កាល​ពី​ថ្ងៃ​អង្គារ​ ទី ៨ ធ្នូ ​រដ្ឋបាល​​ម្ហូប​អាហារ​ និង​ឱសថ​អាមេរិក ​(FDA) ​បាន​ចុះ​ផ្សាយ​ឯកសារ​នៃ​ការ​វិភាគ​ទិន្នន័យ​ការ​សាកល្បង​ដំណាក់កាល​ទី៣ ​នៃ​វ៉ាក់សាំង​ Covid-19 ផលិត​ដោយ​​ក្រុមហ៊ុន​ Pfizer និង BioNTech ​ដែល​បង្ហាញ​ថា​ មាន​ប្រសិទ្ធភាព​ល្អ​ និង​មិន​មាន​បញ្ហា​សុវត្ថិភាព​ទេ​។ ការ​ចេញ​ផ្សាយ​នេះ​​ បាន​ធ្វើ​មុន​កិច្ច​ប្រជុំ​នៃ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​របស់ ​FDA ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដែល​នឹង​ពិភាក្សា​គ្នា​ថា ​តើ​ត្រូវ​ធ្វើ​ការ​អនុញ្ញាត​​​ឱ្យ​ប្រើប្រាស់​បន្ទាន់​ឬ​អត់?

កាល​ពី​ចុង​ខែ​វិច្ឆិកា ​ក្រុមហ៊ុន ​Pfizer ​បាន​ឱ្យ​ដឹង​ថា ​វ៉ាក់សាំង​របស់​​ខ្លួន​គឺ​មាន​ប្រសិទ្ធភាព ​៩៥% ​​និង​​មិនមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ​ក្រោយ​​ពី​ការ​ចាក់​ចំនួន ​២ ដូស ​ហើយ​​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ប្រើប្រាស់​បន្ទាន់។​ ឯកសារ​របស់ FDA បាន​បញ្ជាក់​ពី​ប្រសិទ្ធភាព​នៃ​​វ៉ាក់សាំង​នេះ ​គឺ​ពិត​ជា​ ៩៥% ​ហើយ​​បន្ថែម​ទៀត​ថា​ ការ​ចាក់​វ៉ាក់សាំង​នេះ​ត្រឹម​តែ ​១ ​ដូស​អាច​ផ្ដល់​ប្រសិទ្ធភាព ​៨៩% ​តែ​មិន​ច្បាស់​ថា​ អាច​ការពារ​បាន​រយៈពេល​​យូរ ឬ​អត់​នោះទេ។ ផល​ប៉ះ​ពាល់​ទូទៅ​បំផុត​ដែល​បាន​ជួប​ប្រទះ​ដោយ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង គឺ​ឈឺ​ចាប់​ឡើង​ក្រហម​ ឬ​ហើម ​នៅ​កន្លែង​ចាក់(ជា​ទូទៅ​គឺ​ដៃ)​ ក្រោយ​មក​អម​ដោយ​ភាព​អស់​កម្លាំង​ ឈឺ​ក្បាល ​និង​ឈឺ​សាច់​ដុំ​រយៈពេល​ខ្លី។

ក្នុង​ការ​សាកល្បង​វ៉ាក់សាំង​នេះ​​មាន​ជនស្ម័គ្រ​ចិត្ត​ចំនួន ៦​ នាក់​​ក្នុង​ចំណោម ​៤៣ ៤៤៨ នាក់ (០,០០១%)​ បាន​ស្លាប់ ​ដែល ​៤ ​រូប ​គឺ​បាន​ទទួល​ Placebo (មិន​​បាន​ទទួល​វ៉ាក់​សាំង) ​និង ២ រូប​ទៀត​បាន​ទទួល​វ៉ាក់សាំង។​

តែ​ការ​ស្លាប់​របស់​ជន​ស្ម័គ្រ​ចិត្ត​ទទួល​វ៉ាក់សាំង ​គឺ​ត្រូវ​បាន​សន្និដ្ឋាន​​ថា​ មិន​ទាក់ទង​នឹង​វ៉ាក់សាំង​ទេ ​ដោយជន​ទី១ ​បាន​ស្លាប់​ដោយសារ​ការ​គាំង​បេះដូង ​៦២ ​ថ្ងៃ ​ក្រោយ​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី២ និង​ជនទី២ បាន​ស្លាប់​ដោយ​សារ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ​៣ ថ្ងៃ ​ក្រោយ​ពី​បាន​ទទួល​ដូស​ទី១​ ហើយ​ជន​ទាំង ២ ​នេះ ​គឺ​មាន​អាយុ​លើស​ពី ៥៥ ឆ្នាំ​ទៅ​ហើយ។ បើ​ទោះបី​គេ​សន្និដ្ឋាន​​ថា​ ការ​ស្លាប់​នេះ ​គឺ​មិន​ទាក់ទង​​នឹង​វ៉ាក់សាំង​ក៏​ដោយ ក៏​គេ​ត្រូវ​តែ​រាយការណ៍​ពី​​ករណី​ស្លាប់​នេះ ​ដើម្បី​រក្សា​តម្លាភាព​នៃ​ការ​សាកល្បង​របស់​ពួក​គេ​។

មក​ដល់​ពេល​នេះ​ FDA មិន​ទាន់​បាន​ផ្ដល់​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​នៅ​ឡើយ​ទេ​ តែ​ក្នុង​ការ​ប្រកាស​របស់​ពួក​គេ​បាន​សរសេរ​ថា​ លទ្ធផល​នៃ​ការ​សាកល្បង គឺ​ស្រប​ជាមួយ​នឹង​អនុសាសន៍​ដែល​មាន​ចែង​នៅ​ក្នុង​​ការ​ណែនាំ​អំពី​ការ​ប្រើប្រាស់​បន្ទាន់​របស់​ពួក​គេ។​

ជា​ធម្មតា ​FDA ​ធ្វើ​តាម​អនុសាសន៍​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​របស់​ខ្លួន​ បើ​ទោះបី​ជា​មិន​មាន​ការ​តម្រូវ​ឱ្យ​ធ្វើ​តាម​ក៏​ដោយ។ ​គេ​មិន​ច្បាស់​ថា​តើ FDA នឹង​ចំណាយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ ឬ​សប្ដាហ៍ ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ ប៉ុន្តែ​រដ្ឋ​ជាច្រើន ​គឺ​កំពុង​ត្រៀម​សម្រាប់​ចែកចាយ​ និង​ចាក់​វ៉ាក់សាំង​នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​បន្ទាន់​នេះ ​គឺ​មាន​កម្រិត​ត្រឹម​អាយុ ១៦ ឆ្នាំ ឡើង​ទៅ​ ដោយសារ​ការ​សាកល្បង​ដំណាក់​​​កាលទី៣​ គឺ​មិន​មាន​ការ​ចូលរួម​ពី​ជនស្ម័គ្រ​ចិត្ត​អាយុ​ក្រោម ១៦ ​ឆ្នាំ​ទេ ​ហើយ​ក៏​មិន​មាន​ការ​ចូលរួម​ពី​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែរ។

យ៉ាងណា​មិញ ​កាល​ពី​ថ្ងៃទី ​២ ធ្នូ​ ចក្រភព​អង់គ្លេស​បាន​ធ្វើ​ការ​អនុញ្ញាត​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ជា​បន្ទាន់​រួច​ហើយ ​ដោយ​មាន​ស្ត្រី​អាយុ ៩០ ​ឆ្នាំ​ទទួល​វ៉ាក់សាំង​មុន​ គេ​នៅ​ថ្ងៃ​អង្គារ​ទី៨ ហើយ​រដ្ឋាភិបាល​អង់គ្លេស​មាន​ផែនការ​ចែកចាយ​វ៉ាក់​សាំង​ចំនួន ​៨០០ ០០០ ​ដូស​​ក្នុង​រយៈពេល ​១ សប្ដាហ៍​។

រីឯ​ប្រទេស​អ៊ីស្រាអែល ​វិញ ​បាន​​ប្រកាស​ថា ​ខ្លួន​ទទួល​វ៉ាក់សាំង ​Pfizer/BioNTech ​ចំនួន ១១០ ០០០​ ដូស​នៅ​ថ្ងៃ​ពុធ ​ទី ៩ ​ហើយ​នឹង​ចាក់​ជា​ខ្នាត​តូច​សិន ហើយ​នឹង​ចាប់​ផ្ដើម​ចាក់​ក្នុង​សហគមន៍​ជា​ទ្រង់ទ្រាយ​ធំ​ភ្លាមៗ​បន្ទាប់​ពី​បុណ្យ​ណូអែល​។

រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​នេះ​ចំនួន​ ១០០​ លាន​ដូស ​ក្នុង​តម្លៃ ​១,៩៥ ពាន់​លាន​ដុល្លារ​ ហើយ​នៅ​រង់ចាំ​ការ​អនុញ្ញាត​ឱ្យ​ប្រើ​ជា​បន្ទាន់​ពី​ FDA ​ប៉ុណ្ណោះ។ ​ក្រៅ​ពី​វ៉ាក់សាំង ​Pfizer/​BioNTech វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Moderna ​ក៏​បាន​ស្នើ​ការ​អនុញ្ញាត​ប្រើប្រាស់​បន្ទាន់​ផង​ដែរ ​ហើយ​រដ្ឋាភិបាល​អាមេរិក​ក៏​​បាន​បញ្ជា​ទិញ​យក​វ៉ាក់សាំង​នេះ​ចំនួន ១០០ លាន​ដូស​ផង​ដែរ​​ ​ក្នុង​តម្លៃ ១,៥ ពាន់​លាន​ដុល្លារ។ បើ​សិន​វ៉ាក់សាំង​ទាំង​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក​ក៏​ដោយ ​ក៏​នៅ​តែ​ត្រូវ​បន្ត​ការ​សាកល្បង​ក្នុង​​ដំណាក់​កាលទី​៣ ​ដដែល ដើម្បី​ធានា​សុវត្ថិភាព​៕