កាល​ពី​ថ្ងៃទី ៥​ ធ្នូ ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​លុបចោល​កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​ចំនួន ​៥ ​ជាមួយ​ប្រទេស​ចិន​ ដោយ​អះអាង​ថា​ ចិន​យក​ឱកាស​នេះ ​ដើម្បី​ឃោសនា​ប្រទេស​ខ្លួន ហើយ​​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​សហរដ្ឋអាមេរិក​ឡើយ​។

ការ​សម្រេច​ដូច​នេះ ​ធ្វើ​ឡើង​ក្រោយ​ការ​ប្រកាស​រឹត​ត្បិត​ទិដ្ឋាការ​ថ្មី​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ដោយ​កំណត់​ការ​ស្នាក់​របស់​សមាជិក​នៃ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​អាមេរិក​ និង​ជា​សញ្ញា​នៃ​ការ​រង្គោះរង្គើ​បន្ថែម​ទៀត​នៃ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​នៅ​ក្នុង​សប្តាហ៍​ចុង​ក្រោយ​នៃ​ពេល​វេលា​របស់​ប្រធានាធិបតី ​ដូណាល់​ ត្រាំ ​ក្នុង​ការ​កាន់​តំណែង​។

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​លោក ​Mike Pompeo ​បាន​និយាយ​ថា ​កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​ដែល​លោក​បាន​បញ្ចប់ នេះ​ត្រូវ​បាន​ផ្ដល់​ថវិកា​ និង​ដំណើរការ​​ដោយ​រដ្ឋាភិបាល​ចិន​ពេញ​ទំហឹង​ដើម្បី​ធ្វើ​ជា​ ​«ឧបករណ៍​ឃោសនា​អំណាច​ស្រាល​មួយ»។ ​​លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ថា​ ពួក​គេ​បាន «ឱ្យ​អ្នក​ដែល​ជា​មន្រ្តី​គណបក្ស​កុម្មុយនីស្ត​ចិន​មក​ចូលរួម​ មិន​មែន​ប្រជាជន​ចិន​ឡើយ ហើយ​ប្រជាជន​ទាំង​នោះ​មិន​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ការ​ជួប​ជុំ​ឡើយ​»។

ក្រសួង​ការ​បរទេស​អាមេរិក​បាន​​លុប​ចោល​កម្មវិធី​ផ្លាស់​ប្ដូរ​វប្បធម៌​ចំនួន ​៥ ​រួម​មាន ​កម្មវិធី​អ្នក​ធ្វើ​គោល​នយោបាយ​ទស្សនកិច្ច​អប់រំ​ចិន​ កម្មវិធី​ទស្សនកិច្ច​មិត្តភាព​សហរដ្ឋ​អាមេរិក-ចិន កម្មវិធី​ផ្លាស់​ប្តូរភាព​ជា​អ្នក​ដឹកនាំ​សហរដ្ឋអាមេរិក-ចិន ​កម្មវិធី​ផ្លាស់​ប្តូរ​ប៉ាស៊ីហ្វិក​សហរដ្ឋ​អាមេរិក-ចិន​ និង​កម្មវិធី​អប់រំ​ និង​វប្បធម៌​ហុងកុង​ផង​ដែរ។

កម្មវិធី​នីមួយៗ​ អនុញ្ញាត​ឱ្យ​មន្រ្តី​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន ដោយ​ថ្លៃ​ចំណាយ​ទាំង​អស់​ជា​ការ​រ៉ាប់រង​របស់​ទីក្រុង​ប៉េកាំង​។

លោក ​Pompeo ​បាន​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​សូម​​ស្វាគមន៍​ចំពោះ ​«ការ​ផ្លាស់ប្តូរ​កម្មវិធី​វប្បធម៌​ទៅ​វិញ​ទៅ​មក​ និង​ដោយ​យុត្តិធម៌»​ ជាមួយ​ប្រទេស​ចិន ហើយ​កម្មវិធី​ដែល​មាន​​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​នឹង​នៅ​រក្សា​ទុក​ដដែល​។

ក្រសួង​ការ​បរទេស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា​ ខ្លួន​នឹង​បដិសេធ​ទិដ្ឋាការ​ដល់​ពលរដ្ឋ​ចិន​ដែល​មាន​ជាប់​ទាក់ទង​នឹង​ប្រតិបត្ដិការ​ដែល​មាន​ឥទ្ធិពល​នៅ​​បរទេស​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ និង​មធ្យោបាយ​បំភិតបំភ័យ​ផ្សេងៗ។​ ក្នុង​នោះ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​លោក ​Mike Pompeo​បាន​និយាយ​ថា​ ការ​រឹត​ត្បិត​នេះ ​នឹង​អនុវត្ត​ចំពោះ​មន្ត្រី​បក្សកុម្មុយនីស្ត​ចិន ​ឬនរណា​ម្នាក់​ផ្សេង​ទៀត​ ដែល​ចូលរួម​​​ក្នុង​ការ​ឃោសនា​ ឬ​ផ្ដល់​ឥទ្ធិពល​​យុទ្ធនាការ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នាយកដ្ឋាន​រណសិរ្ស​​រួបរួម​ (United Front Work Department) ប៉ុណ្ណោះ។

រណសិរ្ស​រួបរួម​នេះ​មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​ការងារ​ដាក់​សម្ពាធ​លើ​ប្រជាជន​នៅ​ក្រៅ​ព្រំដែន​ប្រទេស​ចិន​ ដែល​ប្រជាជន​ទាំង​នេះ ​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់ ​អ៊ូហ្គួរ ​ទីបេ ​និង​តំបន់​ផ្សេង​ទៀត​ផង​ដែរ​។

ពលរដ្ឋ​ចិន​នឹង​ត្រូវ​គេ​បដិសេធ​មិន​ឱ្យ​ទិដ្ឋាការ​ចូល​សហរដ្ឋ​អាមេរិក​ទេ ​ប្រសិន​បើ​ពួក​គេ​មាន​ពាក់ព័ន្ធ​នឹង​រណសិរ្ស​រួបរួម ​ដោយ​ប្រើ​អំពើ​ហិង្សា​ការ​គំរាមកំហែង​ ឬ​មធ្យោបាយ​ផ្សេង​ទៀត ក្នុង​ន័យ​ដាក់​សម្ពាធ​ប្រឆាំង​នឹង​សហគមន៍​ចិន​ក្រៅ​ប្រទេស​ អ្នក​សិក្សា ​ឬ​ក្រុម​សង្គម​ស៊ីវិល​នៅ​សហរដ្ឋ​អាមេរិក​ ឬ​កន្លែង​ផ្សេង​ទៀត​ដើម្បី​ជំរុញ «កម្លាំង​កុម្មុយនីស្ត​ចិន ​និង​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​ខ្លួន»។ នេះ​បើ​​យោង​តាម​សេចក្តី​ពណ៌នា​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​អំពី វិធាន​ការ​របស់​ក្រសួង​ការ​បរទេស​អាមេរិក​។

យ៉ាងណា​មិញ​នៅ​មិន​ទាន់​មាន​ការ​កំណត់​ច្បាស់​លាស់​ទេ​ថា ​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​អាច​ត្រូវ​បាន​ប៉ះពាល់​ពេល​ចាប់​ផ្ដើម​ការ​​រឹត​ត្បិត​ថ្មី​នេះ​។

ការ​ផ្លាស់ប្តូរ​នេះ ​បាន​កើត​ឡើង​ក្នុង​សប្តាហ៍​ដូច​គ្នា​ដែល​សហរដ្ឋអាមេរិក ​បាន​ប្រកាស​ផែនការ​កំណត់​ពេល​វេលា​ថ្មី​លើ​ទិដ្ឋាការ​សម្រាប់​សមាជិក​នៃ​បក្ស​កុម្មុយនីស្ត​ចិន និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដោយ​កាត់​បន្ថយ​ពេលវេលា​ដែល​ឯកសារ​ធ្វើ​ដំណើរ​មាន​សុពលភាព​ពី ​១០ ឆ្នាំ​ទៅ​ ១ ខែ​។

ប្រទេស​ចិន ​បាន​ឆ្លើយ​តប​ចំពោះ​ការ​រឹតត្បិត​ទាំង​នោះ​ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ពី​ការ ​«បង្កើន​ការ​ដាក់​សម្ពាធ​នយោបាយ»។

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស លោកស្រី ​ហួ ​ឈុនយីង ​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​គឺ «មិន​ត្រូវ​គ្នា​នឹង​គោលការណ៍​របស់​អាមេរិក​​សោះ» ហើយ​​នឹងធ្វើ​ឱ្យ​ខូច​មុខ​មាត់​​អាមេរិក​ក្នុង​ពិភព​លោក​ផង​ដែរ​។​

រដ្ឋបាល​របស់​លោក Trump ​បាន​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ​គ្នា​ប្រឆាំង​ទៅ​នឹង​ប្រទេស​ចិន ​ខណៈដែល​ជម្លោះ​នៃ​ប្រទេស​ទាំង​ ២​ នេះ ​កាន់​តែ​មាន​សភាព​ខ្លាំង​ឡើងៗ​លើ​បញ្ហា​​​សិទ្ធិ​មនុស្ស​ ជំងឺ​រាតត្បាត​កូវីដ ១៩ ពាណិជ្ជកម្ម​បច្ចេកវិទ្យា​ បញ្ហា​​តៃវ៉ាន់​ និង​បញ្ហា​ជា​ច្រើន​ទៀត។ ​គ្រប់​ជំហាន​របស់​លោក ​Trump ​មាន​គោល​បំណង​ធ្វើ​យ៉ាងណា​ធ្វើ​ឱ្យ​ប្រទេស​មាន​ការ​ក្រឡាប់​ចក្រ​មុន​ពេល​លោក ​Joe Biden ក្លាយ​ជា​ប្រធានាធិបតី​នៅ​ថ្ងៃទី ២០ ​ខែ​មករា​៕