កាល​ពី​ថ្ងៃពុធ ​ទី ៧ មេសា ​សហរដ្ឋអាមេរិក​បាន​រំលឹក​ចិនទាក់ទង​នឹង​សកម្មភាព​របស់ពួកគេ​នៅ​តំបន់​សមុទ្រចិន​ខាងត្បូង​នា​ពេល​បច្ចុប្បន្ន។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក ​Ned Price បាន​និយាយថា៖​ «ការ​វាយប្រហារ​ដោយ​អាវុធប្រឆាំង​នឹង​កងកម្លាំង​ប្រដាប់អាវុធ​នាវា​សាធារណៈ ឬ​យន្ដហោះ​របស់ហ្វីលីពីន​នៅក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក រួមទាំង​នៅសមុទ្រ​ចិន​ខាងត្បូង​ធ្វើឱ្យ​យើងមាន​កាតព្វកិច្ច​ទៅលើ​រឿងនេះ​ដោយផ្អែក​លើ​សន្ធិសញ្ញា​ការពារជាតិ​រវាង​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន»។ នេះ​បើ​យោងតាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​សិង្ហបុរី​ Channel News Asia។

នាវាចិន​ជាង​ ២០០​ គ្រឿង ​ត្រូវ​បាន​គេប្រទះ​ឃើញដំបូង​នៅថ្ងៃទី ​៧ ​ខែមីនា ​នៅឯ​ Whitsun Reef ដែលមាន​ចម្ងាយ​ប្រហែល​ ៣២០ ​គីឡូម៉ែត្រ​ភាគ​ខាងលិច​នៃ​កោះ ​Palawan ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ​ប្រទេស​ហ្វីលីពីន​ បាន​និយាយ​ថា នាវាចិន​បានចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ខ្លួន​ដោយ​ខុសច្បាប់​ ហើយ​អំពាវនាវឱ្យ​នាវាចិន​ចាកចេញ​ពី​តំបន់​នោះ។​ ប៉ុន្តែប្រទេស​ចិន​បដិសេធ​ការអំពាវនាវ​ជា​ច្រើន​សប្តាហ៍​មកហើយ​។ ក្រៅពី​ភាពតាន​តឹង​ជាមួយ​ប្រទេស​ហ្វីលីពីន​ ភាពតាន​តឹង​រវាង​កោះតៃវ៉ាន់ និង​ប្រទេស​ចិន ​បានកើន​ឡើង​ដោយ​មាន​ការ​រាយការណ៍​ថា​យន្តហោះ​ចំនួន ​១៥ គ្រឿង​ទៀត​របស់ចិន​ដីគោក​បាន​ឆ្លងចូល​តំបន់​ការពារ​ដែន​អាកាស​របស់​កោះនោះ​៕