The Phnom Penh Post Search

Search form

អាមេរិក​បង្ហាញ​សាច់ដុំ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង

Content image - Phnom Penh Post
យន្តហោះ F/A-18 Hornets ចេញ​នាវា​ដឹក​យន្តហោះ USS Theodore Roosevelt ខណៈ​នាវា​នេះ​បើក​ឆ្លង​កាត់់​តំបន់​សមុទ្រ​ចិន​​ខាងត្បូង​កាល​ពី​ថ្ងៃ​ទី ១០ មេសា។ AFP

អាមេរិក​បង្ហាញ​សាច់ដុំ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង

សមុទ្រ​ចិន​ខាងត្បូងៈ យន្តហោះ F/A-18 Hornets ប្រមាណ​ជាង ២០ គ្រឿង​របស់​អាមេរិក បាន​បើក​ចេញ​ពី​នាវា​ដឹក​យន្តហោះ USS Theodore Roosevelt ជាការ​បង្ហាញ​ឲ្យ​ឃើញ សាច់​ដុំ​យោធា​របស់​អាមេរិក ខណៈ​នាវា​ដឹក​យន្តហោះ​បាន​បើក​ឆ្លង​កាត់​សមុទ្រ​ចិន​ខាងត្បូង។

ការហ្វឹកហាត់​កាលពី​ថ្ងៃ​អង្គារ បាន​កើតឡើង​នៅមុខ​កំពង់ផែ​មួយ​នៅក្នុង​ប្រទេស​ហ្វីលីពីន ដែល​រួម​មាន​ប្រទេស​ជាច្រើន​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ជាមួយ​ក្រុង​ប៉េកាំង​ជុំវិញ​ការ​ទាមទារ​ដែន​ទឹក​យុទ្ធសាស្ត្រ​នោះ​ជា​របស់​ខ្លួន។

ការបង្ហាញ​សាច់ដុំ​នោះ ត្រូវបាន​ធ្វើឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​ក្រុង​ប៉េកាំង បាន​បង្ហាញ​សាច់ដុំ​យោធា​របស់​ខ្លួន ជាមួយ​នឹង​ការ​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ទ្រង់ទ្រាយ​ធំ​មួយ ដែល​មាន​នាវា​ដឹក​យន្តហោះ​មួយ​គ្រឿង និង​នាវា​រាប់​សិប​គ្រឿង​ផ្សេង​ទៀត នៅ​ចម្ងាយ​ពីរ​បី​រយ​គីឡូម៉ែត្រ​ទៅ​ភាគ​ខាង​ជើង។

មេបញ្ជាការ​នៃ​ក្រុម​វាយប្រហារ​យន្តហោះ​លោក​ឧត្តម​នាវីឯក Steve Koehler បាន​ថ្លែងថា៖ «យើង​បាន​ឃើញ​នាវា​របស់​ចិន​ជាច្រើន​គ្រឿង​នៅ​ជុំវិញ​ពួក​យើង»។

លោក​បាន​ថ្លែង​ទៀតថា៖ «ពួកគេ​គឺជា​ក្រុម​នាវា​ក្នុងចំណោម​ក្រុម​នាវា​ជាច្រើន​នៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា យើង​មិន​បាន​ឃើញ​អ្វី​ក្រៅ​ពី​ការងារ​តាម​ជំនាញ​វិជ្ជាជីវៈ​ពី​នាវា ដែល​យើង​បាន​ជួប​នោះ​ទេ»។

លោក Koehler បាន​ទទួលស្គាល់ថា​មាន​ជម្លោះ​ជាច្រើន​ជុំវិញ​តំបន់​នោះ ប៉ុន្តែ​បាន​បញ្ជាក់​ថា ក្រុម​នាវា​ទាំង​នោះ បាន​បើក​ឆ្លង​កាត់​ដែន​ទឹក​អន្តរជាតិ។

អាមេរិក​ជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​ហ្វីលីពីន​មិន​មែន​ជា​ភាគី​នៅក្នុង​ជម្លោះ​ណាមួយ​ឡើយ ប៉ុន្តែ​ទាមទារ​ឲ្យ​ផ្លូវទឹក​ដ៏​សំខាន់​នេះ​បើក​ចំហ​ដល់​ការ​​ដឹក​ជញ្ជូន និង​ឆ្លង​កាត់​បាន។

លោក Koehler ថ្លែងថា ប្រសិនបើ​នាវា​ទាំងអស់​ប្រតិបត្តិការ​ស្រប​តំបន់​បទដ្ឋាន និង​ច្បាប់​អន្តរជាតិ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ និង​អ្វី​ដែល​យើង​បាន​ឃើញ កំពុង​ប្រតិបត្តិការ​នៅ​ក្នុង និង​ជុំវិញ​សមុទ្រ​ចិន​នោះ វា​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ៕

អត្ថបទគួរចាប់អារម្មណ៍