
លោក Joel Rayburn ប្រេសិតពិសេសរបស់រដ្ឋបាល Trump ប្រចាំនៅស៊ីរី។ AFP
កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើប្រទេសស៊ីរី សំដៅលើធនាគារកណ្តាលប្រទេសនេះដោយដាក់ឈ្មោះបុគ្គល និងអង្គភាពជាច្រើនក្នុងបញ្ជីខ្មៅ ដើម្បីកាត់ផ្តាច់មូលនិធិរបស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad ក្នុងការបន្តសង្រ្គាមក្នុងស្រុកជាយូរឆ្នាំមក។
លោក Joel Rayburn ប្រេសិតពិសេសរបស់រដ្ឋបាល Trump ប្រចាំប្រទេសស៊ីរី បាននិយាយថា៖ «ពេលនេះ សហរដ្ឋអាមេរិកកំពុងដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួន ១៨ បន្ថែមទៀត។ បុគ្គល និងអាជីវកម្មពុករលួយទាំងនេះកំពុងរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅរកដំណោះស្រាយនយោបាយ និងសន្តិភាពចំពោះជម្លោះនៅស៊ីរី ដូចដែលបានអំពាវនាវដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២ ២២៤»។
លោក Rayburn បានបន្តថា៖ «ទណ្ឌកម្មលើកនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការកាត់បន្ថយសមត្ថភាពរបស់ក្រុមអ្នកគាំទ្ររបបនេះ រួមមានមេបញ្ជាការយោធា សមាជិកសភាស៊ីរី អង្គភាពរបប Assad និងអ្នកផ្តល់ហិរញ្ញប្បទានដោយប្រើប្រាស់តំណែងក្នុងការគាំទ្រការបង្កសង្រ្គាមឥតប្រយោជន៍ និងឃោរឃៅរបស់លោក Bashar al-Assad»។
សកម្មភាពចុងក្រោយដែលអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសស៊ីរី ប្រព្រឹត្តទៅកាលពីដើមឆ្នាំនេះ ធ្វើឡើងបន្ទាប់ពីការអនុម័តច្បាប់របស់សហរដ្ឋអាមេរិកកាលពី ១ ឆ្នាំមុន ដែលត្រូវបានគេស្គាល់ថាជា សកម្មភាពការពារជនស៊ីវិលស៊ីរីដែលឈ្មោះនេះត្រូវបានដាក់តាមពេលមួយដែលប៉ូលិសស៊ីរីម្នាក់បង្ហាញ រូបថតជនរងគ្រោះរាប់ពាន់នាក់នៃការធ្វើទារុណកម្មដោយរដ្ឋាភិបាល Assad។ សកម្មភាពទណ្ឌកម្មថ្មីនេះជាផ្នែកមួយនៃយុទ្ធនាការរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញឱ្យរដ្ឋាភិបាលរបស់លោក Assad ឱ្យចូលរួមក្នុងកិច្ចចរចាដឹកនាំដោយអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់សង្គ្រាមរយៈពេលជិត ១ ទសវត្សរ៍របស់ប្រទេសនេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកនឹងបន្តស្វែងរកគ្រប់វិធី ដើម្បីស្វែងរកអ្នកដែលបង្កឱ្យមានការអូសបន្លាយជម្លោះនេះ។
ប្រជាជនរាប់លាននាក់បានភៀសខ្លួនចេញពីប្រទេសស៊ីរី ហើយមនុស្សរាប់លាននាក់ផ្សេងទៀតបានបាត់បង់លំនៅឋានចាប់តាំងពីមានការតទល់គ្នារវាងក្រុមអ្នកតវ៉ា និងរដ្ឋាភិបាលរបស់លោក Assad តាំងពីឆ្នាំ ២០១១ ដែលបង្កឱ្យមានសង្គ្រាមស៊ីវិលជាមួយអ៊ីរ៉ង់ និងរុស្ស៊ី គាំទ្ររដ្ឋាភិបាលស៊ីរី និងសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា ការដាក់ទណ្ឌកម្មថ្មីនេះ បានបន្ថែមឈ្មោះបុគ្គលចំនួន ២ អង្គភាពអាជីវកម្មចំនួន ៩ និងធនាគារកណ្តាលនៃប្រទេសស៊ីរី ទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក។
លោក Pompeo បាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏ដាក់ឈ្មោះលោកស្រី Asma al-Assad ភរិយារបស់ប្រធានាធិបតីស៊ីរីចូលក្នុងបញ្ជីខ្មៅ ដោយចោទប្រកាន់លោកស្រីថា បានរារាំងកិច្ចប្រឹងប្រែងសម្រាប់ដំណោះស្រាយនយោបាយចំពោះសង្គ្រាមក្នុងស្រុក និងរារាំងសមាជិកគ្រួសារជាច្រើនរបស់លោកស្រីក្នុងការដោះស្រាយដូចគ្នា។ យ៉ាងណាមិញ លោកស្រី Asma al-Assad ក៏ធ្លាប់រងការដាក់ទណ្ឌកម្មកាលពីខែមិថុនា កន្លងទៅដែរ។
ចំណែកឯលោក Rayburn បាននិយាយថា៖ «លោកស្រី Asma al-Assad បានដឹកនាំកិច្ចខិតខំប្រឹងប្រែងចំពោះរបបនេះ ដើម្បីពង្រឹងអំណាចសេដ្ឋកិច្ច និងនយោបាយដោយប្រើប្រាស់ «អង្គការសប្បុរសធម៌ និងសង្គមស៊ីវិល» ជាច្រើន ដើម្បីសម្រេចគោលដៅនេះ។ អំពើពុករលួយរបស់លោកស្រី និងក្រុមគ្រួសារ គឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលបង្កឱ្យជម្លោះនេះនៅតែបន្តកើតឡើង»។
ក្នុងចំណោមអ្នកដែលអាមេរិកដាក់ក្នុងបញ្ជីខ្មៅរួមមាន អ្នកស្រី Lina Mohammed Nazir al-Kinayeh ជាទីប្រឹក្សាសំខាន់ម្នាក់របស់លោក Assad ប្តីអ្នកស្រី Lina សមាជិកសភាស៊ីរី លោក Mohammed Hammam Mohammed Adnan Masouti អាជីវកម្មដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលមួយចំនួន និងឧត្តមសេនីយ៍ Kifah Moulhem មេបញ្ជាការអង្គការស៊ើបការណ៍យោធារបស់ប្រទេសស៊ីរី ផងដែរ។
ការដាក់ទណ្ឌកម្មបន្ថែមកាលពីថ្ងៃអង្គារ របស់សហរដ្ឋអាមេរិក គឺជាការបង្កកទ្រព្យសម្បត្តិ ដែលជារបស់អ្នកដែលជាប់បញ្ជីខ្មៅ និងរារាំងជនជាតិអាមេរិកពីការទាក់ទងជាមួយអ្នកទាំងនោះទៀតផង។ ក្រសួងរតនាគារអាមេរិកបានឱ្យដឹងថា ជនដែលមិនមែនជាជនជាតិអាមេរិកាំង ដែលធ្វើប្រតិបត្តិការជាក់លាក់ជាមួយមនុស្ស និងអង្គភាពដែលស្ថិតក្នុងបញ្ជីខ្មៅក៏អាចរងនូវទណ្ឌកម្មដូចគ្នា។
លោក Rayburn បានបន្ថែមថា៖ «កុំមើលស្រាលអំណាចនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ច រួមផ្សំនឹងភាពឯកោ នយោបាយនេះណា។ ស្ថានភាពនេះយូរៗទៅអាចមានឥទ្ធិពលធ្ងន់ធ្ងរជាមិនខាន។ ខ្ញុំគិតថា យើងកំពុងមើលឃើញថា របប Assad និងសម្ព័ន្ធមិត្តរបស់ខ្លួននៅមិនទាន់ឃើញផលប៉ះពាល់នេះ នៅឡើយទេ (និយាយសំដៅទៅលើផលប៉ះពាល់នៃការដាក់ទណ្ឌកម្មថ្មីៗ ដែលបានចែងដោយច្បាប់ការពារជនស៊ីវិលស៊ីរី)។
កាលពីថ្ងៃចន្ទ ក្រសួងការបរទេសស៊ីរីបានសរសេរនៅក្នុងសេចក្ដីថ្លែងការណ៍របស់មន្ដ្រីក្រសួង មិនស្គាល់អត្តសញ្ញាណម្នាក់ថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេសនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។ សេចក្តីថ្លែងការណ៍បាននិយាយថា៖ «រាល់ការឈ្លានពានទៅលើប្រទេសស៊ីរី នឹងត្រូវបរាជ័យជាក់ជាមិនខាន»៕