ក្រុង​រីយ៉ាដ៖ ​មន្ត្រី​អាមេរិក ​និង​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​អំពាវនាវ​ឲ្យ​បន្ត​ហាម​ប្រាម​មិន​ឲ្យ​ទិញ​-លក់​អាវុធ​របស់​អង្គការ​សហប្រជាជាតិ​ ទៅ​លើ​ប្រទេស​អ៊ិរ៉ង់​ ដោយ​បាន​ព្រមាន​អំពី​ភាព​ស្មុគស្មាញ​​ជាច្រើន​ចំពោះ​សន្តិសុខ​​ក្នុង​តំបន់​ ដោយ​បាន​ចោទ​ប្រកាន់​ក្រុង​តេអេរ៉ង់​ ពី​បទ​ផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​នៅ​យេម៉ែន​។​

ការ​ហាម​ប្រាម​​ទិញ​លក់​អាវុធ​នោះ​ដែល​ត្រូវ​បាន​ដាក់​ចូល​ជា​ធរមាន​ជា​​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​មួយ​ ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុង​តេអេរ៉ង់​កាល​ពី​ឆ្នាំ ២០១៥​ នឹង​អស់​សុពលភាព​នៅ​ខែ​តុលា​ខាង​មុខ​នេះ​ ប៉ុន្តែ​ក្រុង​វ៉ាស៊ីនតោន ​កំពុង​ធ្វើ​ការងារ ដើម្បី​បន្ត​ហាម​ប្រាម​ ខណៈ​ភាព​តានតឹង​ជាមួយ​គូ​សត្រូវ​បដិបក្ខ​របស់​ខ្លួន​នៅ​តែ​ឡើង​កម្តៅ​។​

តំណាង​ប្រេសិត​ពិសេស​អាមេរិក​ទទួល​បន្ទុក​នៅ​អ៊ីរ៉ង់ ​គឺ​លោក ​ប្រៀន​ ហ៊ុក​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​រីយ៉ាដ​ថា ​ការ​ដក​បម្រាម​នឹង ​«លើក​ទឹក​ចិត្ត​» ​អ៊ីរ៉ង់​ ហើយ​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​សព្វាវុធ​ក្នុង​តំបន់​។​

លោក ​ហ៊ុក ​បាន​ថ្លែង​នៅ​​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ ជាមួយ​លោក ​អាឌែល​ អាល់-​ជូប៊ីរ​ ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អារ៉ាប៊ី​ សាអ៊ូឌីត ​ថា​៖ «បញ្ហា​នេះ​ មិន​មែន​ជា​លទ្ធផល​ ដែល​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​អាច​ទទួល​យក​បាន​នោះ​ទេ​»​។​

នៅ​កន្លែង​សន្និសីទ​សារព័ត៌​មាន​នោះ​​ មន្ត្រី​អារ៉ាប៊ី​ សាអ៊ូឌីត​ បាន​បង្ហាញ​អំពី​បំណែក​មីស៊ីល ​និង​យន្តហោះ​ដ្រូន​ ដែល​បាន​បាញ់​ទម្លាក់​​ ហើយ​ពួក​គេ​បាន​ថ្លែង​ថា​ សម្ភារ​ទាំង​អស់​នោះ​បាន​ផ្តល់​ដោយ​​អ៊ីរ៉ង់​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​ហ៊ូធី​៕ AFP/SK