ក្រុង​វ៉ាស៊ីនតោនៈ​ ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ប្តេជា្ត​វាយ​ប្រហារ​អ៊ីរ៉ង់​ដោយ​ទណ្ឌកម្ម​ថ្មី​ធំ​ជាង​មុន​ ខណៈ​ដែល ក្រុង​​តេអេរ៉ង់ ​បាន​ព្រមាន​ក្រុង​វ៉ាស៊ីនតោន​ថា​ ​ការ​វាយ​ប្រហារ​ណា​មួយ ​នឹង​ត្រូវ​បាន​មើល​ឃើញ​ថា​ ​​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​ទូទាំង​មជ្ឈិមបូព៌ា​នោះ ​នឹង​ឆាបឆះ​ដោយ​​​​ភ្លើង​សង្គ្រាម​ជាក់​ជា​មិន​ខាន​។​

សង្គ្រាម​ពាក្យ​សម្តី ​បាន​ផ្ទុះ​ឡើង ​ក្រោយ​ពី​លោក ​ដូណាល់​ ត្រាំ ​បាន​សម្រេច​ចិត្ត​មិន​ឲ្យ​មាន​សកម្មភាព​យោធា​ប្រឆាំង​អ៊ីរ៉ង់​ ជា​​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​ឈ្លប​យក​ការណ៍​របស់​ខ្លួន​ដោយ​​អ៊ីរ៉ង់​នោះ​។​

ឧប្បត្តិហេតុ​ ​ដែល​កើត​ឡើង​ក្រោយ​ពី​មាន​ការ​បាញ់​ទៅ​លើ​នាវា​ដឹក​ប្រេង​ជា​ច្រើន​គ្រឿង​ជា​បន្ត​បន្ទាប់​ នៅ​តាម​ផ្លូវ​ដឹក​ជញ្ជូន​ចេញ​ពី​ឈូង​សមុទ្រ​​ ដែល​អាមេរិក​ បាន​រិះគន់​ទៅ​លើ​អ៊ីរ៉ង់ បាន​បង្ក​ឲ្យ​មាន​ទំនាក់ទំនង​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​រវាង​ប្រទេស​ទាំង ​២​។​

អ៊ីរ៉ង់ ​​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ណា​មួយ​​ឡើយ​​។​

អង្គការ​នៃ​សហគមន៍​​អ៊ីរ៉ង់-US ហែ​ក្បួន​ទាមទារ​ឲ្យ​ទទួល​ស្គាល់​​សិទ្ធិ​ប្រជាជន​អ៊ីរ៉ង់​ដើម្បី​ផ្លាស់​ប្តូរ​អ៊ីរ៉ង់។

លោក​ ​ដូណាល់​ ត្រាំ​ ដែល​​កាល​ពី​ថ្ងៃ​សៅរ៍ ​​​បាន​កោះ​​​ប្រជុំ​ជាមួយ​​​​​ក្រុម​ទីប្រឹក្សា​របស់​លោក​​​​នៅ​ឯ​មូលដ្ឋាន​​យោធា​ Camp David ​បាន​ថ្លែង​ប្រាប់​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ជា​លើក​ដំបូង​ថា ​លោក​ចង់​ធ្វើ​ជា ​«​មិត្ត​ដ៏​ល្អ​បំផុត​» ​របស់​អ៊ីរ៉ង់​ ប្រសិន​បើ​ប្រទេស​មួយ​នេះ​បាន​ព្រមព្រៀង​លុប​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នោះ​។​

លោក ​ត្រាំ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​៖ «​នៅ​ពេល​ដែល​ពួក​គេ ​បាន​យល់ព្រម​ដោះ​ស្រាយ​បញ្ហា​នោះ​ ពួក​គេ​នឹង​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​។​ ពួក​គេ​នឹង​សប្បាយ​ចិត្ត​ជាក់​ជា​មិន​ខាន​ ហើយ​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​ពួក​គេ​»​។​

ប្រទេស អ៊ីរ៉ង់​ បាន​បដិសេធ​មិន​ព្រម​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ទេ​ ហើយ​បាន​ថ្លែង​ថា ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​គឺ​ធ្វើ​ឡើង ​ដើម្បី​គោល​បំណង​ស៊ីវិល​តែ​ប៉ុណ្ណោះ​។​

កិច្ច​ព្រមព្រៀង​អន្តរជាតិ​ បាន​ធ្វើ​ឡើង​ដោយ​ក្រុង​តេអេរ៉ង់​ និង​បណ្តា​ប្រទេស​មហា​អំណាច​ពិភព​លោក​កាល​ពី​ឆ្នាំ ​២០១៥​ ដើម្បី​ទប់ទល់​មហិច្ឆតា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ ការ​ដក​ទណ្ឌកម្ម​នោះ​។​

ប៉ុន្តែ​លោក ​ដូណាល់​ ត្រាំ ​បាន​បោះបង់​ចោល​កិច្ច​ព្រមព្រៀង​នោះ​ជាង​ ​១ ​ឆ្នាំ ​ហើយ​នឹង​​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ ដើម្បី​រាំង​ខ្ទប់​ការ​លក់​ប្រេង​របស់​អ៊ីរ៉ង់​ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ជាប់​គាំង​ បច្ចុប្បន្ន ​លោក ត្រាំ​ មាន​ផែនការ​ចង់​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ច្រើន​ទៅ​លើ​អ៊ីរ៉ង់​បន្ថែម​ទៀត​​៕​ AFP/SK