ក្រុងម៉ាណាហ្គា: កាលពីថ្ងៃអង្គារ អាមេរិកបានធ្វើការចោទប្រកាន់រដ្ឋាភិបាលនីការ៉ាហ្គា ពីបទប្រព្រឹត្តអំពើហិង្សា «គួរ ឲ្យស្អប់» និងការបង្ក្រាបលើហ្វូងអ្នកតវ៉ា ដែលទាមទារឲ្យបណ្តេញប្រធានាធិបតី Daniel Ortega ចេញពីតំណែង។
ការវាយប្រហារដោយសម្តីដែលមាននៅក្នុងសេចក្តីថ្លែងការណ៍មួយចេញពីសេតវិមានគឺជាការរិះគន់ជាអន្តរជាតិ ខ្លាំងៗបំផុតប្រឆាំងលោក Ortega និងរដ្ឋការរបស់លោក ចាប់តាំងពីភាពចលាចល បានផ្ទុះឡើងកាលពីមួយសប្តាហ៍កន្លងទៅ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិច ២៧ នាក់ ស្លាប់។
ការរិះគន់នោះ បានកើតឡើងខណៈលោក Ortega អតីតមេដឹកនាំក្រុមឧទ្ទាមឆ្វេងនិយមវ័យ ៧២ ឆ្នាំ ដែលបានគ្រប់គ្រងអំណាចក្នុងប្រទេសនីការ៉ាហ្គារយៈពេល ២២ ឆ្នាំក្នុងអំឡុងរយៈពេល ៣៩ ឆ្នាំ ព្យាយាមបង្ក្រាបការតវ៉ាតាមដងផ្លូវ ដែលបាននាំគ្នាធ្វើការប្រឆាំងរូបលោក បន្ទាប់ពីបានដាក់ពង្រាយកងកម្លាំងសន្តិសុខជាដំបូង និងបិទមាត់សារព័ត៌មានឯករាជ្យ។
បន្ទាប់ពីមានការដើរក្បួនប្រឆាំងរដ្ឋាភិបាលដ៏ធំមួយនៅក្នុងរដ្ឋធានីម៉ាណាហ្គា (Managua) កាលពីថ្ងៃចន្ទ បង្កឡើងដោយក្រុមពលករ និស្សិត អ្នកទទួលប្រាក់រ៊ឺត្រែត និងក្រុមពលរដ្ឋសាមញ្ញរាប់ម៉ឺននាក់ មក លោក Ortega ដែលហ៊ុមព័ទ្ធដោយបញ្ហា បានបង្កើនការអំពាវនាវឲ្យមានវប្បធម៌ចរចារវាងរដ្ឋាភិបាល និងក្រុមអ្នកតវ៉ា។
លោកក៏បានបញ្ជាឲ្យមានការដោះលែងក្រុមអ្នកប្រឆាំងតវ៉ារាប់សិបនាក់ ដែលត្រូវបានចាប់ខ្លួនអំឡុងការប្រឆាំងតវ៉ានិងបានដកការហាមប្រាមផ្សព្វផ្សាយលើស្ថានីយទូរទស្សន៍ ឯកជនមួយ។
ការផ្តល់សម្បទាននេះ ហាក់បានធ្វើឲ្យស្ងប់ចិត្តដល់ក្រុម អ្នកជំនួញនៅក្នុងប្រទេសនេះ ដែលបានលះបង់សម្ព័ន្ធភាពយូរអង្វែងជាមួយលោក Ortega ជុំវិញអំពើហិង្សានេះ។
ប៉ុន្តែ ស្ថានភាពនៅតែបន្តមានភាពតឹងតែង និងស្ថិតក្នុងសភាពមិនច្បាស់លាស់ ដោយសិស្សនិស្សិតជាច្រើន ប្តេជ្ញាបន្តធ្វើយុទ្ធនាការរបស់ពួកគេដើម្បីបង្ខំឲ្យលោក Ortega ចុះចេញពីអំណាច ហើយក្រុមប៉ូលិស មិនបានបង្ហាញសញ្ញាបញ្ឈប់សកម្មភាពរបស់ពួកគេឡើយ។
សេចក្តីថ្លែងការណ៍ពីសេតវិមាន បានឲ្យដឹងថា អំពើហិង្សាខាងនយោបាយដ៏គួរឲ្យស្អប់បង្កឡើងដោយក្រុមប៉ូលិស និងក្រុមជនខិលខូចគាំទ្ររដ្ឋាភិបាលប្រឆាំងក្រុមពលរដ្ឋនីការ៉ាហ្គា ជាពិសេស ក្រុមនិស្សិតសាកលវិទ្យាល័យ បានបង្កការភ្ញាក់ផ្អើលដល់សហគមន៍អន្តរជាតិ ដែលប្រកាន់ប្រជាធិបតេយ្យ»។
អាមេរិកថ្កោលទោសចំពោះការបង្ក្រាប ដោយហិង្សានេះ៕