ក្រុងទ្រីប៉ូលីៈ ទោះបីជាមានបម្រាមពីអង្គការសហប្រជាជាតិក្តី ក៏អាវុធនៅតែហូរចូលទៅក្នុងប្រទេស លីប៊ី ជាទីដែលការវាយប្រហារទៅលើក្រុង ទ្រីប៉ូលី ដោយបុរសខ្លាំង លោក Khalifa Haftar បានគំរាមកំហែងកា្លយជាសង្គ្រាមរវាងបណ្តាប្រទេសមហាអំណាចក្នុងតំបន់។
លោក Khalifa Haf ដែលកងកម្លាំងជាតិលីប៊ី (LNA) របស់លោក បានចងសម្ព័ន្ធមិត្តជាមួយរដ្ឋការមួយនៅលីប៊ីភាគខាងកើត ត្រូវបានគាំទ្រជាពិសេសដោយប្រទេស អេហ្ស៊ីប និងអារ៉ាប់រួម (UAE)។
យ៉ាងណាមិញ ប្រទេស តួកគី និងកាតា បានឈរនៅពីក្រោយរដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) មានមូលដ្ឋាននៅក្រុងទ្រីប៉ូលី ដែលមានការគាំទ្រពីសហគមន៍អន្តរជាតិ។
លោក Khalifa Haf កាលពីថ្ងៃទី ៤ ខែ មេសា បានបើកការវាយប្រហារទៅលើក្រុងទ្រីប៉ូលី ដែលបានផ្អាកដំណើរការរុលចូលទៅមុខនៅជាយក្រុងទ្រីប៉ូលីភាគខាងត្បូង ដោយសារមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងជាមួយកងកម្លាំង GNA ដែលត្រូវបានគាំទ្រដោយកងជីវពលមកពីលីប៊ីភាគខាងលិច។
ភាគីទាំង ២ បានអំពាវនាវឲ្យមានការបន្ថែមកម្លាំងជាច្រើន ខណៈសព្វាវុធថ្មីៗ បានមកដល់ ទោះបីជាមានបម្រាម របស់អង្គការសហប្រជាជាតិ មិនឲ្យនាំអាវុធចូល នៅតែជាធរមាន ចាប់តាំងពីមានការបះបោរកាលពីឆ្នាំ ២០១១ ដែលបានទម្លាក់មេដឹកនាំ ដែលគ្រប់គ្រងអំណាចយ៉ាងយូររបស់ប្រទេស លីប៊ី គឺ លោក មួម៉ា កាដាហ្វី។
កងកម្លាំង GNA បានអះអាងកាលពីថ្ងៃសៅរ៍អំពី «អាវក្រោះ អាវុធយុទ្ធភណ្ឌ និងសព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់ទៀត» សម្រាប់ក្រុមយុទ្ធជនសកម្មប្រយុទ្ធរបស់ខ្លួនត្រូវបានគេនាំចូលមក។
អាវុធទាំងអស់នោះ មិនត្រូវបានគេដឹងថា មានប្រភពមកពីណាច្បាស់នោះទេ ប៉ុន្តែបានថតយកមកបង្ហោះលើហ្វេសប៊ុករបស់ខ្លួន ដែលមានរថយន្ត បាឡាំងដាស BMC Kirpi របស់តួកគីរាប់សិបគ្រឿង នៅឯកំពង់ផែក្រុងទ្រីប៉ូលី។
យោងតាមវេបសាយនាវាចរណ៍បានឲ្យដឹងថា នាវាមានដាក់ទង់ជាតិរបស់ប្រទេស ម៉ុលដាវី ដែលដឹកជញ្ជូនទៅឲ្យក្រុមហ៊ុនតួកគីមួយ ហើយបានបើកចេញពីកំពង់ផែមួយនៅក្នុងប្រទេស តួកគី។
លោក Arnaud Delalande ជាទីប្រឹក្សាការពារជាតិលីប៊ី បានបកស្រាយអំពីការដឹកជញ្ជូនអាវុធទាំងនោះថា ជាការបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះកងកម្លាំងរបស់ GNA៕ AFP/SK