេល ១០ ថ្ងៃ ដើម្បីឲ្យប្រទេសមហាអំណាចពិភពលោក ដើម្បីធ្វើការប្តេជ្ញាចិត្តរបស់ពួកគេស្ថិតនៅក្រោមកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ ដែលអាមេរិកបានបោះបង់ចោល ដោយបានថ្លែងថា អ៊ីរ៉ង់នឹងបង្កើនការចម្រាញ់អ៊ុយរ៉ានីញ៉ូមឡើងវិញឲ្យគ្រប់ចំនួន ដែលបានកំណត់ដោយកិច្ចព្រមព្រៀងនោះ។
ភាពតានតឹងរវាងក្រុងតេអេរ៉ង់ និងក្រុងវ៉ាស៊ីនតោនបានកើនកម្តៅកាន់តែខ្លាំងឡើងដែលមិនធ្លាប់មានពីមុន ចាប់តាំងពីអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀង ដោយក្រុងវ៉ាស៊ីនតោន បានបង្កើនវត្តមានយោធារបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់ និងការដាក់កងការពារបដិវត្តន៍ក្នុងបញ្ជីខ្មៅថាជាអង្គការភេរវកម្ម។
កាលពីថ្ងៃចន្ទ ក្រុងវ៉ាស៊ីនតោន បានប្រកាសបង្កើនកងកម្លាំងបន្ថែមទៀត ដែលមិនធ្លាប់មានពីមុន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រធានស្តីទីប្រចាំនៅមន្ទីរ បញ្ចកោណលោក Patrick-Shanahan បានថ្លែងថា៖ «ខ្ញុំមានសិទ្ធិដាក់ពង្រាយកងកម្លាំងប្រហែល ១ ០០០ នាក់បន្ថែមទៀត ដើម្បីទប់ទល់ទៅនឹងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ ដែលបានគំរាមទៅលើកងនាវាចរណ៍ និងមូលដ្ឋានទ័ពថ្មើរជើងនៅមជ្ឈិមបូព៌ានោះ»។
លោក Patrick Shanahan បានថ្លែងថា៖ «ការវាយប្រហាររបស់អ៊ីរ៉ង់កាលពីពេលថ្មីៗ ជាស្នាដៃអ៊ីរ៉ង់យ៉ាងពិតប្រាកដ យើងទទួលបានព័ត៌មានពីការស៊ើបអង្កេតគួរឲ្យជឿជាក់ និងទុកចិត្តទៅលើទង្វើ អរិភាពរបស់កងកម្លាំងអ៊ីរ៉ង់ និងក្រុមរបស់ពួកគេ ដែលបានបានគំរាមដល់កងកម្លាំង និងផលប្រយោជន៍អាមេរិកនៅទូទាំងតំបន់»។
អាមេរិក បានរិះគន់អ៊ីរ៉ង់ចំពោះការវាយប្រហារ កាលពីសប្តាហ៍មុនទៅលើនាវាផ្ទុកប្រេង ២ គ្រឿង នៅឈូងសមុទ្រអូម៉ង់ ហើយក្រុងតេអេរ៉ង់ បានបដិសេធប្រឆាំងការចោទប្រកាន់នោះថា «គ្មានមូលដ្ឋានច្បាស់លាស់»។
មន្ទីរបញ្ចកោណ បានចេញផ្សាយរូបភាពថ្មីៗកាលពីថ្ងៃចន្ទ ដែលអាមេរិកបានថ្លែងថា អ៊ីរ៉ង់បាននៅពីក្រោយការវាយប្រហារទៅលើនាវាដឹកប្រេងមួយក្នុងចំណោមនាវាទាំងនោះផងដែរ។
ទឡ្ហីករណ៍អាមេរិកទៅលើគ្រាប់មីនមិនទាន់ផ្ទុះ បានដាក់ទៅលើនាវាដឹកប្រេង Kokuka Courageous ដែលអាមេរិកបានថ្លែងថា គ្រាប់មីនបានដាក់ទៅលើនាវាល្បាត ១ គ្រឿង នោះត្រូវបានយកចេញវិញដោយអ៊ីរ៉ង់។
មន្ទីរបញ្ចកោណ បានថ្លែងថា៖ «អ៊ីរ៉ង់ត្រូវទទួលខុសត្រូវចំពោះការវាយប្រហារនាវាដឹកប្រេងនោះ»៕ AFP/SK