បុរីញូវយ៉ក: កាលពី​ថ្ងៃ​ពុធ អាមេរិក បាន​ទាត់​ចោល​ការ​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ជួយគាំទ្រ​ដ៏​ខ្លាំងក្លា​ពី​អង្គការ​សហប្រជាជាតិ (UN) ចំពោះ​កង​កម្លាំង​នៅ​ទ្វីប​អាហ្រ្វិក​​ខាងលិច​ដែល​កំពុង​វាយ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ជីហាដ នៅ​ក្នុង​តំបន់​សាហែល​ដែល​កំពុង​មាន​ភាព​តាន​តឹង​ខ្លាំង។

ដោយ​ទទួលបាន​ការគាំទ្រ​ពី​បារាំង ក្រុម​ប្រទេស​ទាំង ៥ នៅ​ក្នុង​តំបន់​រួមមាន ប្រទេស បួគីណាហ្វាសូ ឆាត ម៉ាលី ម៉ូរីតានីញ៉ា និង​នីហ្ស៊េ កាល​ពី​ឆ្នាំ​ទៅ​បាន​ឯកភាព​គ្នា​បង្កើត​កងកម្លាំង​តំបន់​សាហែល G5 និង​ទទួល​បាន​ការ​សន្យា​ផ្តល់​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ជាង ៥០០ លាន​ដុល្លារ។

កងទ័ព​ប្រហែល ៥០០០ នាក់ នឹងត្រូវ​បានដាក់​ពង្រាយ​នៅក្នុង​តំបន់​សាហែល​ដោយ​មាន​តួនាទី​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ជីហាដ រួម​ជាមួយ​ប្រតិបត្តិការ Barkhane Operation របស់​បារាំង ប៉ុន្តែ​ការ​ដាក់​ពង្រាយ​កងកម្លាំង​នេះ​បាន​ប្រឈម​ជាមួយ​ការ​ពន្យារ​ពេល ហើយ​កង​កម្លាំង​ចម្រុះ​មាន​ការ​ខ្វះខាត​គ្រឿង​បរិក្ខារ​បំពាក់។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ធ្វើការ​ឯក​ភាព​យល់​ព្រម​ចំពោះ​ការ​ផ្តល់​ថវិកា ជា​ទៀង​ទាត់​ប្រចាំ​ឆ្នាំ​ពី​អង្គការ​សហប្រជាជាតិ​ចំពោះ​កងកម្លាំង​នេះ ហើយ​បារាំង​ក៏បាន​លើក​ឡើង​ថា មាន​កិច្ចការ​ជាច្រើន​ទៀត​ត្រូវ​តែ​អនុវត្ត​ធ្វើ​ដើម្បី​ជួយ​គាំទ្រ​ដល់​ប្រតិបត្តិការ​យោធា​ចម្រុះ។

ខណៈ​ធ្វើ​ការអះអាង​គោលជំហរ​របស់ខ្លួន​ជាថ្មី អាមេរិក​បានបញ្ជាក់​ច្បាស់​ថា ខ្លួន ប្រឆាំង​ចំពោះ​តួនាទី​ណាមួយ នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ចំពោះ​កងកម្លាំង​តំបន់​សាហែល និង​ការ​ផ្តល់​ថវិកា ដោយ​ផ្ទាល់​ពី​អង្គការ​សហប្រជាជាតិ។

អ្នកសម្របសម្រួល​នយោបាយ​អាមេរិក លោក Amy Tachco បាន​ថ្លែងប្រាប់​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ថា៖ «អាមេរិក នឹង​មិន​ទទួល​យក​សំណើ​នៅ​ក្នុង​ការ​ដំណើរការ​ទៅ​មុខ​ចំពោះ​បញ្ហា​នេះ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​ឡើយ»។

នោះ​គឺជា​សារ​មួយ​ដែលមាន​គោលដៅ​ចំពោះ​បារាំង​ដែល​មិន​បាន​បញ្ចុះ​បញ្ចូល US កាល​ពី​ឆ្នាំ​មុន៕