រដ្ឋបាលប្រធានាធិបតី Joe Biden បានស្នើទៅរដ្ឋាភិបាលអាហ្វហ្គានីស្ថានឱ្យធ្វើកិច្ចព្រមព្រៀងចែករំលែកអំណាចជាមួយតាលីបង់ជាបណ្ដោះអាសន្នដែលរដ្ឋាភិបាលបច្ចុប្បន្ននឹងត្រូវជំនួសដោយរដ្ឋាភិបាលរួមបណ្ដោះអាសន្នមួយរហូតដល់ពេលរដ្ឋធម្មនុញ្ញថ្មីត្រូវបានព្រមព្រៀង និងការរៀបចំការបោះឆ្នោតបានធ្វើឡើង នេះបើតាមសេចក្ដីព្រាងផែនការសន្តិភាពថ្មីមួយពីប្រេសិតពិសេសរបស់អាមេរិកប្រចាំអាហ្វហ្គានីស្ថានដែលត្រូវបានបែកធ្លាយជាសាធារណ:។
មានប្រភពផ្នែកកិច្ចការនយោបាយចំនួន ៤ រួមទាំងមន្ត្រីវិមានប្រធានាធិបតីជាន់ខ្ពស់ ១ រូប នៅក្នុងទីក្រុងកាប៊ុល ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកបានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី ៨ មីនាថា ឯកសារបែកធ្លាយនេះ គឺជាផែនការព្រាងរបស់អាមេរិកពិតមែន។ ផែនការនេះត្រូវបានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃអាទិត្យ ទី ៧ មីនា ដោយ TOLONews និងសារព័ត៌មានអាហ្វហ្គានីស្ថានផ្សេងទៀត។
ប្រេសិតពិសេសរបស់អាមេរិកប្រចាំអាហ្វហ្គានីស្ថានលោក ZalmayKhalilzad ដែលជាអ្នកតំណាងអាមេរិកក្នុងការចរចាជាមួយតាលីបង់ បានចែកចាយផែនការ «រដ្ឋាភិបាលសន្តិភាពអន្តរកាល» ទៅកាន់រដ្ឋាភិបាលលោកប្រធានាធិបតី Ashraf Ghani មេដឹកនាំបក្សប្រឆាំងមេដឹកនាំសង្គមស៊ីវិល និងអ្នកតំណាងក្រុមតាលីបង់។
ផែនការនេះ នឹងបង្កើតរដ្ឋាភិបាលអន្តរកាលមួយដែលរួមមាន «រដ្ឋបាលប្រតិបត្តិ» ជ្រើសរើសដោយភាគីសងខាងដោយមានការពិចារណាពិសេសសម្រាប់ការដាក់បញ្ចូលស្ត្រី និងសមាជិកជនជាតិទាំងអស់។
រដ្ឋបាលបណ្ដោះអាសន្នដែលស្ថិតនៅក្រោមប្រធានាធិបតីមួយរូបដែលត្រូវបានជ្រើសរើសដោយភាគីទាំងសងខាងនឹងដឹកនាំប្រទេសរហូតដល់ការបោះឆ្នោតអាចត្រូវបានធ្វើឡើងនៅក្រោមរដ្ឋធម្មនុញ្ញថ្មីដែលព្រាងដោយគណៈកម្មការជ្រើសរើសដោយភាគីទាំង ២ និងប្រធានាធិបតី។
បទឈប់បាញ់ទូទាំងប្រទេសនឹងត្រូវបានអនុវត្តក្រោមការត្រួតពិនិត្យដោយគណៈកម្មការចម្រុះមួយដោយភាគីនីមួយៗជ្រើសរើសសមាជិក ៤ រូប ហើយសមាជិកទី៩ នឹងត្រូវបានតែងតាំងដោយប្រធានាធិបតីរដ្ឋបាលបណ្ដោះអាសន្ន។ សេចក្តីព្រាងនេះ បាននិយាយថា អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៣ រូប នឹងធ្វើការជាមួយគណៈកម្មការនេះ។
ក្រោមរដ្ឋាភិបាលអន្តរកាលរដ្ឋសភាអាចត្រូវបានពង្រីក ដើម្បីរួមបញ្ចូលសមាជិកពីក្រុមតាលីបង់ ឬត្រូវព្យួររហូតដល់ការបោះឆ្នោតថ្មី។ ផែនការនេះក៏បានចែងថា អាហ្វហ្គានីស្ថានមិនអាច «ធ្វើជាទីជម្រករបស់ភេរវករ ឬអនុញ្ញាតឱ្យសកម្មភាពទាក់ទងនឹងភេរវករនៅលើទឹកដីរបស់ខ្លួន» ដែលគំរាមកំហែងដល់ប្រទេសដទៃទៀត ហើយក្រុមតាលីបង់ត្រូវតែបោះបង់ទីជម្រកសុវត្ថិភាព និងទំនាក់ទំនងយោធាក្នុងប្រទេសជិតខាង។
កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតី Ghani បាននិយាយថា លោកមិនយល់ព្រមនឹងគំនិតនៃការបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នជាមួយតាលីបង់ ហើយមធ្យោបាយតែ ១ គត់ ដើម្បីបង្កើតរដ្ឋាភិបាល គឺតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ លោកក៏បានទទូចផងដែរថា លោកនឹងមិនធ្វើការកែប្រែរដ្ឋធម្មនុញ្ញតាមការទាមទាររបស់តាលីបង់ទេ។
តាលីបង់បាននិយាយថារដ្ឋាភិបាលរបស់លោក Ghani គឺជារដ្ឋាភិបាលខុសច្បាប់ និងផលិតផលការកាន់កាប់អាហ្វហ្គានីស្ថានដោយអាមេរិក។ ពួកគេទទូចថា កិច្ចពិភាក្សាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថានគួរតែនាំទៅរកការបង្កើតរដ្ឋាភិបាលអ៊ិស្លាមនៅទីក្រុងកាប៊ុល។ ពួកគេបានច្រានចោលបទឈប់បាញ់មួយជាមួយនឹងរដ្ឋាភិបាលហើយបដិសេធការធ្វើការបោះឆ្នោត។
រដ្ឋបាលអាមេរិកថ្មីរបស់លោក Biden មានគោលបំណងពន្លឿនកិច្ចចរចាសន្តិភាពដែលបានជាប់គាំងឱ្យរួចរាល់មុនថ្ងៃទី ១ ខែឧសភា នៅពេលដែលកងទ័ពអាមេរិក ២ ៥០០ នាក់ចុងក្រោយត្រូវចាកចេញពីអាហ្វហ្គានីស្ថានក្រោមកិច្ចព្រមព្រៀងមួយកាលពីខែ កុម្ភៈ ឆ្នាំ ២០២០ រវាងក្រុមតាលីបង់ និងអតីតរដ្ឋបាលប្រធានាធិបតី Donald Trump។
ជំហរផ្ទុយគ្នារបស់ភាគីសងខាងបានធ្វើឱ្យអ្នកវិភាគមួយចំនួនយល់ឃើញថា កិច្ចព្រមព្រៀងសន្តិភាពមិនអាចធ្វើទាន់កាលកំណត់នេះទេ ហើយអាមេរិកអាចនឹងត្រូវបន្តដាក់ទាហាននៅប្រទេសនេះ។
លោក Biden អាចប្រឈមមុខនឹងការរិះគន់នៅអាមេរិក ប្រសិនបើលោកបរាជ័យក្នុងការដកទ័ពចេញទាន់ការកំណត់នេះ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ប្រទេសអាហ្វហ្គានីស្ថាន នៅតែមិនមានស្ថានភាពស្ថិតស្ថេរនៅឡើយដោយថ្មីៗនេះតាលីបង់បានបង្កើនការគ្រប់គ្រងរបស់ពួកគេលើវិសាលភាពធំទូលាយរបស់ប្រទេស។
អ្នកវិភាគមួយចំនួនគិតថា តាលីបង់នឹងមិនទទួលយកការបន្តដាក់ពង្រាយទាហានបរទេសក្នុងអាហ្វហ្គានីស្ថានទេ លុះត្រាតែពួកគេទទួលបានអ្វីមួយពីអាមេរិកដូចជាការដោះលែងអ្នកទោស ៧ ៥០០ នាក់ ដែលនៅជាប់ឃុំ និងការដកឈ្មោះមេដឹកនាំរបស់ពួកគេចេញពីបញ្ជីទណ្ឌកម្មអង្គការសហប្រជាជាតិ៕