នៅ​ថ្ងៃ​ចន្ទ ទី ៨ កុម្ភៈ ប្រទេស​អាល្លឺម៉ង់ ប៉ូឡូញ និង​ស៊ុយអែត​ បាន​បណ្ដេញ​អ្នក​ការទូត​រុស្ស៊ី​ចេញ​ពី​ប្រទេស​រៀងៗ​ខ្លួន​ក្នុង​ការ​តបត​នឹង​ការ​បណ្ដេញ​ចេញ​មន្ត្រី​ការទូត​សហភាព​អឺរ៉ុប (EU) ៣ រូប ដោយ​ក្រុង​ម៉ូស្គូ ​កាល​ពី​សប្ដាហ៍​មុន ខណៈ​រដ្ឋមន្ត្រី​ការបរទេស EU កំពុង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​នោះ។

រុស្ស៊ី​បាន​ចោទ​ប្រកាន់​មន្ត្រី​ការទូត​សហភាព​អឺរ៉ុប​ទាំង ៣ រូប ​មក​ពី​អាល្លឺម៉ង់ ប៉ូឡូញ និង​ស៊ុយអែត​ថា បាន​ចូលរួម​បាតុកម្ម​ទាមទារ​ការ​ដោះលែង​មេ​ដឹកនាំ​ចលនា​ប្រឆាំង​លោក Alexei Navalny តែ​ប្រទេស​ខាង​លើ​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប​លោក Joseph Borrell បាន​និយាយថា លោក​បាន​ដឹង​អំពី​ការ​បណ្ដេញ​ចេញ​តាមរយៈ​បណ្ដាញ​សង្គម​នៅពេល​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov នៅ​ទីក្រុង​ម៉ូស្គូ ​កាលពី​ថ្ងៃ​សុក្រ។ តែ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មន្ត្រី​ការទូត​សហភាព​អឺរ៉ុប​ទាំង ៣ រូប​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​លោក Borrell បាន​មក​ដល់​រុស្ស៊ី។

លោក Borrell និង Lavrov បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដែល​ក្នុង​នោះ​ភាគី​រុស្ស៊ី​បាន​និយាយ​ថា សហភាព​អឺរ៉ុប​គឺ​ជា «ដៃគូ​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន»។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ទាក់ទង​នឹង​ការ​បណ្ដេញ​ចេញ​មន្ត្រី​ការ​ទូត​រុស្ស៊ី ក្រសួង​ការបរទេស​អាល្លឺម៉ង់​បាន​និយាយ​ថា មន្ត្រី​ការទូត​អាល្លឺម៉ង់ ដែល​ត្រូវ​បាន​រុស្ស៊ី​បណ្ដេញ​ចេញ​នោះ ​គឺ​គ្រាន់តែ «បំពេញ​ភារកិច្ច​របស់​គាត់​ក្នុង​ការ​រាយការណ៍​អំពី​ការ​វិវត្ត​នៅ​នឹង​កន្លែង​តាម​របៀប​ស្រប​ច្បាប់»។ ស៊ុយអែត​បាន​ប្រកាន់​ជំហរ​ដូច​អាល្លឺម៉ង់​ហើយ​និយាយ​ថា សកម្មភាព​របស់​រុស្ស៊ី​គឺ «មិន​អាច​ទទួល​យក​បាន»។

ក្រសួង​ការបរទេស​ប៉ូឡូញ បាន​និយាយ​ថា ខ្លួន​បាន​បញ្ជា​ឱ្យ​សមាជិក​នៃ​ស្ថាន​កុងស៊ុល​រុស្ស៊ី​នៅ​ទីក្រុង Poznan ចាកចេញ «ស្រប​តាម​គោលការណ៍​បដិភាគ និង​ក្នុងការ​សម្របសម្រួល​ជាមួយ​អាល្លឺម៉ង់ និង​ស៊ុយអែត»។

ជាការ​ឆ្លើយ​តប អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharovaបាន​និយាយ​តាមរយៈ​ការ​ផ្សាយ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ថា​ ការ​បណ្ដេញ​មន្ត្រី​ការទូត​រុស្ស៊ី​គឺ «មិន​សម​ហេតុផល និង​ជាការ​បន្ត​សកម្មភាព​ដដែលៗ ដែល​លោក​ខាង​លិច​កំពុង​ធ្វើ​ប្រឆាំង​នឹង​ប្រទេស​របស់​យើង ដែល​យើង​ចាត់​ទុក​ជា​សកម្មភាព​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​យើង»។

ក្នុង​សារ​បង្ហោះ​ទៅ​កាន់​បណ្ដាញ​សង្គម​លោក Borrell បាន​និយាយ​ថា ការ​សំណូមពរ​របស់​លោក​ទៅ​កាន់​ប្រទេស​រុស្ស៊ី ​ដើម្បី​បញ្ឈប់​ការ​បណ្ដេញ​ចេញ​នេះ ត្រូវ​បាន​គេ​មិន​ធ្វើ​តាម។

សមាជិក​សភា​សហភាព​អឺរ៉ុប​លោក RihoTerras បាន​ចាប់​ផ្ដើម​យុទ្ធនា​ការ​ដក​លោក Borrell ចេញ​ពី​តំណែង តែ​មន្ត្រី​នៃ​គណៈកម្មការ​សហភាព​អឺរ៉ុប បាន​ការពារ​លោក Borrell ដោយ​និយាយ​ថា ពួក​គេ​មិន​មាន​ការ​សោកស្ដាយ​ចំពោះ​លោក Borrell ដែល​បានធ្វើ​ដំណើរ​លើក​ដំបូង​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ ​ក្នុង​នាម​ជា​អ្នក​សម្របសម្រួល​នៃ​គោលនយោបាយ​ការ​បរទេស​របស់​សហ​ភាព​អឺរ៉ុប ព្រោះ​ប្រទេស​រុស្ស៊ី បាន​ចាប់​ផ្ដើម​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​ប្រឈម​មុខ​គ្នា​រួច​ទៅ​ហើយ។

យ៉ាងណា​មិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក Borrel ទៅ​កាន់​ក្រុង​ម៉ូស្គូ គឺ​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​រុស្ស៊ី​ដោះលែង​លោក Navalny ដែល​កាល​ពី​ថ្ងៃទី ២ កុម្ភៈ​តុលាការ​រុស្ស៊ី​បាន​សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ​ក្រោម​ការ​ចោទ​ប្រកាន់​ថា លោក​បាន​រំលោភ​លក្ខខណ្ឌ​នៃ​ការ​ព្យួរទោស​ទាក់ទង​នឹង​រឿងក្ដី​បោកប្រាស់​កាល​ពី​ឆ្នាំ ២០១៤។ អាជ្ញាធរ​ពន្ធនាគារ​បាន​ចោទ​ប្រកាន់​ថា លោក​បាន​រំលោភ​លក្ខខណ្ឌ​នេះ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​អាល្លឺម៉ង់​ក្រោយ​ពី​ការ​បំពុល​សារធាតុ​គីមី ឈ្មោះ​ថា Novichok។

ដោយសារ​ព្រឹត្តិការណ៍​ទាក់ទង​នឹង​លោក Navalny ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ​ចំនួន​បាន​ទាមទារ​ឱ្យ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​រុស្ស៊ី ហើយ​ទាមទារ​ឱ្យ​មាន​ការ​បញ្ឈប់​ការ​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ NordStream 2 ដែល​នឹង​នាំចូល​ឧស្ម័ន​ធម្មជាតិ​ពី​រុស្ស៊ី ​មក​ទ្វីបអឺរ៉ុប​តាមរយៈ​ប្រទេស​អាល្លឺម៉ង់៕