បណ្តា​ប្រទេស​អាស៊ី​ជាច្រើន​កំពុង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង AstraZeneca ខណៈ​ខាង​ប៉ែក​អឺរ៉ុប​ហាក់​នៅ​មិន​ទាន់​មាន​ទំនុក​ចិត្ត​លើ​សុវត្ថិភាព​របស់​វ៉ាក់សាំង​នេះ​នៅ​ឡើយ ក្រោយ​មាន​សេចក្តី​រាយការណ៍​ថា មាន​ករណី​កកឈាម​នៅ​ក្នុង​សរសៃ ​ក្រោយ​ចាក់​វ៉ាក់សាំង​រួច​កាល​ពី​ដើម​ខែ​នេះ។

ក្រោយ​ពី​ផ្អាក​ការ​ចែកចាយ​វ៉ាក់សាំង​នេះ​មួយ​រយៈពេល​ខ្លី​មក បណ្តា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​បាន​បន្ត​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ឡើងវិញ ក្រោយ​អ្នក​ជំនាញ​បញ្ជាក់​ថា វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់ ប៉ុន្តែ​មេ​ដឹកនាំ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​នៅ​មាន​ភាព​មន្ទិល និង​មិន​ទាន់​ទុកចិត្ត​ប្រើប្រាស់​វ៉ាក់សាំង​នេះ​វិញ​នៅ​ឡើយ៕