ក្រុង​សេអ៊ូល៖ ​អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​លោក​ ស្តេបហែន​ ប៊ឺហ្គាន់​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ក្រុង​វ៉ាស៊ីនតោន​បាន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​អន្តរ​កូរ៉េ ​«យ៉ាង​ពេញ​ទំហឹង​​»​ ដោយ​បាន​ហៅ​វា​ថា​ «ជា​ផ្នែក​សំខាន់​» ​មួយ​នៅ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​បរិយាកាស ​ស្ថិរភាព​មួយ​បន្ថែម​ទៀត ​នៅ​ឧបទ្វីប​កូរ៉េ​។​

លោក ​ស្តេបហែន​ ប៊ឺហ្គាន់​ ដែល​បាន​ប្រើ​តួនាទី​ជា​ប្រេសិត​ពិសេស​កំពូល​របស់​ក្រុង​វ៉ាស៊ីនតោន​ បាន​ថ្លែង​សុន្ទរកថា​មួយ​ថា​ ប្រទេស​កូរ៉េ​ខាង​ត្បូង ​បាន​កំពុង​ស្វះស្វែង​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​អាមេរិក​នៅ​ក្នុង​ការ​ជំរុញ​របស់​ខ្លួន​ ដើម្បី​គម្រោង​កិច្ច​សហ​ប្រតិបត្តិ​ការ​ឆ្លង​កាត់​ព្រំដែន​ ដែល​បាន​ជាប់​គាំង​ ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ​។​

លោក ​ស្តេបហែន​ ប៊ឺហ្គាន់​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ភ្លាម​ៗ​ ​ក្រោយ​ពី​កិច្ច​ពិភាក្សា​ជាមួយ​ប្រធាន​ប្រេសិត​ពិសេស​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ត្បូង​ ​គឺ​លោក ​លី​ ឌូ-ហ៊ូន ​ថា​៖ «​អាមេ-រិក​បាន​គាំទ្រ​ទាំង​ស្រុង​ដល់​កិច្ច​សហប្រតិបត្តិការ​អន្តរ​កូរ៉េ​ ហើយ​យើង​បាន​ជឿជាក់​ថា​ ការ​ដើរ​តួ​នេះ​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​បង្កើត​បរិយាកាស​ស្ថិរភាព​មួយ​បន្ថែម​ទៀត​នៅ​ឧបទ្វីប​កូរ៉េ​​»​។​

លោក ​ស្តេបហែន​ ប៊ឺហ្គាន់ ​បាន​បន្ថែម​ថា​៖ «​យើង​ទន្ទឹង​រង់ចាំ ​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​កូរ៉េ​យ៉ាង​ពេញ​ទំហឹង​ ខណៈ​អាមេរិក​មាន​គោល​បំណង​របស់​ខ្លួន​ ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​អន្តរ​កូរ៉េ​»​។​

សុន្ទរកថា​របស់​លោក ​ស្តេបហែន​ ប៊ឺហ្គាន់​ បាន​ធ្វើ​ឡើង​ស្រប​ពេល​មាន​ការ​សន្និដ្ឋាន​ថា ​ក្រុង​វ៉ាស៊ីនតោន​អាច​នឹង​ខ្វាយខ្វល់​អំពី​ការ​យក​ចិត្ត​ទុក-ដាក់​ដល់​កិច្ច​សហប្រតិបត្តិការ​អន្តរ​កូរ៉េ​ចំ​ពេល​គ្មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​​ក្នុង​កិច្ច​ប្រឹងប្រែង​​លុប​បំបាត់​កម្មវិធី​​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាង​ជើង​។​

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​​លោកស្រី ​ឆូ-ស៊ុនហ៊ី បាន​លើក ឡើង​​ពី​កូរ៉េ​ខាង​ជើង ​​ដែល​ទាត់​ចោល​លទ្ធភាព​ការ​ចរចា​ជាមួយ​អាមេរិក៕ Yonhap/SK