The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក ​និង​អ៊ីរ៉ង់​យល់​ព្រម​លើ​ផ្លូវ​មួយ ​ដើម្បី​ត្រឡប់​ទៅ​រក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​វិញ




អាមេរិក ​និង​អ៊ីរ៉ង់​យល់​ព្រម​លើ​ផ្លូវ​មួយ ​ដើម្បី​ត្រឡប់​ទៅ​រក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​វិញ

Content image - Phnom Penh Post
លោក Ned Price ទទួល​សំណួរ​ពី​អ្នក​កាសែត​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន។AFP

អាមេរិក ​និង​អ៊ីរ៉ង់​យល់​ព្រម​លើ​ផ្លូវ​មួយ ​ដើម្បី​ត្រឡប់​ទៅ​រក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​វិញ

កាល​ពី​ថ្ងៃ​អង្គារ ទី ៦ មីនា អាមេរិក និង​អ៊ីរ៉ង់ បាន​យល់ព្រម​តាម​រយៈ​អន្តរការី​ក្នុង​ការ​ចរចា​ប្រយោល ​ដើម្បី​ការ​បង្កើត​ក្រុម​ការងារ ២ ដើម្បី​ពិភាក្សា​ការដក​ទណ្ឌកម្ម​របស់​ក្រុង​វ៉ាស៊ីនតោន និង​ការ​ត្រឡប់​ទៅ​អនុលោម​តាម​ការ​ដាក់​កម្រិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​តេអេរ៉ង់ ខណៈ​ភាគី​ទាំង ២ ព្យាយាម​ធ្វើ​ឱ្យ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ២០១៥ ដំណើរការ​ឡើង​វិញ។

មន្ត្រី​តំណាង​សមាជិក​បច្ចុប្បន្ន​នៃ​កិច្ច​ព្រមព្រៀង​ដែល​រួមមាន​អ៊ីរ៉ង់ អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​សហភាពអឺរ៉ុប បាន​ជួប​ប្រជុំ​នៅ​ទីក្រុង​វីយែន​ប្រទេស​អូទ្រីស។ មន្ត្រី​តំណាង​សហរដ្ឋអាមេរិក​មិន​បាន​ចូលរួម​ការ​ជួប​ប្រជុំ​នេះ​ទេ ប៉ុន្តែ​ភាគី​អឺរ៉ុប ដែល​ជា​ប្រធាន​នៃ​គណៈកម្មការ​ចម្រុះ​កិច្ច​ព្រមព្រៀង បាន​ដើរ​តួ​ជា​អន្តរការី​នាំ​សារ​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ក្នុង​ការ​ចរចា​ប្រយោល​នេះ។

ភាគី​ទាំង​អស់​បាន​យល់ព្រម​ក្នុង​ការ​បង្កើត​ក្រុម​ការងារ​មួយ​ធ្វើ​ការ​ពិភាក្សា​លើ​វិធី ដើម្បី​ឱ្យ​សហរដ្ឋអាមេរិក​វិល​ត្រឡប់​មក​រក​កិច្ច​ព្រមព្រៀង​វិញ​ដោយ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​ត្រូវ​បាន​ដាក់​ឡើង​វិញ ឬ​ដាក់​បន្ថែម បន្ទាប់​ពី​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​កាល​ពី​ឆ្នាំ​ ២០១៨។

ក្រុម​ការងារ​មួយ​ទៀត នឹង​ផ្ដោត​ទៅ​លើ​វិធីសាស្ត្រ ​ដើម្បី​ឱ្យ​អ៊ីរ៉ង់​ត្រឡប់​ទៅ​អនុលោម​តាម​ដែន​កំណត់​នៃ​កិច្ច​ព្រមព្រៀង ​ជុំវិញ​កម្រិត​នៃ​ការ​បន្សុទ្ធ និង​ស្តុក​ទុក​សារធាតុ​អ៊ុយរ៉ានីញ៉ូម។

បើ​តាម​លោក ​Mikhail Ulyanov ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​គណៈកម្មការ​ចម្រុះ​នៃ​ផែន​ការ​សកម្មភាព​រួម (JCPOA) ក្រុម​ការងារ​ទាំង ២ បាន​ចាប់​ផ្ដើម​ធ្វើ​ការ​របស់​ពួក​គេ​ហើយ។ លោក Ulyanov បាន​និយាយ​ថា ការ​ប្រជុំ​គណៈកម្មការ​ចម្រុះ​កាល​ពី​ថ្ងៃ​អង្គារ​ថា ជា​ការ​ទទួល​បាន​ជោគជ័យ​ដំបូង​មួយ។

«ការ​ជួសជុល JCPOA នឹង​មិន​កើត​ឡើង​ភ្លាមៗ​ទេ។ វា​នឹង​ត្រូវ​ចំណាយ​ពេល​ខ្លះ។ រយៈពេល​ប៉ុន្មាន? គ្មាន​នរណា​ដឹង​ទេ» លោក Ulyanov បាន​សរសេរ​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ​Twitter ហើយ​បន្ត​ទៀត​ថា៖ «អ្វី​ដែល​សំខាន់​បំផុត​បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ថ្ងៃ​នេះ គឺ​ថា​ការងារ​ជាក់​ស្តែង​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​គោលដៅ​នេះ បាន​ចាប់​ផ្ដើម​ហើយ»។

អ្នក​សម្របសម្រួល​កិច្ច​ប្រជុំ​របស់​សហភាព​អឺរ៉ុប​លោក Enrique Mora បាន​បង្ហោះ​សារ​នៅ​បណ្ដាញ Twitter ថា៖ «ការ​ប្រជុំ​គណៈកម្មការ​ចម្រុះ​ប្រកប​ដោយ​ការ​ស្ថាបនា​មាន​សាមគ្គីភាព ​និង​មហិច្ឆតា​សម្រាប់​ដំណើរការ​ការទូត​រួមគ្នា​ជាមួយ​នឹង​ក្រុម​ជំនាញ ២ ធ្វើ​ការ​លើ​ការ​អនុវត្ត​វិធានការ​នុយក្លេអ៊ែរ ​និង​ការ​ដក​ទណ្ឌកម្ម»។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​នឹង​ពង្រឹង​ទំនាក់ទំនង​ដាច់​ដោយ​ឡែក​នៅ​ទីនេះ​ក្នុង​ទីក្រុង​វីយែន​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួម​ទាំង​សហរដ្ឋអាមេរិក»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price បាន​ប្រាប់​អ្នក​យកព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា៖ «វា​ជា​ជំហាន​ស្វាគមន៍​មួយ​វា​ជា​ជំហាន​ស្ថាបនា​មួយ។ វា​គឺ​ជា​ជំហាន​ដែល​អាច​មាន​ប្រយោជន៍» បើ​ទោះបី​ជា​លោក​បាន​និយាយ​ម្តង​ទៀត​នូវ​ការ​រំពឹង​ទុក​របស់​អាមេរិក​ថា ​កិច្ចពិភាក្សា​ដោយ​ប្រយោល​នឹង «ពិបាក»។

កាល​ពី​ឆ្នាំ ២០១៨ លោក​ប្រធានាធិបតី Trump បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី JCPOA និង​ដាក់​ទណ្ឌកម្ម​ចាស់​លើ​អ៊ីរ៉ង់​ឡើង​វិញ ហើយ​បន្ថែម​ទណ្ឌកម្ម​ថ្មី​ជាច្រើន​ទៀត ធ្វើ​ឱ្យ​ចំនួន​ទណ្ឌកម្ម​សរុប​កើន​ឡើង​ដល់​ជាង ១ ៦០០។

លោក​បាន​ធ្វើ​បែប​នេះ ដោយ​អះអាង​ថា JCPOA ដែល​ចរចា និង​ព្រមព្រៀង​ដោយ​រដ្ឋបាល Barrack Obama គឺ​ជា «កិច្ច​ព្រមព្រៀង​អន់​បំផុត» ពោរ​ពេញ​ទៅ​ដោយ​លក្ខខណ្ឌ​ខ្សោយ ហើយ​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​ គឺ​ដើម្បី​ជំរុញ​ឱ្យ​អ៊ីរ៉ង់​ធ្វើ​ការ​ចរចា​ជា​ថ្មី។ ជា​ការ​ឆ្លើយ​តប​នឹង​សកម្មភាព​អាមេរិក អ៊ីរ៉ង់​បាន​ចាប់​ផ្ដើម​បន្សុទ្ធ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​លើស​កម្រិត​ដែល​បានចែង​ក្នុង​កិច្ច​ព្រមព្រៀង ហើយ​ចាប់​ផ្ដើម​ការ​សាកល្បង​មីស៊ីល​ឡើង​វិញ។

អ្នក​ស្នង​តំណែង​ពី​លោក Trump គឺ​លោក Biden បាន​បង្ហាញ​គោល​បំណង​ចង់​ឱ្យ​អាមេរិក​ចូលរួម​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ ប៉ុន្តែ​បាន​ទទូច​ថា ​ទីក្រុង​តេអេរ៉ង់​ត្រូវ​តែ​វិល​ត្រឡប់​ទៅ​រក​ការ​អនុលោម​តាម​កិច្ចព្រមព្រៀង​ឱ្យ​ពេញ​លេញ​ជា​មុន​សិន ខណៈ​ពេល​ដែល​អ៊ីរ៉ង់​និយាយ​ថា ការ​ចរចា​នឹង​កើត​ឡើង​នៅ​ពេល​ដែល​ទណ្ឌកម្ម​ត្រូវ​បាន​ដក​ចេញ។

កាល​ពី​ដើម​ខែ​មុន អ៊ីរ៉ង់​បាន​បដិសេធ​សំណើ​របស់​សហភាព​អឺរ៉ុប​ឱ្យ​បើក​កិច្ចប្រជុំ​ផ្ទាល់​មួយ​ជាមួយ​អាមេរិក ដើម្បី​ធ្វើការ​ចរចា​ដោយ​ផ្ទាល់។ ការ​ពន្យារ​ពេល​នេះ​ គឺ​ហាក់​ដូចជា​ឆ្លុះ​បញ្ចាំង​ពី​ជម្លោះ​ផ្ទៃ​ក្នុង​នៃ​រដ្ឋាភិបាល​អ៊ីរ៉ង់​រវាង​ក្រុម​ដែល​សង្ឃឹម​បញ្ចប់​ការ​ដាក់​ទណ្ឌកម្ម​ឱ្យ​បាន​ឆាប់ៗ និង​ក្រុម​អភិរក្ស​និយម​នៅ​ក្នុង​វិស័យ​យោធា និង​ក្នុង​ចំណោម​បព្វជិត ដែល​ទាមទារ​សំណង​ចំពោះ​ការ​ខូចខាត​ដែល​បង្ក​ដោយ​ការ​ដក​ខ្លួន​ដោយ​លោក Trump។

ក្រុម​ការងារ​ទាំង ២ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រាយការណ៍​អំពី​សេចក្ដី​សន្និដ្ឋាន​របស់​ពួក​គេ​នៅ​លើ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ភាគី​ត្រឡប់​ទៅ​រក​ការ​អនុលោម​នៅ​ក្នុង​កិច្ច​ប្រជុំ​ បន្ទាប់​នៃ​គណៈកម្មការ​ចម្រុះ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។

យ៉ាងណា​មិញ គោល​ដៅ​កំពូល​នៃ​កិច្ច​ព្រមព្រៀង​នេះ ​គឺ​ដើម្បី​បង្ការ​អ៊ីរ៉ង់​ពី​ការ​បង្កើត​គ្រាប់​បែក​នុយក្លេអ៊ែរ ដែល​ជា​ការ​ចោទ​ប្រកាន់​មួយ​ក្រុង​តេអេរ៉ង់​បាន​ទទូច​ថា ខ្លួន​មិន​ចង់​ធ្វើ​ទេ។ មន្ត្រី​សហរដ្ឋ​អាមេរិក​ឥឡូវ​នេះ បាន​ប៉ាន់​ស្មាន​ថា ពេល​វេលា​ចាំ​បាច់​សម្រាប់​អ៊ីរ៉ង់​ ដើម្បី​ប្រមូលផ្តុំ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​គ្រប់គ្រាន់​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ ១ គ្រាប់ គឺ​បាន​ធ្លាក់ចុះ​ត្រឹម​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ។

ថ្មីៗ​នេះ កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល​របស់​អ៊ីរ៉ង់​បាន​និយាយ​ថា ក្រុម​មន្ត្រី​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​សាកល្បង​ម៉ាស៊ីន​បន្សុទ្ធ​សារធាតុ​នុយក្លេអ៊ែរ​ថ្មី​មាន​ឈ្មោះ​ថា IR-9 ដែល​មាន​អាច​ធ្វើ​ការ​បន្សុទ្ធ​លឿន​ជាង​ម៉ាស៊ីន​ដែល​អនុញ្ញាត​ក្នុង​កិច្ច​ព្រមព្រៀង​រហូត​ដល់​ទៅ ៥០ ដង។

ដំណោះ​ស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នេះ​អាច​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​ជាពិសេស​រវាង​អ៊ីរ៉ង់ និង​អ៊ីស្រាអែល​ក៏​ដូចជា​ជាមួយ​សម្ព័ន្ធមិត្ត​អារ៉ាប់​និកាយ​ស៊ុននី​របស់​អាមេរិក​ដូចជា អារ៉ាប៊ី សាអ៊ូឌីត​ ជា​ដើម​ ដែល​ភ័យ​ខ្លាច​ថា​ អ៊ីរ៉ង់​អាច​បង្កើត​អាវុធ​នុយក្លេអ៊ែរ៕

អត្ថបទគួរចាប់អារម្មណ៍