ក្រុង​វ៉ាស៊ីនតោន៖ ​អាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ទទួល​សារ​ជិត ​២ ​ម៉ឺន​ដង​ពី​ប្រទេស ​អ៊ីរ៉ង់ ​ជុំវិញ​​ការ​តវ៉ា​នានា​ នៅ​ក្នុង​នោះ​មាន​ទាំង​រូបថត និង​វីដេអូ​ ក្រោយ​ពី​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ក្រុម​បាតុករ​​​ប្រឆាំង​​ទៅ​នឹង​ការ​រឹត​ត្បិត​ទៅ​លើ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​។​

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​ម៉ៃក៍​ ប៉ុម​ប៉េអូ ​បាន​ឈរ​នៅ​លើ​វេទិកា​នៅ​ពី​មុខ​រូបថត​នៃ​ផ្លូវ​ដែល​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នោះ​ រយៈពេល ​៤ ​ថ្ងៃ ​ក្រោយ​ពី​លោក​បាន​ស្នើ​ឲ្យ​ប្រជាជន​អ៊ីរ៉ង់​បញ្ជូន​ព័ត៌មាន​មក​ឲ្យ​ខ្លួន​ ​ដូច្នេះ​អាមេរិក​អាច ​«​លាត​ត្រដាង​ភ័ស្តុតាង ​និង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​​ការ​រំលោភ​បំពាន​ទាំង​នោះ​»​។​

លោក​ ប៉ុមប៉េអូ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​៖ «យើង​បាន​ទទួល​សារ​ជិត ​២ ម៉ឺន​ដង​ នៅ​ក្នុង​នោះ​មាន​ទាំង​វីដេអូ​ រូបថត​ និង​កំណត់ហេតុ​រំលោភ​សិទ្ធិ​មនុស្ស​របស់​របប​អ៊ីរ៉ង់​ តាមរយៈ​ប្រព័ន្ធ​ផ្ញើសារ​តេឡេក្រាម​»​ ដោយ​និយាយ​សំដៅ​ទៅ​លើ​ប្រព័ន្ធ​ផ្ញើសារ​សម្ងាត់​​។​

លោក​ ប៉ុម​ប៉េអូ​ បាន​ថ្លែង​ថា៖ ​«​ចំពោះ​ប្រជាជន​អ៊ីរ៉ង់​ដ៏​អង់​អាច​ក្លាហាន​ ដែល​បាន​បដិសេធ​មិន​ព្រម​សំងំ​នៅ​ស្ងៀម​ជិត ​៤០ ​ឆ្នាំ ​អំពី​​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​របប​កំពុង​គ្រប់គ្រង​អំណាច​នោះ​​ ខ្ញុំ​និយាយ​សាមញ្ញ​ថា៖ «​អាមេរិក​ទទួល​សារ​ពី​អ្នក​ហើយ​»៕ AFP/SK