កាល​ពី​ថ្ងៃ​ចន្ទ ទី ២២ មីនា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស និង​កាណាដា​ក្នុង​ពេល​តែ​មួយ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​មួយ​ចំនួន ​ជុំវិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តំបន់​ភាគ​ពាយព្យ​ស៊ីនជាំង ដែល​នេះ​គឺ​ជា​សកម្មភាព​រួមគ្នា​ដំបូង​របស់​ប្រទេស​លោក​ខាង​លិច​ប្រឆាំង​នឹង​ក្រុង​ប៉េកាំង ក្រោម​ប្រធានាធិបតី​អាមេរិក​ថ្មី Joe Biden។

រដ្ឋាភិបាល​លោក​ខាង​លិច​ទាំង​នេះ គឺ​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ក្រុង​ប៉េកាំង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឃុំ​ខ្លួន​ជនជាតិ​មូស្លីម​អ៊ុយហ្គ័រ​នៅ​តំបន់​ស្វយ័ត​ស៊ីនជាំង (Xinjiang)។ ក្រុម​សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​ជនជាតិ​អ៊ុយហ្គ័រ ១ លាន​នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ជំរំ​អប់រំ​ឡើង​វិញ ដែល​ធ្វើ​ឱ្យ​មាន​ការ​លេច​ឡើង​ការ​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា បាន​ប្រើ​ទារុណកម្ម​បង្ខំ​ឱ្យ​ធ្វើ​ការ និង​កំពុង​បំបាត់​សមត្ថភាព​បន្ត​ពូជ​របស់​ជនជាតិ​នេះ។

កាណាដា និង​អាមេរិក​ បាន​ចាត់​ទុក​សកម្មភាព​របស់​ចិន​ទៅ​លើ​ជនជាតិ​អ៊ុយហ្គ័រ​ថា ​ជា​អំពើ​ប្រល័យ​ពូជសាសន៍។ ចិន​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ ហើយ​និយាយ​ថា ជំរំ​ខាង​លើ​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដល់​ជនជាតិ​ភាគ​តិច និង​ចាំបាច់​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម និង​ភាព​ជ្រុល​និយម។

នេះ គឺ​ជា​ទណ្ឌកម្ម​ដំបូង​ដែល​ចក្រភព​អង់គ្លេស និង EU បាន​ដាក់​លើ​ចិន តាំង​ពី​ការ​អនុម័ត​ការ​ហាមឃាត់​ការ​ជួញដូរ​អាវុធ​កាល​ពី​ឆ្នាំ ១៩៨៩ ដែល​ជា​ការ​ឆ្លើយតប​នឹង​ការ​បង្ក្រាប​បាតុកម្ម​នៅ​ទីលាន​ធានអានមេន (Tiananmen Square) ដែល​ពេល​នោះ​ទាហាន​បាន​បើក​ការ​បាញ់​ប្រហារ​ទៅ​កាន់​ក្រុម​បាតុករ។ ការ​ហាម​ឃាត់​ការ​ជួញដូរ​អាវុធ​នេះ ​គឺ​នៅ​អនុវត្ត​រហូត​មក​ដល់​សព្វថ្ងៃ។

សហភាព​អឺរ៉ុប អង់គ្លេស និង​កាណាដា​បាន​ដាក់​វិធានការ​ដូចជា​ការ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​ទៅ​លើ​មន្ត្រី​ចិន​ចំនួន ៤ រូប និង​នីតិបុគ្គល​ម្នាក់ រួម​មាន​លោក ​Chen Mingguo ប្រធានការិយាល័យ​សន្តិសុខ​សាធារណៈ​ស៊ីនជាំង លោក Wang Mingshan សមាជិក​នៃ​គណៈកម្មការ​អចិន្ត្រៃយ៍​បក្ស​កុម្មុយនីស្ត​ស៊ីនជាំង ​លោក Wang Junzheng លេខា​បក្ស​ប្រចាំ​អង្គភាព​ផលិតកម្ម និង​សំណង់​ស៊ីនជាំង (XPCC) និង​លោក Zhu Hailun អតីត​អនុលេខា​គណបក្ស​កុម្មុយនិស្ត​ស៊ីនជាំង និង​នីតិបុគ្គល XPCC ក៏​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដែរ ​ដោយសារ​អង្គភាព​របស់​រដ្ឋ​ចិន​មួយ​នេះ​បាន​ចូលរួម​អនុវត្ត​គោល​នយោបាយ​សន្តិសុខ​នៅ​ស៊ីនជាំង និង​គ្រប់គ្រង​ជំរំ​ឃុំឃាំង។ អាមេរិក​បាន​អនុវត្ត​ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​តែ ២ រូប ​គឺ​លោក ​Chen Mingguo និង​លោក Wang Junzheng។

រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​លោក Anthony Blinken បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖ «ខណៈ​ពេល​ដែល​ការ​ថ្កោលទោស​ពី​អន្តរជាតិ​កាន់​តែ​កើន​ឡើង ប្រទេស​ចិន ​នៅ​តែ​បន្ត​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នៅ​ស៊ីនជាំង»។

លោក Blinken បាន​បន្ត​ទៀត​ថា៖ «សហរដ្ឋអាមេរិក​បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​នូវ​ការ​អំពាវនាវ​របស់​ខ្លួន​ដល់​ចិន​ឱ្យ​បញ្ចប់​ការ​បង្ក្រាប​លើ​ជនជាតិ​អ៊ុយហ្គ័រ ដែល​ភាគ​ច្រើន​ជា​ជន​មូស្លីម និង​ជនជាតិ​ភាគ​តិច​ដទៃ​ទៀត​នៅ​ស៊ីនជាំង ដោយ​ការ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​នៅ​ជំរំ​ឃុំឃាំង»។

រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​លោក Dominic Raab បាន​និយាយ​ថា ការ​រំលោភ​បំពាន​ជនជាតិ​អ៊ុយហ្គ័រ ​គឺ​ជា «វិបត្តិ​សិទ្ធិមនុស្ស​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​ជំនាន់​របស់​យើង»។ លោក Raab បាន​ប្រាប់​សមាជិកសភា​អង់គ្លេស​ថា៖ «ខ្ញុំ​គិត​ថា ​តាមរយៈ​ការ​ធ្វើ​សកម្មភាព​ជាមួយ​ដៃគូ​របស់​យើង​ដែល​សរុប មាន ៣០ យើង​កំពុង​ផ្ញើ​សារ​យ៉ាង​ច្បាស់​បំផុត​ទៅ​រដ្ឋាភិបាល​ចិន​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​បិទ​ភ្នែក​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មូលដ្ឋាន​ជា​ប្រព័ន្ធ ​និង​ធ្ងន់ធ្ងរ​បែប​នេះ ហើយ​យើង​នឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ធ្វើ​ឱ្យ​អ្នក​បង្ក​ហេតុ​ទទួល​ខុស​ត្រូវ»។

ក្រសួង​ការបរទេស​កាណាដា​បាន​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ភ័ស្តុតាង​បង្ហាញ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​ដឹកនាំ​ដោយ​អាជ្ញាធរ​ចិន»។

លោក Blinken លោក Raab និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាណាដា​លោក Marc Garneau បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម ១ ថា ប្រទេស​ទាំង ៣ បាន​រួបរួម​គ្នា​ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បញ្ឈប់ «ការ​ប្រតិបត្តិ​ដ៏​ឃោរឃៅ» នៅ​ស៊ីនជាំង។ ពួក​គេ​បាន​បន្ត​ទៀត​ថា ភ័ស្តុតាង​នៃ​ការ​រំលោភ​បំពាន គឺ​មាន «ច្រើន​លើសលប់» ដែល​រួម​មាន​រូបភាព​ផ្កាយ​រណប ចម្លើយ​របស់​សាក្សី និង​ឯកសារ​ផ្ទាល់​របស់​រដ្ឋាភិបាល​ចិន។

រីឯ​ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់ ដែល​ជា​សមាជិក​សម្ព័ន្ធ​ភាព​ភ្នែក ៥ (The Five Eyes or FVEY) ជាមួយ​នឹង​អាមេរិក កាណាដា និង​អង់គ្លេស មិន​ធ្វើ​ការ​ដាក់​ទណ្ឌកម្ម​លើ​ចិន​ទេ តែ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​សម្ដែង «ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​កើន​ឡើង​នូវ​ចំនួន​របាយការណ៍​គួរ​ឱ្យ​ទុក​ចិត្ត​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ជនជាតិ​ភាគ​តិច​អ៊ុយហ្គ័រ និង​ជនជាតិ​ភាគ​តិច​មូស្លីម​ដទៃ​ទៀត​នៅ​ស៊ីនជាំង» ហើយ​ស្វាគមន៍​វិធានការ​ថ្មី​ទាំង​នេះ។

កាល​ពី​សប្ដាហ៍​មុន ក្រោយ​មាន​ការ​រាយការណ៍​ថា សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​ចិន​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​សហភាព​អឺរ៉ុប​លោក Zhang Ming បាន​ផ្ដល់​ការ​ព្រមាន​ជា​មុន​ថា នឹង​មាន​វិធានការ​តប​វិញ ដែល​រួម​មាន​វិធានការ​ប្រឆាំង​នឹង​អង្គការ​ទាំង​នោះ​ដែល​ផ្សព្វផ្សាយ​ការ «កុហក» អំពី​ស្ថានភាព​នៅ​ស៊ីនជាំង។

ដូច​ដែល​បាន​សន្យា ចិន​បាន​ឆ្លើយតប​នឹង​ការ​ដាក់​ទណ្ឌកម្ម​លោក​ខាង​លិច​ជាមួយ​ការ​ដាក់​វិធានការ​លើ​មន្ត្រី EU ចំនួន ១០ រូប ​ដែល​រួម​មាន​សមាជិក​សភា​អឺរ៉ុប មន្ត្រី​ការបរទេស និង​ក្រុម​គ្រួសារ​មួយ​ចំនួន។ ក្រុង​ប៉េកាំង​ក៏​បាន​ដាក់​វិធានការ​លើ​ស្ថាប័ន EU ចំនួន ៣ ទៀត​ផង​ដែរ។

កាល​ពី​ថ្ងៃ​អង្គារ ទី ២៣ មីនា ចិន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ក្រុងប៉េកាំង ​លោក ​Nicolas Chapuis ដើម្បី​ធ្វើ​ការ​តវ៉ា និង​ការ​ដាក់​ទណ្ឌកម្ម ​និង​ទាមទារ​ឱ្យ​ប្លុក​នេះ​កែ​កំហុស​របស់​ខ្លួន ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការ​ខូចខាត​ដល់​ទំនាក់ទំនង​បន្ថែម​ទៀត។

លោក Wang Yi រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន និង​ជា​សមាជិក​ក្រុម​ប្រឹក្សារដ្ឋ​បាន​និយាយ​អំឡុង​សន្និសីទ​កាសែត​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ដែល កំពុង​ធ្វើ​ទស្សនកិច្ច​ថា៖ «ការ​ដាក់​ទណ្ឌកម្ម​ផ្អែក​លើ​ការ​កុហក គឺ​មិន​អាច​ទទួល​យក​បាន​ទេ»។

ហូឡង់​បាន​កោះ​ហៅ​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​ឡាអេ បន្ទាប់​ពី​ក្រុង​ប៉េកាំង បាន​ប្រកាស​វិធានការ​របស់ខ្លួន​លើ​មន្ត្រី​អឺរ៉ុប​ចំនួន ១០ នាក់ ខណៈ​ដែល​សហភាព​អឺរ៉ុប​រួម​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ ហូឡង់ និង​បែលហ្ស៊ិក បាន​ច្រាន​ចោល​ការ​ឆ្លើយតប​របស់​ចិន៕