
លោក Mike Pompeo ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មាននៅក្រសួងការរបរទេស។ រូបថត AFP
អាមេរិកនៅមិនទាន់រកឃើញនៅឡើយថា តើប្រទេសណាជាអ្នកនៅពីក្រោយការលួចចូលប្រព័ន្ធទិន្នន័យដ៏ធំរបស់រដ្ឋាភិបាលខ្លួន ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងចង្អុលទៅប្រទេសចិន ខណៈដែលអ្នកការទូតកំពូលអាមេរិកលោក Mike Pompeo ចង្អុលទៅប្រទេសរុស្ស៊ី។
លោក Trump បានសរសេរលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី ១៩ ធ្នូ គឺ ១ ថ្ងៃក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo និយាយក្នុងកិច្ចពិភាក្សានៅអាមេរិកជាមួយលោក Mark Levin ថា ការវាយលុកចូលទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកជាកិច្ចការរបស់ «រុស្ស៊ីច្បាស់ណាស់»។
លោក Pompeo បាននិយាយថា ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលទាំងអស់នៅជុំវិញពិភពលោក កំពុងត្រូវបានគេកំណត់គោលដៅក្នុងការប្រើប្រាស់កម្មវិធីភាគីទី៣ ដើម្បីបង្កប់កូដនៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន និងរដ្ឋាភិបាលទាំងនោះ។
លោក Pompeo បានបន្តថា៖ «នេះគឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់មួយ ហើយខ្ញុំគិតថា វាជាករណីដែលយើងអាចមើលឃើញបានច្បាស់ថា ជាសកម្មភាពរបស់ប្រទេសរុស្ស៊ី។ រដ្ឋបាលលោក Trump កំពុងបិទមាត់ជិតសិន ដែលនេះជា «សកម្មភាពដ៏ឆ្លាតវៃមួយ» ដើម្បីអនុញ្ញាតឱ្យលទ្ធផលនៃការស៊ើបអង្កេតជាអ្នកលាតត្រដាងវិញ។
ជាមួយគ្នានេះមន្ត្រីនៅសេតវិមានក៏បានត្រៀមចេញសេចក្តីថ្លែងការណ៍មួយនៅរសៀលថ្ងៃសុក្រ ក្នុងការចោទប្រកាន់រុស្ស៊ីថាជា «តួអង្គសំខាន់» នៅក្នុងការលុកលុយទិន្នន័យនេះ ប៉ុន្តែត្រូវបានគេឃាត់នៅនាទីចុងក្រោយមុននឹងចេញសេចក្ដីថ្លែងការណ៍វិញ។ នេះបើយោងតាមមន្រ្តីអាមេរិកម្នាក់និយាយក្នុងលក្ខខណ្ឌអនាមិកដែលការឃាត់មិនទាន់ឱ្យចេញសេចក្ដីថ្លែងការណ៍នេះ គឺដើម្បីពិភាក្សាដេញដោលជាលក្ខណៈឯកជនសិន។
យ៉ាងណាមិញអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីមិនបានពាក់ព័ន្ធនឹងរឿងនេះទេហើយក៏បានច្រានចោលការចោទប្រកាន់នេះដែរ។
លោក Trump សរសេរលើ Twitter កាលពីថ្ងៃសៅរ៍ថា៖ «ឱ្យតែពេលមានរឿងអ្វីកើតឡើងគេនាំគ្នាស្រែកតែរុស្ស៊ី» ពីព្រោះប្រព័ន្ធផ្សព្វផ្សាយភ័យខ្លាចនៅពេលដែលមានការជជែកពីលទ្ធភាពអាចទៅរួចដែលថា ចិនក៏អាចពាក់ព័ន្ធនឹងរឿងនេះដែរ។ យ៉ាងណាមិញលោកមិនបានលើកឡើងពីហេតុផលរបស់លោកក្នុងការសង្ស័យប្រទេសចិន នោះទេ។
ទោះជាលោក Pompeo គឺជាមន្រ្តីរដ្ឋបាល Trump ដំបូងគេដែលបានអះអាងជាសាធារណៈថា រុស្ស៊ីជាអ្នកនៅពីក្រោយការលុកលុយទិន្នន័យអាមេរិកយ៉ាងណាក្ដីអ្នកជំនាញសន្តិសុខអ៊ីនធឺណិត និងមន្រ្តីសហរដ្ឋអាមេរិកដទៃទៀតក៏បានបញ្ជាក់យ៉ាងច្បាស់កាលពីសប្តាហ៍មុនដែលថា ប្រតិបត្តិការនេះហាក់ដូចជាការងាររបស់ប្រទេសរុស្ស៊ី ហើយក៏មិនមានការលើកឡើងណាមួយដែលគួរឱ្យទុកចិត្តបានដែរថា មានប្រទេសផ្សេងទៀត រួមទាំងប្រទេសចិន ផងនោះ ជាអ្នកទទួលខុសត្រូវចំពោះរឿងនេះឡើយ។
ក្រុមគណបក្សប្រជាធិបតេយ្យនៅក្នុងសភាដែលជាអ្នកទទួលធ្វើរបាយការណ៍ក៏បានបញ្ជាក់ជាសាធារណៈដែរថា ប្រទេសរុស្ស៊ី ធ្លាប់បានលួចចូលទិន្នន័យក្រសួងការបរទេសកាលពីឆ្នាំ ២០១៤ និងបានជ្រៀតជ្រែកការងារបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦។
យ៉ាងណាមិញ គេមិនទាន់ប្រាកដថា តើក្រុមលួចទិន្នន័យតាមអ៊ីនធឺណិត (hacker) ចង់បានអ្វីឱ្យពិតប្រាកដ ប៉ុន្តែអ្នកជំនាញនិយាយថា វាអាចនឹងពាក់ព័ន្ធនឹងអាថ៌កំបាំងបង្កើតនុយក្លេអ៊ែរស្ងាត់ៗ ប្លង់មេសម្រាប់អាវុធទំនើប និងការស្រាវជ្រាវ និងព័ត៌មានទាក់ទងនឹងវ៉ាក់សាំងការពារកូវីដ ១៩ ក៏អាចថាបានដែរ។
កាលពីថ្ងៃចន្ទ សប្ដាហ៍មុនក្រុមហ៊ុននៅរដ្ឋ Texas ឈ្មោះ SolarWinds បានបង្ហាញថា អ្នកប្រើប្រាស់កម្មវិធីគ្រប់គ្រងបណ្តាញដ៏ពេញនិយមឈ្មោះថា Orion ចំនួន ១៨ ០០០ នាក់ ត្រូវបានលុកលុយទិន្នន័យ និងឆ្លងមេរោគដោយមិនដឹងខ្លួន ដែលករណីនេះ ត្រូវបានគេហៅថា ជាការលុកលុយទិន្នន័យពីក្រៅប្រទេស។
ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានសរសេរក្នុងប្លុកមួយកាលពីថ្ងៃសុក្រថា ប្រមាណជា ៨០% នៃអតិថិជនដែលទទួលរងផលប៉ះពាល់នេះមានទីតាំងស្ថិតនៅក្នុងសហរដ្ឋអាមេរិក ហើយក៏មាននៅទីតាំងផ្សេងៗទៀតដែរ រួមមានចក្រភពអង់គ្លេស បែលហ្ស៊ិក កាណាដា អ៊ីស្រាអែល ម៉ិកស៊ិក អេស្ប៉ាញ និងអារ៉ាប់រួម។
យ៉ាងណាមិញ មន្ទីរបញ្ចកោណក៏កំពុងតែស្នើសុំឱ្យមានការរៀបចំដាក់មន្រ្តីយោធាតែម្នាក់ ដើម្បីដឹកនាំអង្គការ ២ ដ៏សំខាន់ក្នុងការការពារសន្តិសុខតាមអ៊ីនធឺណិតរបស់ប្រទេសនេះ ដែលការលើកឡើងនេះត្រូវបានគេបារម្ភជាខ្លាំង ជាពិសេសក្នុងអំឡុងពេលដែលប្រទេសកំពុងជួបនឹងបញ្ហាការលុកលុយទិន្នន័យរបស់ប្រទេសទ្រង់ទ្រាយធំ ដែលមិនទាន់ដោះស្រាយរួច។
តំណាងប្រធានគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធប្រចាំប្រទេស លោក Adam Smith បានសរសេរក្នុងលិខិតទៅកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិ Christopher Miller ថា គាត់បានជំទាស់ទៅនឹងវិធីដែលមន្ទីរបញ្ចកោណបានលើកឡើងស្ដីអំពីការបំបែកអ្នកបញ្ជាការសន្តិសុខអ៊ីនធឺណិតអាមេរិកពីទីភ្នាក់ងារសន្តិសុខជាតិ។
បច្ចុប្បន្ន អង្គការទាំង ២ កំពុងស្ថិតក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ Paul Nakasone ដែលការកាន់តំណែងនេះ ត្រូវបានគេរិះគន់ថា លោក «ខ្លួន ១ ជិះទូក ២»។
លោក Smith បានសរសេរថា៖ «រាល់សកម្មភាពដែលបំបែកខ្លួនជា ២ នេះ អាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់យើង ជាពិសេសក្នុងអំឡុងពេលដែលប្រទេសកំពុងជួបប្រទះនឹងការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសយើង»។
លោកក៏បានស្នើឱ្យមានការលុបចោលនូវរចនាសម្ព័ន្ធជិះទូក ២ នេះចេញ និងស្នើឱ្យមានអ្នកពិគ្រោះយោបល់ជាបន្ទាន់ជាមួយគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធទាក់ទិននឹងវិធានការនេះ។ លោកក៏បានក្រើនរំឭកឱ្យមានការបញ្ចប់ទំនាក់ទំនងកាន់តំណែង ២ ដែលកាន់សន្តិសុខជាតិផង និងសុន្តិសុខអ៊ីនធឺណិតផង ដោយអះអាងថា មិនត្រឹមតែពិបាកគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយនឹងច្បាប់ទៀតផង៕