ក្រុងសេអ៊ូលៈ កង​ទ័ព​អា​មេ​រិក​ និង​កូរ៉េ​ខាង​ត្បូង​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ពួក​គេ​បាន​ប្រកាស​ផ្អាក​សមយុទ្ធ​យោធា​ បន្ទាប់​ពី​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ ​បាន​សន្យា​ថា​ នឹង​ផ្អាក​សម​យុទ្ធ​នេះ​ក្រោយ​ពី​ជំនួប​ជា​មួយ​លោក​គីម​ ជុងអ៊ុន។

​ក្រុង​សេ​អ៊ូល​ ដែល​មាន​កង​ទ័ព​ អាមេរិក​ឈរ​ជើង​រាប់​ម៉ឺន​នាក់​លើ​ទឹកដី​ខ្លួន​ ដើ​ម្បី​ជួយ​ការ​ពារ​ខ្លួន​ពី​កូរ៉េខាងជើង​នោះ​ បាន​ថ្លែង​ថា​ ការ​ផ្អាក​​នេះ​នឹង​អាច​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​លើ​សមយុទ្ធ Ulchi Freedom Guardian ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ​នេះ។

ក្រសួង​ការ​ពារ​​ជាតិ​កូរ៉េ​ខាង​ត្បូង​ បាន​ឲ្យ​ដឹង​​ថា​៖ «កូរ៉េ​ខាង​ត្បូង​ និង​អាមេរិក​មាន​គម្រោង​នឹង​បន្ត​កិច្ច​ពិភាក្សា​​អំពី​វិធាន​ការ​ជា​ច្រើន​ទៀត»។​ ក្រសួង​នេះ​បាន​បន្ថែម​​ទៀត​ថា៖ «មិន​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ​ ត្រូវ​ព្រម​ព្រៀង​គ្នា​ ដើម្បី​បន្ត​រៀប​ចំ​សមយុទ្ធ​យោធា​នោះ​ទេ»។

កង​ទ័ព​អា​មេ​រិក​ប្រហែល ១៧​៥០០ នាក់​ ត្រូវ​បាន​រៀប​ចំ​ឲ្យ​ចូល​រួម​ក្នុង​ សម​យុទ្ធ​យោធា Freedom Guardian នេះ។

អ្នក​នាំ​ពាក្យ​មន្ទី​របញ្ច​កោណ​ លោកស្រី ​Dana White​ បាន​ថ្លែង​បញ្ជាក់​អំពី​ការ​ផ្អាក​សម​យុទ្ធ​យោធា​នោះ​ថា​៖ «​យើង​កំពុង​តែ​ជួយ​សម្រប​សម្រួល​សកម្ម​ភាព​បន្ថែម​ផ្សេងៗ​ទៀត។ ​មិន​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ ​អំពី​ សម​យុទ្ធ​យោធា​ជា​ថ្មី ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ»។ «ការ​ផ្អាក​នេះ​នឹង​មិន​ជះ​ឥទ្ធិ​ពល​ដល់​សម​យុទ្ធ​ប៉ាស៊ី​ហ្វិក​ដែល​នឹង​ត្រូវ​រៀបចំ​នៅ​​ក្រៅ​ឧប​ទ្វីប​កូរ៉េ​នោះ​ទេ»។

អ្នក​ស្រី ​White​ បាន​ថ្លែង​ថា ​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​អា​មេ​រិក​លោក ជីម ម៉ាធីស​ រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​លោក ​Mike Pompeo ​និង​អ្នក​ជំនួយ​ការ​សន្តិសុខ​លោក John Bolton នឹង​ត្រូវ​ជួប​គ្នា​នៅ​ក្នុង​សប្ដាហ៍​នេះ​ នៅ​ឯ​មន្ទីរ​បញ្ច​កោណ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​។

កាល​ពី​សប្ដាហ៍​មុន ​លោក​ត្រាំ បាន​​ថ្លែង​ថា​ អាមេរិក​នឹង​ផ្អាក​សមយុទ្ធ​យោធា​ ជា​មួយ​កូរ៉េ​ខាង​ត្បូង ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ដោយ​មិន​បញ្ជាក់​ឲ្យ​ច្បាស់​ថា​ ការ​ផ្អាក​នោះ​នឹង​ត្រូវ​ចាប់​ផ្ដើម​នៅ​ពេល​ណា​។

មេ​ដឹក​នាំ​អាមេរិក​ បាន​ភ្ញាក់​ផ្អើល តាមរយៈ​ការ​ពិពណ៌​នា​ថា​ សម​យុទ្ធ​យោ​ធា​ជា «ទង្វើ​បង្ក​ហេតុ​» ដែល​ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​កូរ៉េខាង​ជើង។

កង​ទ័ព​​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​ជា​មួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយកង​កម្លាំង​ទាំង​នោះ បា​ន​ធ្វើ​ការ​ហាត់​សម​គ្រប់​បែប​យ៉ាង​ ​ចាប់​តាំង​ពី​ការ​ចូល​សំ​ចត​នៅ​នឹង​ឆ្នេរ ​រហូត​ដល់​ការ​ទប់​ទល់​ជាមួយ​នឹង​ការ​វាយ​ប្រហារ​របស់​ប្រទេស​​កូរ៉េខាង​ជើង​ផង៕