តួកគី​បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​អង់ការ៉ា (Ankara) ទាក់ទង​នឹង​សេចក្តី​ថ្លែងការណ៍​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​ការ​ស្លាប់​របស់​ប្រជាជន​តួកគី ១៣ នាក់។

ដំបូង​ឡើយ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ខ្លួន​នឹង​ថ្កោលទោស​ចំពោះ​ការ​សម្លាប់​នេះ​ប្រសិន​បើ​គណបក្ស​កម្មករ Kurdistan ដែល​ហៅ​កាត់​ថា PKK ជា​អ្នក​បណ្តាល​ឱ្យ​មាន​ការស្លាប់​នេះ។ អាមេរិក​មាន​ភាព​ជា​ដៃគូ​ជាមួយ​កងទ័ព Kurd បាន​ធ្វើ​ឱ្យ​មាន​ការ​មិន​ពេញចិត្ត​ពី​ភាគី​តួកគី​បន្ទាប់​ពី​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ទាក់ទង​នឹង​ករណី​នេះ។

កាល​ពី​ថ្ងៃទី ១៤ កុម្ភៈ តួកគី បាន​និយាយ​ថា អ្នក​ប្រយុទ្ធ​មកពី Kurdistan Workers'' Party (PKK) បាន​សម្លាប់​ជនជាតិ​តួកគី ១៣ នាក់ ​រួម​ទាំង​បុគ្គលិក​យោធា ​និង​ប៉ូលិស​តួកគី។ PKK បាន​ស្តីបន្ទោស​ថា អ្នក​ស្លាប់​ទាំង ១៣ នាក់​នោះ​ បណ្តាល​មក​ពី​ការ​វាយឆ្មក់​របស់​តួកគី​តាម​អាកាស។

តួកគី​បាន​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​មូលដ្ឋាន PKK នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ដោះលែង​ចំណាប់​ខ្មាំង​ទាំង ១៣ នាក់​នោះ៕