
លោកប្រធានាធិបតី ចូ បៃដិន (ឆ្វេង) និងលោក វ្លាឌីមៀរ ពូទីន។ AFP
អាមេរិក-រុស្ស៊ី កំពុងរៀបចំកិច្ចប្រជុំកំពូលមួយ រវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស នៅខែក្រោយ។
បច្ចុប្បន្នមន្ត្រីខាងអាមេរិក កំពុងជួបប្រជុំជាមួយនឹងភាគីខាងរុស្ស៊ីនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីធ្វើសេចក្ដីសម្រេចលើកចុងក្រោយនៃការជ្រើសរើសយកប្រទេសម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ។ ព័ត៌មានជាបឋម ទីក្រុងហ្សឺណែវត្រូវបានគេរំពឹងថា នឹងក្លាយជាជម្រើសអតិភាពក្នុងការជួបប្រជុំផ្ទាល់ដំបូងរវាងលោក ចូ បៃដិន និងលោក វ្លាឌីមៀរ ពូទីន។
សម្រាប់ការបរិចេ្ឆទ អាមេរិក និងរុស្ស៊ីកំពុងសម្លឹងមើលថ្ងៃទី ១៥-១៦ ខែមិថុនា សម្រាប់ការកិច្ចប្រជុំកំពូលនេះ។ សេចក្តីប្រកាសជាផ្លូវការមួយ ត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ។
រដ្ឋបាលលោក Biden បានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលកាលពីខែមុន ក្រោយពេលប្រទេសរុស្ស៊ី បានធ្វើសកម្មភាពយោធាជាច្រើន ដូចជាការប្រមូលផ្តុំកងទ័ពជាបណ្តោះអាសន្ននៅតាមព្រំដែនអ៊ុយក្រែន ការវាយលុកគេហទំព័រ SolarWinds របាយការណ៍ស្ដីពីការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តកងទ័ពអាមេរិកនៅអាហ្វហ្គានីស្ថាន និងការបំពុលនិងការចាប់ដាក់គុកមេដឹកនាំក្រុមប្រឆាំងលោក Alexei Navalny ជាដើម៕