ក្រុង​វ៉ាស៊ីនតោន៖ ​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​ បាន​អំពាវនាវ​ឲ្យ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ អ៊ីនស្តាក្រាម​ និង​ធ្វីធើរ​ ផ្អាក​ដំណើរ​ការ​គណនី​ហ្វេសប៊ុក​របស់​ក្រុម​មេ​ដឹកនាំ​រដ្ឋាភិបាល​អ៊ីរ៉ង់ រហូត​ដល់​ក្រុង​តេអេ​រ៉ង់​រៀបចំ​​​​បណ្តាញ​អ៊ីនធឺណិត​​នៅ​ទូទាំង​ប្រទេស​ហែកហួរ​ដោយ​កុបកម្ម​​នេះ​ឡើង​វិញ​​។​

រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​បិទ​អ៊ីនធឺណិត​ស្ទើរ​តែ​ទាំង​ស្រុង​ជាង ១ សប្តាហ៍​​ហើយ​ នៅ​ចំពេល​ដែល​មាន​ការ​តវ៉ា​ហិង្សា​នៅ​ទីក្រុង​តេអេរ៉ង់​។​

លោក ប្រ៊េន ហ៊ុក​ ជា​​ប្រេសិត​ពិសេស​អាមេរិក​ប្រចាំ​នៅ​ប្រទេស ​អ៊ីរ៉ង់​ បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​ប៊្លូមប៊ឺក​ ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​ធ្វីធើរ​ក្រសួង​ការ​បរទេស​ផ្លូវ​ការ​ថា​៖ «ការ​បិទ​មិន​ឲ្យ​ប្រើប្រាស់​អ៊ីនធឺណិត​នោះ​ វា​គឺ​ជា​របប​មិន​ស្មោះ​ត្រង់​មួយ​»​។​

«អ៊ីរ៉ង់​​​បាន​បិទ​អ៊ីនធឺណិត​នោះ​ ខណៈ​រដ្ឋាភិបាល​របស់​ខ្លួន​ នៅ​បន្ត​ការ​​ប្រើប្រាស់​បណ្តាញ​សង្គម​​»​។​

«​ដូច្នេះ​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​យើង​កំពុង​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ ដូច​ជា​ ហ្វេសប៊ុក​ អ៊ីនស្តាក្រាម ​និង​ធ្វីធើរ​ត្រូវ​​បិទ​គណនី​ហ្វេសប៊ុក​របស់​មេ​ដឹកនាំ​កំពូល ​គឺ​លោក​ កាមីនី​ រដ្ឋមន្ត្រី​ការ​បរទេស​លោក​​ ហ្សារីហ្វ ​និង​ប្រធានាធិបតី​លោក ​ហាស្សាន​ រូ​ហា​នី​ រហូត​ដល់​ពួក​គេ​បាន​បើក​អ៊ីនធឺណិត​ឲ្យ​ប្រជាជន​របស់​ពួក​គេ​ប្រើប្រាស់​ឡើង​វិញ​»​។​

បាតុកម្ម​បាន​​ផ្ទុះ​ឡើង​នៅ​អ៊ីរ៉ង់​កាល​ពី​​ថ្ងៃទី ​១៥ ​ខែ​វិច្ឆិកា ​រយៈពេល ២​​-៣ ម៉ោង ក្រោយ​ពី​ការ​ប្រកាស​សេក្តី​​សម្រេច​​ចិត្ត​​ដំឡើង​​​ថ្លៃ​ប្រេង​​រហូត​ដល់ ​២០០ ​ភាគរយ៕ AFP/SK