រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ថ្ងៃ​អាទិត្យ ទី ៧ កុម្ភៈ បាន​និយាយ​ថា ខ្លួន​នឹង​ផ្អាក​ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ របស់​ក្រុមហ៊ុន​ឱសថ​អន្តរជាតិ Oxford-AstraZeneca បន្ទាប់​ពី​ការ​សាកល្បង​ដំបូង​បាន​បង្ហាញ​លទ្ធផល​ប្រសិទ្ធភាព​តិចតួច​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បំប្លែង​ថ្មី​រក​ឃើញ​ក្នុង​ប្រទេស​នេះ។

ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​បាន​ទទួល​វ៉ាក់សាំង​នេះ​ចំនួន ១ លាន​ដូស ដោយ​គ្រោង​នឹង​ចាប់​ផ្ដើម​ចាក់​ជូន​បុគ្គលិក​សុខាភិបាល​ជួរ​មុខ​ចាប់​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ។ ការ​សិក្សា​ដែល​ពាក់ព័ន្ធ​នឹង​មនុស្ស​ប្រមាណ ២ ០០០ នាក់ បាន​រក​ឃើញ​ថា វ៉ាក់សាំង​នេះ​ផ្តល់​ការ​ការពារ​តិចតួច​បំផុត​ពី​ការកើត​ករណី​ស្រាល និង​មធ្យម​នៃ​ជំងឺ​កូវីដ ១៩។ តែ​ការ​សិក្សា​នេះ​មិន​ទាន់​បាន​ពិនិត្យ​ឡើង​វិញ​ទេ។

អ្នក​វិទ្យាសាស្ត្រ​នឹង​សិក្សា​បន្ត​ថា តើ​វ៉ាក់សាំង AstraZeneca មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ករណី​ជំងឺ​ធ្ងន់ធ្ងរ និង​ករណី​ស្លាប់ ដោយសារ​វីរុស​បំប្លែង​ថ្មី​នេះ​ឬទេ៕