The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាហ្វ្រិកខាងត្បូង​រក​ផែន​ការចាក់​វ៉ាក់សាំង​ថ្មី ​ក្រោយ​បង្អាក់​វ៉ាក់សាំង AstraZeneca បណ្តោះអាសន្ន​ដោយសារ​ប្រសិទ្ធភាព​នៅ​មាន​កម្រិត

អាហ្វ្រិកខាងត្បូង​រក​ផែន​ការចាក់​វ៉ាក់សាំង​ថ្មី ​ក្រោយ​បង្អាក់​វ៉ាក់សាំង AstraZeneca បណ្តោះអាសន្ន​ដោយសារ​ប្រសិទ្ធភាព​នៅ​មាន​កម្រិត

Content image - Phnom Penh Post
គ្រូ​ពេ​ទ្យ​ម្នាក​់កំពុង​បូម​យក​វ៉ាក់សាំង​​ AstraZeneca ដើម្បី​ច​ា​ក​់ឱ្យប្រជាជន​នៅ​ក្នុង​សហគមន៍ Nossa Senhora Livramento​ កាលពីថ្ងៃទី​ ៩ កុម្ភៈ។ AFP

អាហ្វ្រិកខាងត្បូង​រក​ផែន​ការចាក់​វ៉ាក់សាំង​ថ្មី ​ក្រោយ​បង្អាក់​វ៉ាក់សាំង AstraZeneca បណ្តោះអាសន្ន​ដោយសារ​ប្រសិទ្ធភាព​នៅ​មាន​កម្រិត

អាហ្វ្រិកខាងត្បូង​កំពុង​ស្វែងរក​ផែនការ​ចាក់​វ៉ាក់សាំង​ថ្មី ​ដើម្បី​ប្រឆាំងនឹង​ទម្រង់​នៃ​វីរុស ដែល​បំប្លែង​ខ្លួន​ពី​វីរុស​កូវីដ ១៩ ក្រោយ​បង្អាក់​ការ​ចាក់​វ៉ាក់សាំង ​AstraZeneca ជា​បណ្ដោះអាសន្ន ដោយសារ​ទិន្នន័យ​បឋម​ដែល​ទទួល​បាន​បង្ហាញ​ថា វ៉ាក់សាំង​នេះ អាច​មាន​ប្រសិទ្ធភាព​តិចតួច​បំផុត។

កាល​ពី​ថ្ងៃ​ចន្ទ​កន្ល​ងទៅ​អាហ្វ្រិកខាងត្បូង កំពុង​ដំណើរ​ការ​សិក្សា និង​ពិសោធ​លទ្ធភាព​របស់​វ៉ាក់សាំង ​AstraZeneca នេះ។ អ្នក​សិក្សា​ស្រាវជ្រាវ​បាន​លាយ​វ៉ាក់សាំង AstraZeneca ជាមួយ​វ៉ាក់សាំង​មួយ​ផ្សេង​ទៀត​ឬ​ជាមួយ​នឹង​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន ​Johnson & Johnson ដែល​វ៉ាក់សាំង​នេះ ត្រូវ​គេ​មិន​ទាន់​អនុញ្ញាត​ឱ្យ​ប្រើ​នៅ​កន្លែង​ផ្សេង​នៅ​ឡើយ​នោះបាន​ប្រើ​លើ​ការ​ចាក់​ដល់​បុគ្គលិក​សុខាភិបាល​ប្រមាណ ១០០ ០០០ នាក់​សិន ខណៈ​ពេល​អ្នក​សិក្សា​នៅ​កំពុង​តាមដាន​ប្រសិទ្ធភាព​របស់​វា ដើម្បី​ប្រឆាំង​នឹង​វីរុស បំប្លែង (501Y.V2 ឬ B1.351.) នៅ​ឡើយ។

ការ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ភ្លាមៗ បង្ហាញ​ឱ្យ​ឃើញ​លទ្ធផល​បឋម​នៅ​ក្នុង​ការ​សិក្សា​តូច​មួយ​ដែល​បង្ហាញ​ថា វ៉ាក់សាំង ​AstraZeneca មាន​ប្រសិទ្ធភាព​តិចតួច​បំផុត​ប្រឆាំង នឹង​ករណី​ស្រាល និង​មធ្យម​នៃ​ជំងឺ​ដែល​បណ្តាល​មក​ពី​វីរុស​បំប្លែង​នេះ។

យ៉ាងណា​មិញ ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មាន​សង្ឃឹម​នៅ​ឡើយ​ថា វ៉ាក់សាំង ​Johnson & Johnson អាច​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ប្រសើរ​ជាង​មុន។ លទ្ធផល​ដំបូង​ពី​ការ​ធ្វើ​តេស្ត​វ៉ាក់សាំង​អន្ដរជាតិ​បាន​បង្ហាញ​ថា វ៉ាក់សាំង ​Johnson & Johnson មាន​ប្រសិទ្ធភាព ៥៧% នៅ​អាហ្វ្រិកខាងត្បូង​ក្នុង​ការ​ការពារ​វីរុស​កូវីដ ១៩ កុំ​ឱ្យ​មាន​ការ​វិវឌ្ឍ​ទៅ​ដល់​កម្រិត​ធ្ងន់ធ្ងរ។

ទោះជា​យ៉ាងណា​ក្ដី កម្រិត​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ នៅ​មាន​កម្រិត​ទាប​ជាង​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅ​ឡើយ ខណៈ​ប្រសិទ្ធភាព​វ៉ាក់សាំង​នេះ​នៅ​អាមេរិក​មាន​កម្រិត ៧២% និង​រឹត​តែ​មាន​ប្រសិទ្ធភាព​ជាង​នេះ​ទៀត ពោល​គឺ​នៅ​តាម​បណ្ដា​ប្រទេស​ជា​អន្តរជាតិ​ដែល​មាន​កម្រិត​ទៅ​ដល់ ៨៥% ក្នុង​ការ​ការពារ​រោគសញ្ញា​ធ្ងន់ធ្ងរ​បំផុត។

អ្នកស្រី​បណ្ឌិត Glenda Gray ប្រធាន​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ខាង​វេជ្ជសាស្ត្រ​នៅ​អាហ្វ្រិកខាងត្បូង​ដែល​ដឹកនាំ​ក្រុម​សិក្សា​វ៉ាក់សាំង​នៅ​ផ្នែក​អាហ្វ្រិកខាងត្បូង​បាន​ឱ្យ​ដឹង​ថា៖ «យើង​មិន​អាច​រង់ចាំ​បាន​ទេ។ ទិន្នន័យ​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ក្នុង​ស្រុក​យើង​វា​ល្អ​គួរ​សម​ហើយ»។

អ្នកស្រី​បាន​សង្កត់​ធ្ងន់​ថា ការ​សាកល្បង​វ៉ាក់សាំង ​Johnson & Johnson បង្ហាញ​ថា មាន​សុវត្ថិភាព​ហើយ​ដូច​នឹង​វ៉ាក់សាំង ​AstraZeneca ដែរ វា​ងាយ​ស្រួល​ប្រើ​ជាង​វ៉ាក់សាំង Pfizer និង Moderna ដែល​ត្រូវ​ការ​សីតុណ្ហភាព​ត្រជាក់​ខ្លាំង។

ទោះបី​ជា​យ៉ាងណា​ក្ដី​អាហ្វ្រិកខាងត្បូង​ហាក់​ដូចជា​កំពុង​ស្តាប់​តាម​វិធីសាស្ត្រ​របស់​អ្នកស្រី។ អ្នកស្រី​បាន​និយាយ​ថា ប្រទេស​នេះ​កំពុង​រៀបចំ​ផែនការ​បន្ទាន់ ដើម្បី «ដាក់​ចេញ​ផែនការ និង​វាយតម្លៃ​លទ្ធភាព​របស់​វា​ឱ្យ​បាន​ឆាប់​រហ័ស»។

អ្នកស្រី MugeCevik អ្នក​ឯកទេស​ខាង​ជំងឺ​ឆ្លង​នៅ​សាកល​វិទ្យាល័យ St. Andrews ក្នុង​ប្រទេស​ស្កុតឡែន ​បាន​មាន​ប្រសាសន៍​ថា៖ «គោលបំណង​ធំ និង​សំខាន់​បំផុត​នៃ​វ៉ាក់សាំង ​គឺ​ដើម្បី​ការពារ​កុំ​ឱ្យ​មាន​មនុស្ស​ឆ្លង​ចូល​ពេទ្យ និង​ចំនួន​មនុស្ស​ស្លាប់​ច្រើន។ លទ្ធផល​ទាំង​នេះ (របស់​អាហ្វ្រិកខាងត្បូង) ក៏​ដូច​តែ​គោលបំណង​របស់​វ៉ាក់សាំង​ទូទៅ​ដូចគ្នា។ ប៉ុន្តែ​ប្រសិន​បើ​វា មិន​មាន​សមត្ថភាព​ការពារ​កុំ​ឱ្យ​មាន​ជំងឺ​ឆ្លង​បាន​មែន​នោះ ​យើង​ចាំបាច់​ត្រូវ​សម្រប​នឹង​យុទ្ធសាស្ត្រ​យើង​ដើម​វិញ​ពោល​គឺ​ផ្តោត​លើ​ការ​ការពារ​កុំ​ឱ្យ​មនុស្ស​ឆ្លង និង​ចូល​មន្ទីរពេទ្យ ក៏​ដូចជា ចំនួន​ការ​ស្លាប់​ច្រើន​តាមរយៈ​ការ​ចាក់​វ៉ាក់សាំង​ការពារ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត និង​កាត់បន្ថយ​ការ​ឆ្លង​សហគមន៍​ជាដើម»។

ឥឡូវ​នេះ​ពិភព​លោក​ទាំងមូល​កំពុង​រង់ចាំ​មើល​យុទ្ធសាស្ត្រ​របស់​អាហ្វ្រិកខាងត្បូង ​ពី​ព្រោះ​វីរុស​បំប្លែង​នេះ ត្រូវ​បាន​គេ​រក​ឃើញ ហើយ​ឥឡូវនេះ ក៏​កំពុង​តែ​ពង្រីក​ខ្លួន​ក្នុង​ប្រទេស​នេះ ក៏​ដូចជា​រីក​រាលដាល​ទៅ​ប្រទេស​ជាង ៣០ ឯទៀត​ដែរ។ ក្រុម​មន្ត្រី​និយាយ​ថា វីរុស​បំប្លែង​នេះ កំពុង​រាលដាល​កាន់​តែ​ខ្លាំង ហើយ​ភ័ស្តុតាង​កំពុង​បង្ហាញ​ឱ្យ​ឃើញ​ថា វីរុស​បំប្លែង​នេះ​កាន់​តែ​សាហាវ។ ដោយឡែក ការ​សិក្សា​ថ្មីៗ ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា វីរុស​នេះ​នឹង​អាច​ឆ្លងទៅ​មនុស្ស​ដែល ធ្លាប់​ឆ្លង​វីរុស​ទម្រង់​ដើម​ផង​ដែរ។

គួរបញ្ជាក់​ផង​ដែរ​ថា វេជ្ជបណ្ឌិត Shabir Madhi ដែល​ជា​អ្នក​សិក្សា​ផ្នែក​វ៉ាក់សាំង​ជាន់​ខ្ពស់ ដែល​ដឹកនាំ​ការ​សាកល្បង​វ៉ាក់សាំង​ដើម​របស់​អាហ្វ្រិកខាងត្បូង ​ដែល​កំពុង​តែ​បន្ត​ការ​សិក្សា​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង​ជា​បន្តបន្ទាប់​បាន​ប្រកាស​បង្អាក់​ការ​ចាក់​វ៉ាក់សាំង AstraZeneca នៅ​អាហ្វ្រិកខាងត្បូង​ដោយ​អះអាង​ថា ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នៅ​មាន​កម្រិត​នៅ​ឡើយ​ក្នុង​ការ​ទប់ទល់​នឹង​ប្រភេទ​បំប្លែង B1.351 នេះ។

លោក Barry Schoub ប្រធាន​គណៈកម្មាធិការ​ពិគ្រោះយោបល់​អំពី​ការ​ចាក់​ថ្នាំ​បង្ការ​របស់​អាហ្វ្រិកខាងត្បូង ក៏​បាន​គាំទ្រ​ចំពោះ​ការ​ផ្អាក​នេះ​ដូចគ្នា​ដោយ​សង្ឃឹម​ថា ការ​សិក្សា​ថ្មី​ក្នុង​ការ​ចាក់​លាយ​ជាមួយ​វ៉ាក់សាំង ​Johnson & Johnson នឹង​មាន​ប្រសិទ្ធភាព​ជាង​មុន។

បន្ថែម​ពី​នេះ​លោក Salim Abdool Karim ប្រធាន​ក្រុម​ទទួល​បន្ទុក​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ឆ្លង​នៃ​ប្រទេស​នេះ​បាន​ពន្យល់​ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង​លាយ​នេះ​ថា៖ «អ្នក​ត្រូវ​ប្រើ​វ៉ាក់សាំង​ដែល​មាន​ស្រាប់ ​ដើម្បី​បង្កើត​ភាពស៊ាំ​ដល់​រាងកាយ​អ្នក​ប្រឆាំង​នឹង​ប្រភេទ​វីរុស​បំប្លែង ដែល​មាន​ស្រាប់​ក្នុង​ខ្លួន​ហើយ​វ៉ាក់សាំង​លើក​ទី២ (ដែល​ជា​វ៉ាក់សាំង​ប្រភេទ​ផ្សេង​ពី​ទី១) នឹង​ការពារ​ប្រឆាំង​នឹង​ប្រភេទ​បំប្លែង 501Y.V2 នេះ»។

លោក​បាន​បន្ថែម​ថា៖ «ហើយ​យើង​ក៏​នឹង​ចង់​ឃើញ​វ៉ាក់សាំង​ជំនាន់​ក្រោយ​ដែល​ជា​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ទូលំទូលាយ​ជាង​នេះ ពោល​គឺ​អាច​ការពារ​ទាំង​ប្រភេទ​ថ្មី ដែល​កំពុង​បំប្លែង​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​ផងដែរ»៕

អត្ថបទគួរចាប់អារម្មណ៍