ក្រុង​សេអ៊ូល៖ ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ អាវុធ​ធុន​ធ្ងន់​ជា​ច្រើន​ប្រភេទ​​​ទាំង​ផលិត នៅ​ក្នុង​ស្រុក ​និង​នាំ​ពី​បរទេស​​ នឹង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ​កូរ៉េ​ខាង​ត្បូង​ក្នុង​សប្តាហ៍​នេះ​ នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​​ការពារ​ជាតិ និង​​ដែន​អាកាស​អន្តរជាតិ​ដ៏​ធំ​មួយ​រៀង​រាល់ ​២ ​ឆ្នាំ​ម្តង​។​

យោង​តាម​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ការ​តាំង​ពិព័រណ៍​​ការពារ​ជាតិ ​និង​ដែន​អាកាស​អន្តរជាតិ​ក្រុង​សេអ៊ូល ​(ADEX) ឆ្នាំ​ ២០១៩​ គ្រោង​រៀបចំ​បើក​សម្ពាធ​នៅ​ថ្ងៃ​អង្គារ​នេះ​ ហើយ​ដំណើរការ​រហូត​ដល់​ថ្ងៃ​អាទិត្យ​នៅ​ព្រលាន​យន្តហោះ​សេអ៊ូល ​នៅ​ទីក្រុង ​Seongnam នៅ​ខាង​ត្បូង ​ក្រុង​សេអ៊ូល​។​

ព្រឹត្តិការណ៍​រៀងរាល់ ​២ ​ឆ្នាំ​ម្តង​ ដែល​មាន​គោល​បំណង​ ដើម្បី​លើក​ស្ទួយ​ផ្នែក​ការពារ​ជាតិ​ និង​ដែន​អាកាស​របស់​ប្រទេស​មួយ​នេះ​ និង​ធ្វើ​ឲ្យ​ការ​ផ្លាស់ប្តូរ​នៃ​បច្ចេកវិទ្យា​សកល​បាន​ល្អ​ប្រសើរ​ឡើង​ ហើយ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជា​លើក​ដំបូង​នៅ​​ឆ្នាំ ​១៩៩៦​ ថា ​ជា​ការ​តាំង​ពិព័រណ៍​បច្ចេកវិទ្យា​ដែន​អាកាស​នៅ​ក្រុង​សេអ៊ូល​ ហើយ​ត្រូវ​បាន​ពង្រីក ​ដើម្បី​រួម​បញ្ចូល​គ្នា​អំពី​ការ​តាំង​ពិព័រណ៍​សម្ភារ​យោធា​នៅ​មូលដ្ឋាន​ទ័ព​ថ្មើរ​ជើង​នៅ​ឆ្នាំ ​២០០៩​។​

យោង​តាម​ក្រសួង​នោះ​ បាន​ឲ្យ​ដឹង​ថា​ ការ​តាំង​ពិព័រណ៍​ឆ្នាំ​នេះ​ជា​លើក​ទី ១២ ​នៃ​ការ​បង្ហាញ​បច្ចេកវិទ្យា​របស់​ខ្លួន​ នឹង​ដាក់​បញ្ចូល​ក្រុមហ៊ុន​ការពារ​ប្រហែល ​៤៣០ ​រួម​គ្នា​មក​ពី ​៣៤ ​ប្រទេស​ ហើយ​ជា​ព្រឹត្តិការណ៍​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​នៅ​ក្នុង​ប្រទេស​នេះ​។ ​ក្រុមហ៊ុន​​ទាំង​អស់​នោះ​នឹង​បង្កើត​តូប​តាំង​ពិព័រណ៍​សរុប​ចំនួន ​១ ៧៣០ ​កន្លែង​ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួក​គេ​។​

នៅ​កន្លែង​តាំង​បង្ហាញ​ មាន​ប្រភេទ​យន្តហោះ​ចម្បាំង​ខុសៗ​គ្នា​ជា​ច្រើន​ ដូច​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​ និង​ប្រព័ន្ធ​អាវុធ​ជា​ច្រើន​ទៀត​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​ឲ្យ​ទស្សនា​។​

កូរ៉េ​ខាង​ត្បូង​នឹង​ដាក់​បង្ហាញ​សម្ភារ​យុទ្ធសាស្ត្រ​ជាច្រើន​ទៀត​ ដូច​ជា​យន្តហោះ​ F-35​As ​ជា​ដើម​៕ Yonhap