ក្រុង​វ៉ាស៊ីនតោន៖ ​អាមេរិក​កាល​ថ្ងៃ​អង្គារ​បាន​ដាក់​លិខិត​​ជូន​ដំណឹង​អំពី​ការ​ដក​ខ្លួន​ចេញ​ពី​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ជូន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ជា​ផ្លូវ​ការ​ដោយ​បាន​បញ្ជាក់​នៅ​ក្នុង​ញត្តិ​នៃ​ការ​ចាកចេញ​របស់​ប្រទេស​នេះ​ពី​អង្គការ​សកល​មួយ​នេះ ​ស្រប​ពេល​មាន​ការ​ឆ្លង​​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩​។

លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ​ត្រាំ និង​រដ្ឋការ​របស់​លោក​បាន​រិះគន់ ​WHO ​ជា​ច្រើន​ខែ​មក​ហើយ ​និង​បាន​គំរាម​កាត់​ផ្តាច់​ទំនាក់​ទំនង​ជាមួយ​អង្គការ​នេះ​។ លោក ​ត្រាំ​ ក៏​បាន​ប្រកាស​កាល​ពី​ពាក់​កណ្តាល​ខែ​​មេសា​ដែរ​ថា ​រដ្ឋការ​របស់​លោក​នឹង​ឈប់​ផ្តល់​ជំនួយ​ដល់ ​WHO ​តទៅ​ទៀត​។

ក្រុម​អ្នក​ជំនាញ​ និង​បក្ស​ប្រជាធិបតេយ្យ​បាន​រិះគន់​ថា ​រដ្ឋការ​របស់​លោក ​ត្រាំ ​កំពុង​ព្យាយាម​ចៀស​វាង​ពី​ការ​ស្តី​បន្ទោស​ចំពោះ​ការ​ដោះស្រាយ​ការ​ឆ្លើយ​តប​របស់​ខ្លួន​មិន​បាន​ល្អ​ទៅ​នឹង​ជំងឺ​កូវីដ ​១៩​ និង​ធ្វើ​ឲ្យ​​ខូច​ប្រយោជន៍​ដល់​ការ​ដោះស្រាយ​វិបត្តិ​សុខភាព​សាធារណៈ​។ ​

សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​លោក​ បូបមេណេនដេ​ ដែល​ជា​សមាជិក​នៃ​គណៈ​កម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​របស់​ព្រឹទ្ធសភា​បាន​ថ្លែង​នៅ​លើ​គេហទំព័រ​ធ្វីធើរ​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ ​«ការ​ហៅ​ការ​ឆ្លើយ​តប​របស់​លោក ​ត្រាំ ​ទៅ​នឹង​ជំងឺ​កូវីដ ​១៩ ​ថា​ច្របូក​ច្របល់​ និង​ស្មុគស្មាញ​នេះ ​ពិត​ជា​មិន​ធ្វើ​ឲ្យ​វា​មាន​ភាព​ត្រឹមត្រូវ​ទេ​»។

យោង​តាម​វេបសាយ​របស់​អង្គការ ​WHO ​បាន​ឲ្យ​ដឹង​ថា​ អាមេរិក​នឹង​ចាកចេញ​ពី​អង្គការ​ WHO ​នៅ​ថ្ងៃទី ៦​ ខែ ​កក្កដា​ឆ្នាំ ២០២១ ​ហើយ​បច្ចុប្បន្ន​នេះ​អាមេរិក ​ជំពាក់​អង្គការ​នេះ ​នូវ​ទឹក​ប្រាក់​ជាង ​២០០ ​លាន​ដុល្លារ​អាមេរិក ​ជា​វិភាគទាន​ដែល​ត្រូវ​គេ​វាយ​តម្លៃ​​។ ​

យោង​តាម​ចំនួន​សរុប​ថ្មី​បំផុត​របស់​សាកល​វិទ្យាល័យ​ Johns Hopkins ​បាន​ឲ្យ​ដឹង​ថា ​ប្រទេស​នេះ បាន​រាយការណ៍​ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩ ​ចំនួន ​២,៩៩ ​លាន​នាក់ ​និង​ស្លាប់​ជាង ​១៣១ ០០០ នាក់។​ តួលេខ​ទាំង ​២ ​នេះ ​ខ្ពស់​ជាង​តួលេខ​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ ឬ​នៅ​ក្នុង​តំបន់​។

ក្រោយ​ពី​មាន​វិធានការ​បិទ​ប្រទេស ​ត្រូវ​បាន​បន្ធូរបន្ថយ​នៅ​ក្នុង​រដ្ឋ​ខ្លះ​នោះ ​អាមេរិក​កំពុង​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ខូចខាត​បណ្តាល​មក​ពី​ជំងឺ​កូវីដ ​១៩ ​ថ្វី​បើ​មាន​ការ​លំបាក​ក្តី។

លោក ​អានថូនី ​ហ្វូស៊ី ប្រធាន​វិទ្យាស្ថាន​ប្រតិបត្តិកម្ម​ និង​ជំងឺ​ឆ្លង​ជាតិ ​បាន​ថ្លែង​តាម​វីដេអូ​ពី​ចម្ងាយ​ជា​មួយ​លោក ​ហ្វ្រង់ស៊ីស​ ខូលីនស៍ ​ប្រធាន​វិទ្យាស្ថាន​សុខភាពជាតិ​កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ ​«យើង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ ដែល​យើង​មាន​ករណី​ឆ្លង​ថ្មី​ ជា​មធ្យម​ប្រហែល ​២ ​ម៊ឺន​នាក់ ​ក្នុង ​១ ថ្ងៃ​»។ ​

លោក ​ហ្វូស៊ី​ បាន​ថ្លែង​ថា​ ការ​ពិត​ជា​បន្ត​បន្ទាប់​ដែល​ទាក់ទង​នឹង​បណ្តា​រដ្ឋ​ និង​ក្រុង​ជា​ច្រើន​​ដែល​កំពុង​ព្យាយាម​បើក​ឡើង​វិញ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ ​ដើម្បី​ធ្វើ​ឲ្យ​វិល​ទៅ​រក​សភាព​ធម្មតា​ឡើង​វិញ​ បាន​នាំ​ឲ្យ​ស្ថានភាព​មួយ​ដែល​ប្រទេស​នេះ​ នា​ពេល​បច្ចុប្បន្ន​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស​យ៉ាង​ច្រើន។​

យោង​តាម​ចំនួន​សរុប​ថ្មី​បំផុត​បាន​ឲ្យ​ដឹង​ថា ​រដ្ឋ​កាលីហ្វ័រនីញ៉ា ​ហាវ៉ៃ ​មីសស៊ូរី ​ម៉ុងតាណា ​អូឡាហូម៉ា និង​រដ្ឋ​តិចសាស់​ កាល​ពី​ថ្ងៃ​អង្គារ ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​កម្រិត​ខ្ពស់​។ ​​

សេវា​សុខភាព ​និង​មនុស្ស​នៅរ​ដ្ឋ​តិចសាស់​ បាន​ឲ្យ​ដឹង​ថា ​រដ្ឋ​តិចសាស់​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​​ផ្លូវ​ដង្ហើម​កូរ៉ូណា​ថ្មី​ជាង ​១ ​ម៊ឺន​នាក់ ​​ជា​ការ​កើន​ឡើង​ច្រើន​បំផុត​ក្នុង ​១ ថ្ងៃ ​នៅ​ក្នុង​រដ្ឋ​នេះ​៕ Xinhua/PSA