ក្រុងបេរូត: មេបញ្ជាការក្រុមឧទ្ទាមម្នាក់បានប្រាប់ AFP កាលពីថ្ងៃអាទិត្យថា អាមេរិក បានព្រមាន ក្រុមឧទ្ទាមនៅភាគខាងត្បូងប្រទេសស៊ីរីថា ពួកគេមិនគួររំពឹងថា មានអន្តរាគមន៍យោធាទេ ប្រសិនបើកងទ័ពរដ្ឋាភិបាល ចាប់ផ្តើមវាយប្រហារលើពួកគេនោះ។
កងកម្លាំងរដ្ឋាភិបាល ដែលគាំទ្រដោយរុស្ស៊ី កំពុងរៀបចំការវាយលុកមួយ ដើម្បីដណ្ដើមយកខេត្ត Daraa និង Sweida នៅភាគខាងត្បូងប្រទេសស៊ីរីមកវិញ ដែលភាគច្រើននៃខេត្តទាំងនោះ គឺកំពុងកាន់កាប់ដោយក្រុមឧទ្ទាម ដែលគាំទ្រដោយអាមេរិកអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។
ការព្រមានរបស់អាមេរិកនេះ គឺគេឃើញមានសារជាភាសាអារ៉ាប់ ដែល AFP បានឃើញ ហើយ វាបានកើតឡើង នៅពេលដែលកងកម្លាំងស៊ីរីនៅក្នុងសប្តាហ៍នេះ បានចាប់ផ្តើមវាយប្រហារផ្លូវអាកាសនៅតាមបណ្តាខេត្តភាគខាងត្បូង។
សារនោះ បានសរសេរថា៖«យើងត្រូវតែបញ្ជាក់អំពីជំហររបស់យើង យើងយល់ថា អ្នកត្រូវតែធ្វើការសម្រេចចិត្ត (ប្រយុទ្ធ) ដោយផ្អែកលើផលប្រយោជន៍របស់អ្នក ផលប្រយោជន៍របស់ប្រជាជនរបស់អ្នក និងបក្សពួករបស់អ្នកដូច ដែលអ្នកបានឃើញ»។
បើយោងតាមច្បាប់ថតចម្លងមួយ ដែលពួកឧទ្ទាមម្នាក់ បានផ្តល់ឲ្យ AFP បានបញ្ជាក់ថា៖« អ្នកមិនគួរផ្អែកទៅលើការសម្រេចចិត្តរបស់អ្នកលើការសន្មត ឬ ការរំពឹងទុកអំពីអន្តរាគមន៍យោធាពីភាគីរបស់យើងនោះទេ»៕ NS