កាល​ពី​ថ្ងៃ​អង្គារ ទី ៩ មីនា រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​សង្ឃឹម​ថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់ នឹង​មាន​ភាព​ប្រសើរ​ឡើង​ក្រោម​រដ្ឋបាល​លោក ​Joe Biden។ អាល្លឺម៉ង់​សង្ឃឹម​ថា ខ្លួន​នឹង​អាច​ចូលរួម​សហការ​ជាមួយ​អាមេរិក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ចិន ​និង​រុស្ស៊ី ​ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​បំពាន​ផ្សេង។

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោក Heiko Maas បាន​និយាយ​ថា សម្ព័ន្ធភាព​ឆ្លង​អាត្លង់ទិក គួរ​តែ​ធ្វើ​សកម្មភាព​រួមគ្នា ​ដើម្បី​ការពារ​ផលប្រយោជន៍​រួម និង​គុណ​តម្លៃ។ លោក​ក៏​បាន​លើក​ឡើង​អំពី​កង្វះ​នៃ​សកម្មភាព​សម្របសម្រួល​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ផង​ដែរ។

ថ្មីៗ​នេះ ប្រទេស​អាល្លឺម៉ង់ ​បាន​ពង្រីក​បេសកកម្ម​យោធា​របស់​ខ្លួន​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន និង​គ្រោង​នឹង​បញ្ជូន​នាវា​ចម្បាំង​ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​អាមេរិក​បាន​លើក​ឡើង​ពី​ការ​គំរាម​កំហែង​សេរីភាព​នាវាចរណ៍​ពី​ប្រទេស​ចិន៕