ក្រុង​វ៉ាស៊ីនតោន៖ ​ប្រទេស​រុស្ស៊ី ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​អំពាវនាវ​ឲ្យ​អាមេរិក​ធ្វើ​សំណើ ​«​វិជ្ជមាន​» ​មួយ​ ខណៈ​ក្រុម​ប្រទេស​មហា​អំណាច​បាន​បើក​កិច្ច​ពិភាក្សា​​អំពី​​សន្ធិសញ្ញា​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ ដោយ​បាន​ព្រមាន​ថា​ ការ​ទទូច​​​របស់​អាមេរិក​ឲ្យ​ដាក់​បញ្ចូល​ប្រទេស​ចិន​​នោះ​ អាច​​​​​​​បំផ្លាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​។​

អនុរដ្ឋមន្ត្រី​ការ​បរទេស​លោក ​ស៊ើហ្គេយ៍ រី​យ៉ាប​កូវ​ នឹង​ជួប​គ្នា​នៅ​ក្នុង​ទីក្រុង​វីនណា​ នៅ​ថ្ងៃ​ទី ​២២​ ខែ​មិថុនា​ ជាមួយ​ប្រេសិត​ពិសេស​របស់​អាមេរិក​ គឺ​លោក ​ម៉ារស្សលល៍​ ប៊ិល​លីង​ស្លៀ​ ដើម្បី​ចាប់​ផ្តើម​ចរចា​​​អំពី​​សន្ធិសញ្ញា​ New ​START ​ដែល​បាន​ផុត​កំណត់​កាល​ពី​ខែ​កុម្ភៈ​​នោះ​ ឡើង​វិញ​​។​

ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់​ ត្រាំ​ បាន​ដើរ​ចេញ​ពី​កិច្ច​ព្រមព្រៀង​អន្តរជាតិ​មួយ​ចំនួន​ ប៉ុន្តែ​បាន​រិះគន់​អំពី​ផល​ប្រយោជន៍​ទូទៅ​នៅ​ក្នុង​ការ​ការពារ​កិច្ច​ព្រមព្រៀង ​New-START ​ដែល​តម្រូវ​ឲ្យ​អាមេរិក​ និង​ប្រទេស​រុស្ស៊ី កាត់​បន្ថយ​​​​ក្បាល​គ្រាប់​បំពាក់​នុយក្លេអ៊ែរ​​របស់​ពួក​គេ​។​

ប៉ុន្តែ​រដ្ឋការ​របស់​លោក ​ដូណាល់ ត្រាំ​ បាន​ថ្លែង​ថា ​​​អ្នក​កាន់​តំណែង​មុន​​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង ​New ​START​ ជា​​​កេរ​ដំណែល​​សម័យ​សង្គ្រាម​ត្រជាក់​ ដែល​ត្រូវ​បាន​ធ្វើ​ការ​ចរចា​​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អតីត​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ គួរ​តែ​បញ្ចូល​ប្រទេស​ចិន​ ដែល​​ចំនួន​អាវុធ​នុយក្លេអ៊ែរ ​កាន់​តែ​កើន​​ឡើង​ ប៉ុន្តែ​នៅ​តិច​ជាង​​​អាវុធ​នុយក្លេអ៊ែរ​​របស់​​រុស្ស៊ី ​និង​អាមេរិក​។​

ដោយ​បាន​ថ្លែង​សុន្ទរក​ថា ​ទៅ​កាន់​​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ការ​បរទេស​តាមរយៈ​វីដេអូ​ខុនហ្វើរិន​ លោក ​ស៊ើហ្គេយ៍ រី​យ៉ាប​កូវ​ បាន​ពិពណ៌នា​អំពី​ឆន្ទៈ​​របស់​អាមេរិក​ ដើម្បី​ចាប់​ផ្តើម​ចរចា​នោះ​ថា​ជា «​​ដំណឹង​ល្អ​» ​ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​៖ «​លទ្ធផល​ គឺ​ស្ថិត​ទៅ​លើ​ភាគី​អាមេរិក​ជា​អ្នក​សម្រេច​​​»​។​

«​យើង​ត្រូវ​ការ​ឮ​សំឡេង​ខ្លាំង​ៗ​ និង​ច្បាស់​លាស់​ ថា​តើ​រដ្ឋ​ការ​នេះ ​ចង់​បាន​អ្វី​ ថា​តើ​ខ្លួន​បាន​ជឿ​ជាក់​លើ​ការ​ចរចា​ទៅ​តាម​លទ្ធភាព​ ដើម្បី​ធ្វើ​អ្វី​មួយ​វិជ្ជមាន​ដោយ​របៀប​ណា ​ហើយ​មិន​មែន​គ្រាន់​តែ​ ដើម្បី​រំលាយ​ចោល​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​មួយ​ ឬ​ការ​សម្រប​សម្រួល ​ក្រោយ​ពី​មាន​សន្ធិសញ្ញា​មួយ​ផ្សេង​ទៀត​នោះ​​»​។​

នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស ​លោកស្រី​ ហ៊ួ ឈុនយីង​ បាន​ថ្លែង​ថា ​ប្រទេស​ចិន​ ​«មិន​ចាប់​អារម្មណ៍​អំពី​ការ​ចូល​រួម​» ​នៅ​ក្នុង​កិច្ច​ចរចា​នេះ​ទេ​ ហើយ​បាន​ចោទ​ប្រកាន់​អាមេរិក​ពី​បទ​ព្យាយាម​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត​»​។​

លោក ​ប៊ិល​លីង​ស្លៀ​ បាន​សរសេរ​នៅ​លើ​គេហ​ទំព័រ​ធ្វីធើរ​ថា លោក​បាន​ជំរុញ​ឲ្យ​ចិន​​ពិចារណា​ឡើង​វិញ​។​

«ការ​​ទទួល​បាន​ឋានៈ​មហា​អំណាច​ដ៏​អស្ចារ្យ​នោះ​តម្រូវ​ឲ្យ​មាន​អាកប្បកិរិយា​​ទទួល​ខុស​ត្រូវ​ក្នុង​​លក្ខណៈ​​​ជា​មហា​​អំណាច​​។ ​គ្មាន​មហា​កំពែង​សម្ងាត់​ច្រើន​បន្ថែម​ទៀត ​ជុំវិញ​ការ​​​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ទេ​។​ អាសនៈ​​មួយ​កំពុង​រង​ប្រទេស​ចិន ​​​​នៅ​ក្នុង​ក្រុង​​វីយែន​»។

លោក ​រី​យ៉ាប​កូវ​ បាន​បង្ហាញ​ថា​ ​ប្រទេស​រុស្ស៊ី​ មិន​បាន​ប្រឆាំង​​​អាមេរិក​ក្នុង​កា​រអញ្ជើញ​​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​អន្តរជាតិ​មួយ​របស់​ក្រុង​ម៉ូស្គូ​ឲ្យ​ចូលរួម​​ការ​ចរចា​ទេ ទោះបី​ជា​មាន​ទំនាក់​ទំនង​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​ក្តី​ ប៉ុន្តែ​​សង្ស័យ​ថា ​ក្រុង​ប៉េកាំង​នឹង​យល់ព្រម​ចំពោះ​បញ្ហា​នេះ​ដែរ​ឬ​ទេ​?​

លោក​បាន​ថ្លែង​ថា៖ «​វា​​មិន​​ទាន់​ប្រាកដ​​ថា តើ​​ប្រទេស​​​ចិន​ នឹង​ចូលរួម​​​ចរចា ​ឬ​ក៏​អត់​នោះ​ទេ​​?»​៕ AFP/SK